• 2024-01-16 08:56:52
  • ចម្រៀង

Galaxy បង្ហាញការខកចិត្ដចំពោះពាក្យ “Mother Fuck” របស់ខ្មែរមួយជីវិត តែបង្ហាញសញ្ញាថារឿងជិតចប់ហើយ

  • 2024-01-16 08:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈ បានជជែកគ្នាច្រើនលើភាពចម្រូងចម្រាសគ្នារវាងតារាចម្រៀងរ៉េប ឡេង តារា ហៅខ្មែរមួយជីវិត ជាមួយតារាចម្រៀងជើងចាស់ពីរដួង គឺលោក ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ ផលិតកម្មGalaxy Navatra តាមរយៈផេកផ្លូវការរបស់ខ្លួន បានបង្ហាញការខកចិត្ដចំពោះលើពាក្យ “Mother Fuck” របស់ខ្មែរមួយជីវិតដែលបាននិយាយនៅក្នុងកម្មវិធីមួយកាលពីចុងឆ្នាំ២០២៣ ហើយទើបតែត្រូវបានសាមីខ្លួន និងអ្នកគ្របគ្រងផលិតកម្មទទួលបាន ដោយបង្ហាញការមិនពេញចិត្ដជាបន្ដបន្ទាប់។

នេះជាសំណេរដើម ដែលបានចេញដោយផលិតកម្ម នៅមុននេះបន្ដិច៖ “គ្រួសារ Galaxy Navatra សូមសម្ដែងនូវការខកចិត្ត ចំពោះសិល្បករ(ខ្មែរមួយជីវិត)ដែលបានប្រើប្រាស់ពាក្យមិនសមរម្យ (M-other F-u.c.k) មកលើកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរ: សេរីមន្ត នៅក្នុងឃ្លីបវីដេអូមួយដែលនេះជាការប្រមាថ មាក់ងាយ បៀតបៀនសិទ្ធិផ្ទាល់ខ្លួនជាសាធារណ: របស់កំពូលតារាចម្រៀងទាំងពីរ”។

ផលិតកម្មបន្ដថា “គ្រួសារ Galaxy Navatra ពិតជាយល់ បងប្អូនយើងសុទ្ធតែជាសិល្បករ ហើយជាជនជាតិខ្មែរដូចគ្នា អ្វីដែលសំខាន់ គួររកវិធីសាមគ្គីគ្នា ដើម្បីទៅមុខជាមួយគ្នា ព្រមទាំងប្រកួតប្រជែងជាមួយអន្តរជាតិ។ ពេលវេលានេះ យើងត្រូវ ឱបក្រសោបគ្នា ទោះយើងទៅដល់ទីណាក៏យើងមានឈាមជ័រជាជនជាតិខ្មែរ”។

“ក្នុងនាមជាអ្នកសិល្បៈភាពអស្ចារ្យ ភាពខ្លាំង ដើម្បីប្រកួតប្រជែងទៅអន្តរជាតិបាន យើងមិនអាចដើរតែឯងបានទេ ហើយរឹតតែមិនអាចយកភាសាប្រមាថ និងខ្វះក្រមសីលធម៌ បៀតបៀនសិទ្ធិអ្នកដទៃ ហើយជាន់គេជាន់ឯងបែបនេះឡើយ។ យើងជាជនខ្មែរត្រូវតែចូលរួមជាមួយគ្នា បើមានចំនុចខ្វះខាត ត្រូវកែតម្រូវ និងឆ្ពោះទៅមុខជាមួយគ្នា ដោយមិនមានការចងគំនុំ ឬគុំគួនឡើយ។ គ្រួសារ Galaxy ស្នើរសុំឲ្យសិល្បករ(ខ្មែរមួយជីវិត) ពិចារណាទៅលើ សម្ដីដែលបានប្រមាថ មាក់ងាយពេញទំហឹងមកលើកំពូលតារាចម្រៀងទាំងពីរ។ ការឆ្លើយតបរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដោយសារតែលោកមានអារម្មណ៍ ពិបាកនឹងទទួលយកពាក្យ (M-other F-u.c-k)”។

ទាក់ទងបញ្ហានេះ លោក ឡេង តារា ហៅខ្មែរមួយជីវិត ក៏ធ្លាប់បកស្រាយតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនដែរ ប៉ុន្ដែមិនបានបញ្ជាក់ចំពោះការប្រើពាក្យ “Mother Fuck” ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍តារាចម្រៀង ខេមរៈ សិរីមន្ដនោះទេ។ ក្រោយមកទៀតលោកបញ្ជាក់ថា នៅក្នុងកម្មវិធីផតខាស់របស់លោករយៈពេលដល់ទៅ ២ម៉ោង ហើយមានអ្នកស្ដាប់ខ្លះតែពីរឬបីនាទី ឬស្ដាប់តែពាក់កណ្ដាល អាចយល់ថាលោកខុស ប៉ុន្ដែតាមពិតលោកពុំមានចេតនាណាមួយធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស ឬប្រមាថលើតារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះទេ។

សូមរំលឹកថា ភាពចម្រូងចម្រាសពាក្យសម្ដីគ្នារវាងអ្នកចម្រៀងរ៉េប ខ្មែរមួយជីវិត ជាមួយតារាចម្រៀងជួរមុខរបស់ផលិតកម្មGalaxy Navatra ពីរដួងនេះ គឺក្រោយពីលោក ខេមរៈ សិរីមន្ដ ទទួលបានឃ្លីមួយដែលខ្មែរមួយជីវិតនិយាយចំឈ្មោះលោក និងលោក ព្រាប សុវត្ថិ ថាវាជារឿងដ៏គួរឲ្យអាម៉ាសដែលអ្នកចម្រៀងចាស់ទៅច្រៀងរ៉េបដូចក្មេង។

ក្រោយៗមកទៀតក៏ឃើញកម្ដៅ នៃការជជែកគ្នានេះបានថមថយបន្ដិច ដោយមានសិល្បករ-សិល្បការិនីមួយចំនួនបានបង្ហាញមតិយោបល់រកផ្លូវកណ្ដាលមួយ ដើម្បីរុញឲ្យវិស័យចម្រៀងរ៉េប បុរាណ និងចម្រៀងសម័យដើរទៅមុខកាន់តែខ្លាំង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី