• 2021-05-09 14:56:41
  • ព័ត៌មាន

ជួយ​បន់​ស្រន់ នាយ ក្រិន កំពុង​សង្គ្រោះ​បន្ទាន់!

  • 2021-05-09 14:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទេស សុជន ហៅ​នាយ ក្រិន ដែល​ធ្លាប់​តែ​សម្ដែង​ធ្វើ​ឲ្យ​ប្រិយមិត្ត​សើច​សប្បាយ​ឥត​ល្ហែ​នោះ ពេល​នេះ​មាន​ទុក្ខ​ខ្លួន​ឯង ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ រហូត​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ថែម​ទៀត។

ដំណឹង​នេះ បាន​បញ្ចេញ​ដោយ​លោក អៀង ចេន​ឡា តារា​រួម​អាជីព​កំប្លែង​ជាមួយ​គ្នា​នៅ​ព្រលប់​នេះ ដោយ​សារ​តែ​លោក​មាន​ការ​បារម្ភ​ពី​រៀម​ច្បង​ក្នុង​អាជីព​ខ្លាំង​ពេក។ តែ​គិត​មក​ត្រឹម​ពេល​នេះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តារា​កំប្លែង​មាឌ​ល្អិត មាន​ជំងឺ​អ្វី​ពិត​ប្រាកដ ប៉ុន្តែ​តាម​បង​ប្រុស​លោក សុខ រ៉ាស៊ី បាន​ឲ្យ​ដឹង​ថា នាយ ក្រិន ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ។

ចេនឡា បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក ដោយ​ក្នុង​នោះ​ឃើញ​តារា​កំប្លែង​ដេក​ស្ដូក​ស្ដឹង​នៅ​លើ​គ្រែ​មិន​ដឹង​ខ្លួន​ឡើយ។ មិត្ត​រួម​អាជីព បាន​ឲ្យ​ដឹង​ថា នាយ​ក្រិន ធ្លាប់​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ប៉ុន្មាន​ដង​រួច​មក​ហើយ ប៉ុន្តែ​លោក​រមែង​ផ្ដាំ​មិន​ឲ្យ​ធ្វើ​ការ​ទម្លាយ​ចេញ​ពី​ស្ថានភាព​របស់​លោក​ជា​សាធារណៈ​នោះ​ទេ។ ទើប​តែ​ពេល​នេះ ទើប​លោក​ដាច់​ចិត្ត​បង្ហោះ ដោយ​ចិត្ត​ឯង​ប៉ុណ្ណោះ។

លោក ចៀន​ឡា ថ្លែង​ថា "គាត់ឈឺចូលសង្គ្រោះបន្ទាន់ប៉ុន្មានដងហើយ តែគាត់មិនដែលអោយពួកខ្ញុំថតគាត់បង្ហោះទេ គាត់ខ្លាចគេថា ចង់បានជំនួយ...”។ តារា​កំប្លែង​រលក​ក្រោយ បាន​បួង​សួង​សូម ទេវតា​តាម​ថែ​រក្សា​មនុស្ស​ល្អ​នាយ​ក្រិន ដែល​លោក​ចាត់​ជា​រៀម​ច្បង​ដ៏​ល្អ​មួយ​រូប ព្រោះ​ថា​រៀម​ច្បង​រូប​នេះ មាន​កូន​តូច​ៗ​ត្រូវ​ការ​លោក​មើលថែ។

ចេនឡា ថ្លែង​ថា ៖"សូមទេវតាតាមថែររក្សាមនុស្សល្អដូចជាបង ទេស សុជន ហៅ នាយក្រិន អោយឆាប់ជាសះស្បើយ ដើម្បីទៅមើលថែរកូនៗតូចៗរបស់គាត់វិញ”។ ប្រិយមិត្ត​ជា​ច្រើន បាន​នាំ​គ្នា​ចូល​មក​សួរ​នាំ និង​ផ្ញើ​សារ​ជូន​ពរ​តារា​កំប្លែង​មក​ពី​ខេត្ត​បាត់​ដំបង និង​សង្ឃឹម​ថា លោក​បាន​ស្រាក​ស្រាន្ត​ត្រឡប់​ទៅ​មើល​ថែ​កូន​ៗ​របស់​លោក​បន្ត​ទៅ​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់