• 2021-05-27 00:12:11
  • ព័ត៌មាន

បន្ថែម​លើ​ការ​ស្ដី​បន្ទោស អ្នក​ខ្លះ​ថា ដេននី ក្វាន់ មាន​ចេតនា​ទុក​ឲ្យ​មាន​ជនរងគ្រោះ​ដទៃ​ទៀត តែ​នាង​ព្រលះ​វិញ​យ៉ាង​ចាស់ដៃ

  • 2021-05-27 00:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល ដេននី ក្វាន់ បាន​ប្ដូរ​ចិត្ត​បើក​Live ដើម្បី​បកស្រាយ​ជុំវិញ​ក្ដីក្ដាំ​របស់​ខ្លួន​មុន​កាលបរិច្ឆេទ​ដែល​រូប​នាង និង​មេធាវី​បាន​គ្រោង​ទុក​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ មក​Live នៅ​ល្ងាច​មិញ​នេះ​វិញ។ ដេននី ក្វាន់ ថា​នាង​ជា​ជន​រងគ្រោះ​បែរ​ទៅ​ជា​អ្នក​ខុស​ចិត្ត​មហាជន​វិញ ដោយ​អ្នក​ខ្លះ​ថា​នាង​មិន​លាតត្រដាង​រឿង​រ៉ាវ​នោះ​ភ្លាមៗ ព្រោះ​មាន​ចេតនា​ផ្សេង។

ដេននី ក្វាន់ បាន​ទទួល​សំណួរ និង​ការ​រិះគន់​យ៉ាង​ច្រើន​ទាំង​តាម​រយៈ​ទូរស័ព្ទ និង​តាម​Chat ក្រោយ​ពី​នាង​បង្ហើប​រឿង​ម្ចាស់​សណ្ឋាគារ​មួយ​នៅ​ក្រុង​ព្រះសីហនុ​លួច​បង្កប់​កាមេរ៉ា​ថត​សកម្មភាព​នាង​ក្នុង​បន្ទប់​នាង​ជួល​គេង​កាល​ពី​៨​ខែ​មុន។ ក្នុង​ចំណោម​អ្នក​ចូល​ទស្សនា​ការ​Live និង​Comment មួយ​ចំនួន​បាន​ដាក់​ជា​សំណួរ​ថា រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​៨​ខែ​ហើយ មិន​ដឹង​ថា​មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​ទៀត​ទេ ហើយ​ទើប​តែ​មក​បញ្ចេញ​ដំណឹង​នេះ​ឥឡូវ​ទៅ​វិញ។

ដេននី ក្វាន់៖"ភ្លាមៗ​ខ្ញុំ​ក៏​បាន​សរសេរ​ដាក់​នៅ​លើ​Status ខ្ញុំ​ដែរ តែ​សមត្ថកិច្ច​សុំ​ឲ្យ​លប់​វិញ​ដើម្បី​កុំ​វាយ​ស្មៅ​បង្អើល​ពស់ ព្រោះ​ថៅកែ​ស្រី​នោះ​មិន​ទាន់​ចាប់​បាន​ទេ ហើយ​ខ្ញុំ​ក៏​គោរព​តាម​សមត្ថកិច្ច។ តែ​ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នក​ខួរ​អន់​មួយ​ចំនួន​ថា អត់​មាន​ជន​រងគ្រោះ​ក្រោយ​ខ្ញុំ​ទៀត​ទេ មាន​តែ​អ្នក​គេង​មុនៗ ព្រោះ​សណ្ឋាគារ​បាន​បិទ​អាជីវកម្ម​ភ្លាម​ៗ​តាំង​ពី​កាល​នោះ"។

នៅ​ក្នុង​វីដេអូ​Live រយៈ​ពេល​ជាង​៤០​នាទី​របស់​ដេននី ក្វាន់ បញ្ជាក់​ថា ជន​រងគ្រោះ​ដែល​បាន​ទៅ​គេង​សណ្ឋាគារ​នោះ​មុន​ៗ​នាង ហើយ​គិត​ថា​ប៉ះពាល់​ដល់​កិត្តិយស អាច​ធ្វើ​ការ​ប្ដឹង​បាន តែ​សម្រាប់​ករណី​នាង​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលក្រម​ស្ថាពរ​ហើយ ដោយ​កាត់​ឲ្យ​ម្ចាស់​សណ្ឋាគារ​សង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​សំណង​នោះ​មិន​ទាន់​បាន​មក​ដល់​ដៃ​នាង​នៅ​ឡើយ​ទេ ហើយ​បើ​សំណង​នោះ​មក​ដល់​ដៃ​ក៏​នាង​យក​វា​ទៅ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ទាំង​អស់​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់