• 2021-10-11 12:50:54
  • ព័ត៌មាន

បន្ទាន់! ​អ្នក​ឧកញ៉ា បញ្ជា​ឲ្យ​​លុប​បទ "Are You Ok” ចេញ​ជា​បន្ទាន់ តាម​អ្នក​គាំទ្រ!

  • 2021-10-11 12:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្នាក់​ដឹក​នាំ​កំពូល​របស់​ផលិតកម្ម Galaxy Navatra បាន​បញ្ជាឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់​ផលិតកម្ម លុប​វីដេអូ Trailer បទ​ចម្រៀង "Are You Ok” ចេញ​ពី​បណ្ដាញ​សង្គម​វិញ​ជា​បន្ទាន់។

ចំណាត់​ការ​ក្ដៅ​គគុក​នេះ របស់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ផលិតកម្ម បន្ទាប់​ពី​អ្នក​គាំទ្រ​ជា​ច្រើន​បាន ធ្វើ​ការ​រិះគន់​លើ​ភាព​មិន​សម​រម្យ​មួយ​ចំនួន​ដែល​មាន​ក្នុង​បទ​ចម្រៀង​ខាង​លើ​ដែល​ទើប​នឹង​ចេញ​ជា Trailer បាន​ប៉ុន្មាន​ថ្ងៃ ដែល​ពួក​គេ​លើក​ឡើង​ថា បទ​នេះ​មិន​គួរ​ចរាចរណ៍​​វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ។ ដូច្នេះ​ហើយ អ្នក​ឧកញ៉ា សង្កត់​ធ្ងន់​​ថា ចំណាត់​ការ​នេះ គឺ​ដើម្បី​ការ​ចង់​របស់​ទៅ​ក្រុម​អ្នក​គាំទ្រ។

អ្នក​ឧកញ៉ា ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​របស់​អ្នក​ឧកញ៉ា​ប៉ុន្មាន​នាទី​មុន​នេះ​ថា "សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ!”។

ជាមួយ​គ្នា អ្នកឧកញ៉ា​បាន​ស្នើ​ដល់​អ្នក​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់ Galaxy Navatra គប្បី​ពិនិត្យ​មើល​ឡើង​វិញ នូវ​ចំណុចខ្វះខាត ដែល​លើក​ឡើង​ដោយ​អ្នក​គាំទ្រ ហើយ​ធ្វើ​កែ​លម្អ​ជា​ថ្មី។ ចំណាត់​ការ​បន្ទាន់​នេះ បាន​ទទួល​បាន​ការ​សាទរ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម។

ទទួល​បាន​ការ​បង្គាប់​ការ​ដូច្នេះ លោក យឹម តាស្រង់ នាយកគ្រប់គ្រងទូទៅ​របស់ Galaxy Navatra បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​ការ​សោកស្ដាយ ខណៈ​បទ​មួយ​នេះ​ទទួល​បាន​អ្នក​ចូល​មើល​ក្បែរ​ ២០លាន​ដង​នៅ​លើ Tiktok និង​ថា​ការ​សម្រេច​លុប​ចោល​នា​ពេល​នេះ ស្មើ​នឹង​ការ​បោះចោល​ការ​ចំណាយ​រាប់​ម៉ឺន​ដុល្លារ ដោយ​មិន​បាន​អ្វី​សោះ។

យ៉ាងណា​លោក​ មិន​មាន​ការ​ប្រកែក​តវ៉ាឡើយ គ្រាន់​លើក​ឡើង​ដដែល​ទៀត​ថា សោកស្ដាយ ពិសេស​គឺ​ស្ដាយ​ចំពោះ​ការ​ខិត​ខំ​របស់​ក្រុម​ការងារ​លោក។ លោកថា "គ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយ ខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន…!”៕

អត្ថបទ៖ ទារិកា

មតិយោបល់