• 2022-09-02 03:44:26
  • ព័ត៌មាន

តួស្រី​រូប​នេះមក​ពី​ជប៉ុន​ នឹង​ចូល​រួម​សម្ដែងភាពយន្ត​ខ្នាត​ធំ​ខ្មែរ រឿង "KTV” ចុង​សប្ដាហ៍​នេះ!

  • 2022-09-02 03:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​កិច្ច​សហការ​គ្នា​ជាមួយ M Picture, K Two River International និងស្រាបៀ ហនុមាណ លោក Jimmy Henderson បាន​ប្រកាស​ផែនការ​រឿង​ថ្មី​មាន​​ចំណង​ជើង​ថា "Killing Time Violently(KTV)” ដែល​ចំណុច​គួរ​ចាប់​អារម្មណ៍ មាន​តួស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​មក​ពី​ជប៉ុន ក៏​ចូល​រួម​ថត​ជា​តួឯកដែរ។

នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​របស់​រឿង "Killing Time Violently(KTV)” គេ​ឃើញ តួស្រី​ម្នាក់​ប្លែក​មុខ សម្រស់​ស្រស់​ស្អាត និង​មាន​សក់​ពណ៌​ស។ តាម​ពិត នាង​គឺ​ជា​តួ​ស្រី​មក​ជប៉ុន​ និង​មាន​ឈ្មោះ​ថា ឃីណាណូ ឃឺរ៉ូសាគី។ ប៉ុន្តែ​នាង​គឺ​ជា​ឈាមជ័រ​ខ្មែរ​សុទ្ធ ១០០ ដោយ​ឪពុក​ ម្ដាយ​របស់​នាង គឺ​ជា​ខ្មែរ ដូច្នេះ​ហើយ​ នាង​ក៏​មាន​ឈ្មោះ​ខ្មែរ​ដែរ គឺ "អ៊ុំ ដាពីន"។

តាម​ការ​បញ្ជាក់ ដាពីន បាន​កើត​នៅ​ទីក្រុង​បាងកក លុះ​ពេល​ចម្រើន​វ័យ​បាន​ដល់ ១៦​ឆ្នាំ នាង​ក៏​បាន​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ ១៩៨៧ គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល ៣៥​ឆ្នាំ​ហើយ។ ដោយ​សារ​រស់​នៅ​ជប៉ុន​យូរ និង​មិន​សូវ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​សម្រាប់​ធ្វើ​ទំនាក់ទំនង ដាពីន ប្រាប់​ថា នាង​និយាយ​ភាសា​ខ្មែរ​មិន​សូវ​បាន​ល្អ​ទេ។

នៅ​ជប៉ុន ឃីណាណូ ឃឺរ៉ូសាគី ឬ អ៊ុំ ដាពីន មិន​មាន​អាជីព​សិល្បករ​ឡើយ ប៉ុន្តែ​នាង​គឺ​ជា​អាជីវករ​លក់​ពេជ្រ និង​គ្រឿង​អលង្ការ​ផ្សេង​ៗ។ បែប​នេះ​ក្ដី ដាពីន បង្ហើប​ថា ការងារ​សិល្បៈ​ដូច​ជា​សម្ដែង​ភាពយន្ត គឺ​អ្វី​ដែល​នាង​ចង់ និង​ស្រឡាញ់​តាំង​ពី​ក្មេង។ ដូច្នេះ​ហើយ ក្រោយ​លោក Jimmy Henderson ទាក់ទង នាង​ក៏​ព្រម​ព្រៀង​ភ្លាម បើ​ទោះ​មិន​ធ្លាប់​មាន​ពិសោធន៍​ពី​មុន​មក​ក្ដី។

ស្រី​ស្អាត​សក់​ស​រូប​នេះ អះអាង​ថា នាង​ជឿ​ថា អាច​ធ្វើ​កិច្ចការ​នេះ​ទៅ​រួច និង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព។ នៅ​ក្នុង​រឿង "Killing Time Violently(KTV)” ដាពីន សម្ដែង​ជា​តួឯកស្រី ដែល​ចរិត​លក្ខណៈ​តួអង្គ​នេះ គឺ​ឆ្នាស់ សិចស៊ី។ រឿង​នេះ គ្រោង​នឹង​ចាប់​ផ្ដើម​ថត​នៅ​ចុង​សប្ដាហ៍​នេះ ជាមួយ​ទុន​វិនិយោគ​ប្រមាណ ១៥ម៉ឺន​ដុល្លារ​អាមេរិក។

អ៊ុំ ដាពីន នឹង​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ ក្រោយ​ពី​បញ្ចប់​ការ​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ខ្មែរ​ "Killing Time Violently(KTV)”រួច​រាល់។

ស្ដាប់​បទ​សម្ភាសន៍ ឃីណាណូ ឃឺរ៉ូសាគី ឬ អ៊ុំ ដាពីន ជាមួយ​អ្នក​សារព័ត៌មាន​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី