• 2024-02-08 03:02:04
  • ព័ត៌មាន

វិចិត្រសាលត្រជាក់ភ្នែក បើកដំណើរការឡើងវិញ ដើម្បីលើកស្ទួយនិងផ្សព្វផ្សាយ ស្នាដៃសិល្បៈសហសម័យ

  • 2024-02-08 03:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទទួលបានជំនួញ ជាហិរញ្ញប្បទាន ពីឯកឧត្តម ហ៊ុន ម៉ានី ពេលនេះ វិចិត្រសាលត្រជាក់ភ្នែក បានបើកដំណើរការឡើងវិញហើ់យ ដើម្បីឱ្យវិចិត្រករអាចដាក់តាំងបង្ហាញនូវស្នាដៃ ផ្ទាំងគំនូររបស់ពួកគេដោយឥតគិតថ្លៃ ដើម្បីឱ្យមហាជនអាចចូលទស្សនាបាន នៅក្នុងឆ្នាំ ២០២៤នេះ។

វិចិត្រសាលសិល្បៈត្រជាក់ភ្នែក (រូបឆ្នាំ ២០២២)

លោក យាន រស្មី គទានុរក្សវិចិត្រសាលត្រជាក់ភ្នែក បាននិយាយថា លោកបានធ្វើការឡើងវិញជាមួយនឹងសិល្បករក្មេងៗ ដើម្បីដាក់តាំងបង្ហាញស្នាដៃគំនូរសហសម័យរបស់ពួកគេ។ ចំណែក លោក គង់ វលក្ខ័ណ គ្រូឧទ្ទេសនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា ការបើកឱ្យនិស្សិត និង សិល្បករអាចដាក់តាំងបង្ហាញ ផ្ទាំងគំនូររបស់ពួកគេ ដោយមិនគិតកំរៃ នៅវិចិត្រសាលត្រជាក់ភ្នែក គឺជាការបើកឱកាសមួយដល់ពួកគេដើម្បីបង្ហាញស្នាដៃដល់មហាជន និង ការចូលរួមចំណែកមួយចូលរួមផ្សព្វផ្សាយដល់ស្នាដៃគំនូរសិល្បៈសហសម័យ។

លោក យាន រស្មី គទានុរក្សវិចិត្រសាលត្រជាក់ភ្នែក

លោក យាន រស្មី គទានុរក្សវិចិត្រសាលត្រជាក់ភ្នែក បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “ក្រៅតែពី ការមានអំណរ និង មោទនភាពរបស់ខ្ញុំចំពោះ ការបើកដំណើការ វិចិត្រសាល សិល្បៈត្រជាក់ភ្នែក ឡើងវិញ កាលពីថ្ងៃសុក្រកន្លងទៅ, ខ្ញុំក៏ចង់ឆក់ឱកាសនេះ សម្ដែងនូវសេចក្តីអរគុណជូន បង (ឯកឧត្តម) Hun Many ដែលបានជួយជ្រោមជ្រែង និង ផ្ដល់ជាហិរញ្ញប្បទាន ដើម្បីឱ្យវិចិត្រសាលអាចដំណើរការទៅបានក្នុងឆ្នាំ២០២៤នេះ។ ប្អូន សូមអរគុណ ឯកឧត្តមបង ចំពោះមិត្តភាព ការគាំទ្រ និង ការលើកកម្ពស់វិស័យ សិល្បៈសហសម័យ នៅកម្ពុជា។ សូម ឯកឧត្តមបង ជួបប្រទះតែសេចក្តីសុខ និង សេចក្តីចម្រើន។ និង សូមថ្លែងអំណរគុណ ដល់អ្នកស្ម័គ្រចិត្ត ជំនួយការ និង បុគ្គលនៃ YK Art House គ្រប់រូប ដែលបានខ្នះខ្នែង ជួយឱ្យការបើកនេះ ប្រព្រឹត្តទៅយ៉ាងរលូន”។

វិចិត្រសាលសិល្បៈត្រជាក់ភ្នែក អំឡុងពេកជួសជុលរៀបចំ

គួរឱ្យដឹងថា វិចិត្រសាលសិល្បៈត្រជាក់ភ្នែក ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ២០១៩ បើកសាកល្បងនៅថ្ងៃទី១៧ ខែកុម្ភៈ ២០២១ ហើយបានបិទទ្វារវិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មានន័យថាបើកបានរយៈពេលតែ៣ថ្ងៃ ហើយត្រូវបង្ខំចិត្តបិទទ្វារវិញដោយសារវិបត្តិកូវីដ។ ក្នុងឆ្នាំ ២០២៤ វិចិត្រសាលនេះ បានបើកដំណើរការឡើងវិញ ជាទីលានសម្រាប់សហគមវប្បធម៌របស់កម្ពុជាអាចចាប់យកនិងលើកស្ទួយសិល្បៈសហសម័យ។ វិចិត្រសាល មានបេសកកម្មផ្សព្វផ្សាយលើកម្ពស់និងគាំទ្រស្នាដៃសិល្បៈដែលមានភាពជា លក្ខណៈផ្ទាល់ខ្លួនដកពិសោធន៍ចេញពីទម្រង់សិល្បៈចាប់យកគុណភាពនិង ឧត្តមភាព។ កម្មវិធីនៅទីនេះមានដូចជាកិច្ចសហការរវាងសិល្បករ ភាគីពាក់ព័ន្ធជាតិ និង អន្តរជាតិ និងអ្នកធ្វើសមុច្ច័យ,ទស្សនាចរពិពរណ៌និងកម្មវិធីចែករំលែកចំណេះដឹង វាចាសិល្បករ កិច្ចពិភាក្សាជាក្រុម សិក្ខាសាលាសិល្បៈ និងការសរសេរបាឋកថាអំពីប្រវត្តិសាស្រ្តសិល្បៈ និង ទស្សនៈវិទ្យា៕

វិចិត្រសាលសិល្បៈត្រជាក់ភ្នែក (រូបឆ្នាំ ២០២២)
វិចិត្រសាលសិល្បៈត្រជាក់ភ្នែក (រូបឆ្នាំ ២០២២)

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់