• 2021-10-04 03:33:00
  • ព័ត៌មាន

សែន​ស្រណោះ ជំងឺ​ស៊ី​គ្រឿង​ក្នុង ត្រឹម​១សប្ដាហ៍ ឆក់​យក​ជីវិត​សិល្បករ​ខ្មែរ​២នាក់ គួរ​ឲ្យ​សោក​ស្ដាយ

  • 2021-10-04 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​សិល្បៈ​ខ្មែរ​ជួប​រឿង តក់​ស្លុត​ផ្ទួន​ៗ​គ្នា ដោយ​នៅ​ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​បាត់​បង់​ធនធាន​សិល្បៈ​ដល់​ទៅ ២​រូប ដោយ​សារ​រោគចង្រៃ​បៀតបៀន គួរ​ឲ្យ​សោកស្ដាយ។

១.សិល្បករ​ទី១ គឺ​លោក សែម សង្វាត អតីត​តារា​ចម្រៀង​ពេញ​និយម​មួយ​រូប​កាល​ពី​ជិត ២០​ឆ្នាំ​មុន។ តារាចម្រៀង​ដែល​សណ្ដុំ​វិញ្ញាណ​របស់​អ្នក​ស្ដាប់​តាម​រយៈ​សំនៀង​ស្រទន់ ផ្អែម ​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ជា​ច្រើន​ដូច​ជា​បទ "រាជិនី​ដួង​ចិត្ត" “ស្នេហ៍​តែ​អូន" និង​បទ "កម្មករ​ឆ្លង​ដែន" ជាដើម។ ប៉ុន្តែ​លោក​បាន​បាត់​ខ្លួន​ជា​ច្រើន​ឆ្នាំ មុន​ពេល​លេច​មុខ​វិញ​នៅ​ប្រមាណ​ជាង ១​ឆ្នាំ​មុន​ជា​រូបរាង​ស្គម​កំប្រឹង។

តាម​ព័ត៌មាន មាន​ជំងឺ​រុករាន​ច្រើន​មុខ​ក្នុង​រាងកាយ​ដ៏​តូច​ស្ដើង​របស់​លោក ដូច​ជា​ជំងឺ រលាក​ក្រពះ រលាក​ពោះវៀន និង​ពិសេស​ជំងឺ​ថ្លើម ដែល​តាម​ក្រុម​គ្រួសារ លោក​បាន​តស៊ូ​នឹង​ជំងឺ​ទាំង​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក សែម សង្វាត បាន​លេច​​ដំណឹង​ចូល​សង្គ្រោះ​បន្ទាន់​កាល​ពី​ថ្ងៃ​ទី ៣០ កញ្ញា។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី ១ តុលា លោក​បាន​លា​ពួក​យើង​ទាំង​អស់​គ្នា​ទៅ​ហើយក្នុង​វ័យ ៤៨​ឆ្នាំ។

២.លោក ហង្ស បូរិន ហៅ ហង្ស អច្ឆរិយា៖ សិល្បករ​ផ្នែក​សម្ដែង និង​ជា​អ្នក​និពន្ធ​សៀវភៅ​ម្នាក់​បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ដែល​បាន​ធ្វើ​ឲ្យ​សិល្បករ​ជា​ច្រើន​សោកស្ដាយ​គ្រប់​គ្នា។ លោក ម៉ា ច័ន្ទ​បញ្ញា បាន​លើក​ឡើង​ថា លោក​ពិត​ជា​មិន​ចង់​ជឿ​ថា​រឿង​នេះ​កើត​ឡើង​លើ​សិល្បករ​រូប​នេះ។ លោក​ថា ហង្ស អច្ឆិយា មាន​សុបិន​ជា​ច្រើន និង​ជា​សិល្បករ​មាន​ទេពកោសល្យ​ម្នាក់។

លោក​ថា ​លោក​ធ្លាប់មានក្ដីស្រមៃ ចង់​យករឿង​ដែល​និពន្ធ​ដោយ​លោក ហង្ស អច្ឆរិយា មក​ថត​ចេញ​ជា​ភាពយន្ត ប៉ុន្តែ​អ្វី​ត្រូវ​បាន​បញ្ចប់​ត្រឹម​ពេល​នេះ គួរ​ឲ្យសោកស្ដាយ និង​អាឡោះអាល័យ។ "ធ្លាប់មានក្ដីស្រមៃមួយយករឿងគាត់​ ធ្វេីការជាមួយគាត់​ ថតកុន​ តែពេលនេះ​ បងទៅចោលខ្ញុំហេីយ!។

មរណភាព​របស់​សិល្បករ​រូប​នេះ នាំ​ឲ្យ​មាន​ការ​ហួស​ចិត្ត​គ្រប់​គ្នា ដោយ​សារ​ថា គេ​ឃើញ​លោក​មាន​សកម្មភាព​លើ​បណ្ដាញ​សង្គម​ប្រាប់​ពី​អាការ​របស់​លោក​ស្ទើរ​រាល់​ថ្ងៃ។តាម​ការ​ប្រាប់​ហូរហែ​កន្លង​មក​នោះ បាន​ឲ្យ​ដឹង​ថា លោក ហង្ស អច្ឆរិយា មាន​ជំងឺ​រលាក​ក្រពះ និង​ពោះវៀន​រុំារ៉ៃ។ ប៉ុន្តែ​ចុង​ក្រោយ​នេះ​លោក​បាន​ប្រាប់​ទៀត​ថា បាន​ធូរស្រាល​ហើយ ហើយ​ពេទ្យ​បាន​អនុញ្ញាតិ​ឲ្យ​យក​ថ្នាំ​មក​ព្យាបាល​នៅ​ផ្ទះ។ ស្រាប់​តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​មាន​ដំណឹង​ថា លោក​បាត់​បង់​ជីវិត​ទៅ​ហើយ។

ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព និង​អ្នក​ស្គាល់​ជា​ច្រើនមិន​អស់​ចិត្ត និង​ចង់​ជឿ ហេតុអ្វី​ក៏​ស្ថានភាព​ជំងឺ​ផ្លាស់​ប្ដូរ​លឿន​បែប​នេះ។ ប៉ុន្តែ​តាម​ប្រភព​មួយ​ផ្សេង​ទៀត ពី​ឈ្មោះ ហង្ស ពិទូ ដែល​ប្រាប់​ថា​ជា​ប្អូន​បង្កើត​នឹង​អ្នក​ស្លាប់ បាន​ឲ្យ​ដឹង​ថា លោក ហង្ស អច្ឆរិយា បាន​ឆ្លង​កូវីដ១៩ ទើប​បណ្ដាល​ឲ្យ​ស្ថានភាព​ទៅ​ជា​អាក្រក់​យ៉ាង​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់