• 2024-01-19 08:10:56
  • ព័ត៌មាន

ទីបំផុត អ្នកចម្រៀងរ៉េប ខ្មែរមួយជីវិត សុំការអធ្យាស្រ័យ ពីតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សេរីមន្ត

  • 2024-01-19 08:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ មានភាពចម្រូងចម្រាសពាក្យសម្ដីគ្នារវាងអ្នកចម្រៀងរ៉េប ខ្មែរមួយជីវិត ជាមួយតារាចម្រៀងជួរមុខរបស់ផលិតកម្ម Galaxy Navatra ពីរដួងនេះ គឺតារាចម្រៀង ខេមរៈ សិរីមន្ដ និង តារាចម្រៀង ព្រាប សុវត្ថិ ដោយខ្មែរមួយជីវិត បាននិយាយនៅក្នុងកម្មវិធី Podcast មួយថា ជារឿងដ៏គួរឲ្យអាម៉ាសដែលអ្នកចម្រៀងជើងចាស់ទៅច្រៀងរ៉េបដូចក្មេង។

នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ អ្នកចម្រៀងរ៉េប ឡេង សុវណ្ណតារា ហៅ ខ្មែរមួយជីវិត បានបង្ហោះសារមួយធ្វើការសុំ អធ្យាស្រ័យពី តារាចម្រៀងលោក ខេមរៈ សេរីមន្ត និង លោក ព្រាប សុវត្ថិ។ ខ្មែរមួយជីវិត បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា “ ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idols ទាំងពីរ គឺ គ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សេរីមន្ត និង រៀមច្បង ព្រាប សុវត្តិ ឡើយ។ បើសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអាធ្យាស្រ័យពី រៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់និងគោរព”។ ខ្មែរមួយជីវិត បន្តថា “សង្ឃឹមថាបងប្អូនទាំងអស់យល់ពីខ្ញុំដូចគ្នា ខ្ញុំក៏សូមបញ្ចប់បញ្ហាដោយត្រឹមនេះ ខ្ញុំនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់ខ្ញុំដូចដើម ពីខ្ញុំបាទ Khmer1Jivit “។

ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក តារាចម្រៀង ព្រាប សុវត្ថិ បានចេញសារមួយនិយាយថា “ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន ! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៏ មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយដើម្បីកំដរអារម្មណ៍ អ្នកស្តាប់ និង អ្នកទស្សនា ។ ចំណែកយើងអ្នកសិល្បៈ ក៏ជា អ្នកស្តាប់គ្នាទៅវិញទៅមកយើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជា ទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បៈករទាំងអស់ដែរ”។

តារាចម្រៀងរាមច្បងរូបនេះបន្តថា “ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយ មហាជនគឺជា កញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ ។ សំរាប់យើងជា អ្នកសិល្បៈករវិញត្រូវធ្វើជាគម្រូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត” ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់