• 2022-04-15 01:00:00
  • ស្ទីលតារា

មិនបាច់អៀនជំនួស ឯម រៀម ទេ តាមពិតការស្លៀកពាក់ប្លែកៗរបស់លោក មានរបៀបទាំងនៅផ្ទះ និងចេញកម្មវិធី

  • 2022-04-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូដ និងជាជាងគំនូរល្បីឈ្មោះម្នាក់ គឺលោក ឯម រៀម ថាលោកមានសិល្បៈក្នុងការស្លៀកពាក់ទាំងនៅផ្ទះ និងចេញទៅកម្មវិធីនានា។ ការបញ្ជាក់របៀបស្លៀកពាក់នេះ គឺបន្ទាប់ពីលោកតែងខ្លួនកាន់តែប្លែកពីគេឯង រហូតដល់អ្នកចូលរួមក្នុងកម្មវិធីជាមួយលោកខ្លះលាន់មាត់ ហើយអៀនជំនួសលោក។

លោក ឯម រៀម បានប្រាប់ Sabay ក្នុងឱកាសដែលលោកចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើបមីតថោនកាលពីពេលថ្មីៗនេះថា លោកពុំមានអារម្មណ៍អៀនខ្មាសអ្វីទាល់តែសោះចំពោះការស្លៀកពាក់ និងការតែងខ្លួនរាល់ថ្ងៃនេះ ផ្ទុយទៅវិញគឺលោកសប្បាយចិត្ដដែលមានគេឯងមើលមកកាន់លោកច្រើន។

ឯម រៀម៖ “យើងអត់មានអារម្មណ៍អៀនអីទេ បើអៀនបម្រើអារម្មណ៍ប្រិយមិត្ដយើងម៉េចកើត? បើនិយាយទៅវាជាចំណុចមួយដែលបងចូលចិត្ដប្លែក អីចឹងការរៀបចំខ្លួនប្លែកៗហ្នឹងវាអត់មានអីចម្លែកសម្រាប់បងទេ ហើយយើងចង់បង្ហាញថាការតែងខ្លួន ឬការដើរម៉ូដស្អីអស់ហ្នឹង វាគឺជាសិល្បៈ”។

រូបថត៖ ហ្វេសប៊ុក ឯម រៀម

ទន្ទឹមគ្នានេះក៏មានប្រិយមិត្ដ ជាពិសេសអ្នកគាំទ្រតារាប្រុសវ័យ៥២ឆ្នាំរូបនេះ ងឿងឆ្ងល់ថាតើការស្លៀកពាក់របស់លោកពេលនៅផ្ទះយ៉ាងណាដែរ? លោកបញ្ជាក់យ៉ាងខ្លីថា ការស្លៀកពាក់នៅផ្ទះ គឺដូចជាមនុស្សទៅទៅដែរ ប៉ុន្ដែសម្រាប់ចេញកម្មវិធីសិល្បៈផ្សេងៗ លោកត្រូវអង្គុយរកនឹកជាមុន ដើម្បីច្នៃម៉ូដអ្វីប្លែកសម្រាប់ខ្លួនឯងជានិច្ច។ លោកនិយមពាក់អាវ ឬរ៉ូប ជាមួយស្បែកជើងកែងខ្ពស់ៗ របៀបជានារីសិចស៊ី បើទោះបីជាសប្បុរ និងទម្រង់មុខលោក មិនស្រដៀងស្រីក៏ដោយចុះ។

បើតាមលោក ឯម រៀម អាជីពច្នៃម៉ូដ និងជាងគំនូរ ត្រូវបានលោកចាប់យកតាំងពីឆ្នាំ១៩៩៧ ហើយបច្ចុប្បន្នលោកមានការងារច្នៃម៉ូដសម្រាប់ការថតសម្ដែងរបស់តារាចម្រៀង និងសម្ដែងល្បីៗជាច្រើន។ ឆ្លងកាត់អាជីពនេះកាន់តែយូរ ធ្វើឲ្យលោកស្រឡាញ់ការស្លៀកពាក់ប្លែកៗកាន់តែខ្លាំង បើទោះបីជាអ្នកខ្លះមិនសូវពេញចិត្ដនឹងការស្លៀកពាក់របស់លោក ប៉ុន្ដែលោកយល់ថាអ្នកមានឈាមជ័រសិល្បៈ ជាពិសេសអ្នកស្រឡាញ់គាំទ្រខាងច្នៃម៉ូដច្បាស់ជាយល់តម្លៃ នៃការស្លៀកពាក់ប្លែកៗរបស់លោក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម