• 2022-03-16 07:04:18
  • ចម្រៀង

ធ្លាយដំណឹងគូប្រជែងយ៉ាងស្វិតស្វាញ សួ វិចិត្រ គឺ ឈាន ជាលឿយ ចេញបទថ្មីនៅហង្សមាសស្អែក

  • 2022-03-16 07:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកគណៈកម្មការក្នុងកម្មវិធី Beat The Best អ្នកនាង ពេជ្រ សោភា បង្ហើបថា ឈាន ជាលឿយ ដែលជាគូប្រជែងយ៉ាងស្វិតស្វាញជាមួយម្ចាស់ជយលាភី សួ វិចិត្រ រហូតដល់វគ្គផ្ដាច់ព្រ័ត្រនោះ នឹងចេញចម្រៀងផ្លូវការ១បទនៅក្នុងផលិតកម្មរស្មីហង្សមាសស្អែកនេះហើយ។

តារាចម្រៀងចាស់វស្សាប្រចាំនៅផលិតកម្មហង្សមាស ពេជ្រ សោភា បានបង្ហើបដំណឹងនេះតាមបណ្ដាញសង្គម នៅរសៀលថ្ងៃទី១៦ ខែមីនា ខណៈនៅមានការជជែកគ្នាច្រើនជុំវិញការលើកពានរបស់ សួ វិចិត្រ កាលពីប៉ុន្មានថ្ងៃមុន។ អ្នកខ្លះថាគណៈកម្មការមានភាពលម្អៀង ជាក់ស្ដែង ពេជ្រ សោភា ក្នុងនាមជាគណៈកម្មការ១រូប ត្រូវគេចោទថា លម្អៀងទៅរកបេក្ខជន ឈាន ជាលឿយ ប៉ុន្ដែពេជ្រ សោភា ប្រតិកម្មវិញថា បើនាងចង់ជួយអតីតបេក្ខជន ឈាន ជាលឿយ គឺងាយដូចបកចេក។

អ្នកនាង ពេជ្រ សោភា៖ “បើជ្រុលជានិយាយហើយ អ្នកមិនមែនមិនស្គាល់ទេ តែអ្នកនោះបានត្រឹមគិតអីខ្លឺៗ បើខ្ញុំចង់ជួយ ឈាន ជាលឿយ ងាយណាស់ដូច បកចេក ខ្ញុំអត់លម្អៀង បើលម្អៀងឲ្យ ជាលឿយ ចេញបទបាត់ហើយ ព្រោះបានធ្វើរួចហើយ អីចឹងPost នៅហង្សមាសស្អែកហ្មងទៅធុញណាស់”។

អ្វីដែលអ្នកនាង ពេជ្រ សោភា លើកឡើងមានប្រិយមិត្ដខ្លះពិបាកយល់ ប៉ុន្ដែការសម្រេចជាប់ ឬធ្លាក់មិនអាស្រ័យលើរូបនាងដែលជាគណៈកម្មការតែម្នាក់នោះទេ គឺមានមហាជនបោះឆ្នោតគាំទ្រលើបេក្ខជនម្នាក់ៗ។ ទោះជាយ៉ាងណា ពេជ្រ សោភា បង្ហាញការពេញចិត្ដចំពោះ ឈាន ជាលឿយ ចាប់តាំងពីដំណើរការប្រកួតដំបូងមកម្ល៉េះ ដោយកាលណោះ ពេជ្រ សោភា និយាយថា៖ “កុំយកភាពអាណិតយកមកនិយាយ…តែខ្ញុំស្រឡាញ់សំឡេងគាត់តាំងពីវគ្គដំបូង រហូតមកដល់ពេលនេះ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់