• 2023-03-28 04:36:40
  • ចម្រៀង

“ស្រឡាញ់អ្វីដែលខ្មែរមាន” មិនទាន់ចេញជាផ្លូវការផង តែប្រិយមិត្ដខ្លះប្រកាសថា បានដូចបំណងហើយ!

  • 2023-03-28 04:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចួបគ្នាដ៏កម្រក្នុងបទចម្រៀងតែមួយរបស់តារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ តន់ ចន្ទសីម៉ា និងខេម ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ហើយមានប្រិយមិត្ដខ្លះបានរង់ចាំពេលវេលានេះយូរមកហើយ។ ទន្ទឹមនឹងការរង់ចាំទស្សនា MV ពេញ ចេញជាផ្លូវការ មានអ្នកធ្លាប់បានទស្សនាឃ្លីបខ្លីៗជុំវិញការហាត់សម និងថតបទនេះ ប្រកាសថាខ្លួនបានសម្រេចបំណងប្រាថ្នាមួយជំហានហើយ។

ជាក់ស្ដែងអ្នកលេងបណ្ដាញសង្គម និងជាអ្នកនិយមតាមដានគាំទ្រនូវបទចម្រៀងដែលជាស្នាដៃខ្មែរឈ្មោះ សឿង បៃ និយាយថា នៅពេលដែលបានឃើញ និងបានឮសំឡេងច្រៀងរបស់កំពូលតារាចម្រៀងទាំង ៤ដួង ធ្វើឲ្យអ្នកនាងរំភើប ហើយរង់ចាំយ៉ាងអន្ទះសារនូវបទចម្រៀងមួយនេះ។ អ្នកនាងបន្ថែមថា៖ “ក្ដីស្រម៉ៃចង់ឃើញអាយដលទាំងបួនច្រៀងរួមគ្នា ឥឡូវបានដូចបំណងហើយ”។

កំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលស្ថិតនៅក្នុងទ្រនំហ្គាឡាក់ស៊ីមុនគេ ក្នុងចំណោមតារាល្បីឈ្មោះទាំងបួនដួង ត្រូវបានអ្នកគាំទ្រចង់ឃើញកញ្ញាច្រៀងរួមគ្នាក្នុងបទតែមួយជាយូរមកហើយ។ ប៉ុន្ដែកន្លងទៅគេឃើញតែតារាស្រីរូបនេះ ច្រៀង ឬថតតែជាមួយដៃគូចម្រៀងប្រុសតែម្នាក់ៗប៉ុណ្ណោះ។ ទើបតែពេលនេះ តាមរយៈបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” បានតម្រូវឲ្យដៃគូចម្រៀងប្រុសទាំងបីនាក់ដែលធ្លាប់នៅផលិតកម្មផ្សេងៗគ្នា ហើយទើបចូលមករួមរស់ជាមួយគ្នាក្នុងទ្រនំតែមួយ បានច្រៀងរួមគ្នាយ៉ាងអស្ចារ្យ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម