• 2023-11-07 05:13:48
  • ព័ត៌មាន

ស្រីស្រស់ បេប៊ី វិលមកកាន់ក្បាលមីក្រូ ឡើងឆាកចម្រៀងវិញ និង ផ្ដោតលើការផលិតបទបែបយុវវ័យ

  • 2023-11-07 05:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការសន្យាមែនដែលស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី ថានាងនឹងវិលមកកាន់ក្បាលមីក្រូឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ឥឡូវអតីតតារាថោន រូបនេះពិតជាមិនទៅណាចោលអាជីពចាស់ទេ ហើយការត្រឡប់មកជាថ្មីនេះនាងពិតជាប្លែក និងប្រែប្រួលខុសពីមុនដាច់។បេប៊ី បានច្រៀងសម្ដែងបើកឆាកជាថ្មីនៅទូរទស្សន៍CNC កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ដែលមានបទនាងទើបចេញ”ថ្នម “,បទនាងល្បីពីមុន”អំណាចលុយ” ,ច្រៀងCover បទមរតកដើម”ប្រុសកំពូលស្នេហ៍” និងCover បទមាស សុខសោភា “ម្នាក់ឯងមិនស្លាប់ទ”ជាដើម ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ វិច្ឆិកា ស្រីស្អាតបេប៊ី បានឲ្យដឹងថានាងមានអារម្មណ៍ហាក់ប្លែកបន្ដិចដែរពេលចាប់ផ្ដើមវិលមករកអាជីពចម្រៀងម្ដងទៀតនេះ ព្រោះដូចចាប់អាជីពនេះជាលើកទី២។យ៉ាងណានាងថាបានត្រៀម និងហាត់សមរួចជាស្រេចជាច្រើនថ្ងៃ ហេតុនេះគ្មានឧបស័គ្គឡើយ ហើយក្រោយពីឡើងឆាកទី១នេះនាងត្រៀមឡើងប៉ុស្ដិ៍ផ្សេងៗទៀតក្នុងនោះក៍ត្រៀមចេញច្រៀងសម្ដែងឲ្យការប្រគុំតន្រ្ដីរបស់ស្រាបៀរ Ganzberg តាមបណ្ដារខេត្តមួយចំនួននៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ ។នាងថាជាអារម្មណ៍រីករាយមួយព្រោះនាងបានផ្អាកជាច្រើនខែពោលគឺតាំងពីផ្ទុះកូវីដ ហើយទើបមានពេលវេលាគ្រប់គ្រាន់វិលមកជាថ្មីម្ដងទៀតនាពេលនេះហើយមានFan នៅតែគាំទ្រ ស្រលាញ់ចូលចិត្តនាងដូចមុនដដែល។ប៉ុន្ដែយ៉ាងណាកញ្ញារចនាពេជ្រ ថានាងគ្មានបំណងវិលទៅចាប់អាជីពជាពិធីការិនីវិញឡើយ គឺផ្ដោតតែលើការពង្រឹងអាជីពចម្រៀងប៉ុណ្ណោះ បើទោះជានាងធ្លាប់ធ្វើជាMC ដល់ទៅជាង១០ឆ្នាំ ក្ដី។

បេប៊ី ថាការចាប់អាជីពចម្រៀងម្ដងទៀតនាពេលនេះនាងផ្ដោតលើការផលិតបទបែបយុវវ័យច្រើនជាងបទស្លូវ តែក៍នៅបន្ដការច្រៀងCover បទមរតកដើមដែរដោយរក្សារប៉ារ៉ូលឲ្យនៅដដែល និងបទខ្លះកែភ្លេងថ្មី។ នាងថាដោយសារតែផ្ដោតទៅលើការពង្រឹងគុណភាពជាចម្បងនោះ ហេតុនេះក្នុង១ខែនាងអាចចេញបទថ្មីតែ១ទៅ២ បទប៉ុណ្ណោះ មិនចង់ចេញច្រើនយកបរិមាណនោះទេ តែចង់ចេញមួយដឹងមួយ ។ដោយឡែកទាក់ទងរឿងក្រុមរាំអមវិញនាងថាលើកនេះនាងមានសមាជិកក្រុមរាំផ្ទាល់ខ្លួនចំនួន៨នាក់ ខណៈដែលកាលពីឆ្នាំមុនពេលខ្លះមានរហូតដល់ទៅជាង១០នាក់ក៍មានដែរ។

បេប៊ី បានផ្អាកពីអាជីពចម្រៀងនៅថោន កាលពីដើមឆ្នាំ២០២១ ពោលគឺពេលកូវីដផ្ទុះខ្លាំង ហើយអំឡុងពេលនោះនាងបានឆក់ឱកាសបើកមុខជំនួញក្រៅពីសិល្បៈនោះគឺហាងកាហ្វេដែលពង្រីកសាខាជាបន្ដបន្ទាប់ហើយពេលដែលនាងវិលចូលច្រៀងវិញនេះ បងប្រុសរបស់នាងជាអ្នកមើលគ្រប់គ្រងហាងដែលតំណើរការជាធម្មតា ។

ឆ្លើយតបសំណួរថាតើបេប៊ី ផ្អាកច្រៀងជាង២ឆ្នាំបែបនេះនាងពិបាកក្នុងការប្រជែងទីផ្សារចម្រៀងឬអត់ ព្រោះបច្ចុប្បន្នតារារីកដូចផ្សិតនោះស្រីស្រស់រចនាពេជ្រ ទទួលស្គាល់ថាគឺទីផ្សារចម្រៀងពិតជាមានការប្រែប្រួលមែនព្រោះតារាឥឡូវមានច្រើន ។ប៉ុន្ដែនាងថាសម្រាប់រូបនាងវិញគឺអត់បញ្ហាចោទទេ ដោយសារមានគេស្គាល់នាងច្បាស់ទៅហើយ ហេតុនេះគ្រាន់តែនាងមានអ្វីដែលថ្មី ប្លែកនោះទស្សនិកជននៅតែគាំទ្រនាងដូចមុន។នាងថាមកម្ដងនេះទាំងការស្លៀកពាក់ ,ក្បាច់រាំ គឺនាងបានUpdate ថ្មីទាំងអស់ អីចឹងនៅពេលដែលនាងប្លែកពីមុនទស្សនិកជននឹងចាប់អារម្មណ៍នាងម្ដងទៀតជាមួយបទចម្រៀងថ្មីៗដែលនាងនឹងបញ្ចេញទៅតាមគម្រោង។ប៉ុន្ដែនាងថារូបនាងគ្មានបំណងប្រជែងទីផ្សារចម្រៀងជាមួយអ្នកណាទាំងអស់ គឺខំប្រឹងពង្រឹងតែសម្ថភាពខ្លួនឯងប៉ុណ្ណោះ ។

ក្រៅពីលេងសម្លៀកបំពាក់បែបថ្មី ម៉ូដសក់ប្លែក និងក្បាច់រាំកាន់តែទាក់ទាញនោះបេប៊ី ថានាងក៍បានសម្រកគីឡូមកនៅត្រឹម៤៧ គ.ក្រ ផងដែរ ដែលគីឡូមួយនេះនាងពេញចិត្ត ខណៈដែលមុននេះនាងឡើងដល់ជាង៥០ គ.ក្រ ឯណ្ណោះ។នាងថាបន្ទាប់ពីផុតកុងត្រាជាមួយផលិតកម្មថោន ពេលនេះរូបនាងជាតារាចម្រៀងឯករាជ្យ មិនទាន់ចង់ទៅចូលផលិតកម្មណាទេ តែអាចធ្វើទៅតាមពេលវេលា។ដោយឡែកការផលិតបទថ្មីៗវិញបេប៊ី ថានាងបានចំណាយថវិការផ្ទាល់ខ្លួនធ្វើ ហើយការងារនេះនាងក៍ធ្លាប់ឆ្លងកាត់តាំងពីមុនចូលថោន ដែរហេតុនេះទោះជាត្រូវចំណាយលុយខ្លួនឯងផលិត ខុសពីកាលនៅច្រៀងផលិតកម្មមែន ប៉ុន្ដែនាងទទួលបានបទចម្រៀងដែលខ្លួនឯងស្រលាញ់ពេញចិត្ត ដើម្បីFan នាង។ដោយឡែកសម្រាប់ការច្រៀងសម្ដែងក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខនេះនាងថានឹងបង្ហាញអ្វីថ្មីៗបំផុតទៅកាន់បអ្នកគាំទ្ររបស់ខ្លួនឲ្យបានឃើញនៅចុងខែវិច្ឆិកា ខាងមុខនេះ ៕

មតិយោបល់