• 2024-03-21 03:33:16
  • ភាពយន្ត

នៅ​លើ​ទឹកដី​ថៃ រឿង"ប្រុស​លក់​ខ្លួន" ចាប់​ផ្ដើម​បញ្ចាំង​ថ្ងៃ​នេះ​ហើយ គ្រាន់​តែ​នៅថ្ងៃ​សម្ពោធ​មនុស្ស​កកកុញ!

  • 2024-03-21 03:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​កាល​វិភាគ ខ្សែ​ភាពយន្ដ​ខ្នាត​ធំ​រឿង "ប្រុស​លក់​ខ្លួន" ឬ Rent Boy ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០២៤ នេះ នៅតាម​រោងភាពយន្ដ​ធំៗ​ជាង ៨០​ទីតាំង នៃ​ប្រទេស​ថៃ។ Rent Boy ដែល​ជា​ខ្សែភាពយន្ដ​បែប​កំប្លែង លាយឡំ​នឹង​ស្នេហា​ក្រឡាប់​ចាក់​មាន​តារា​សម្ដែង​ថៃ​ពីរ​ដួង​ចូល​រួម​សម្ដែង​ផង​នោះ ទើប​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ក្នុង​ស្រុក។

នៅ​ក្នុង​ពិធី​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​លើ​ទឹកដី​ថៃ ចាងហ្វាង​ផលិតកម្ម អិល ឌី លោក លៀក លីដា និង​តារា​សម្ដែង​ជា​ច្រើន​ដួង​ក្នុង​រឿង "​ប្រុស​លក់​ខ្លួន" ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ភាគី​ថៃ ជា​ពិសេស​អ្នក​វិនិយោគ​លើ​វិស័យ​ភាពយន្ដ​ថៃ អ្នក​សារព័ត៌មាន ព្រម​ទាំង​ទស្សនិកជន​ជនជាតិ​ថៃ។ ក្នុង​ឱកាស​នោះ លោក លៀក លីដា ក៏​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ដ​ដែល​ភាគី​ថៃ​បាន​ផ្ដល់​កន្លែង​ចាក់​បញ្ចាំង​ជា​ច្រើន​កន្លែង ហើយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​បើក​សម្ពោធ។

ខ្សែ​ភាពយន្ដ​នេះ ត្រូវ​បាន​ផលិតករ ជ្រើសរើស​តួ​សម្ដែង​ល្បីៗ​លំដាប់​ប្រទេស​ចំនួន ៤ គឺ​ប្រទេស​ថៃ វៀតណាម ភូមា និង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​វត្តមាន​តារា​សម្ដែង​ថៃ​សម្បូរ​វោហារ និង​កំប្លែង​ស្ងួត​ពីរ​ដួង គឺ Tukky Sudarat និង Kootee Aramboy។ តាម​រយៈ​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ដ​ខ្មែរ​លើ​ទឹកដី​ថៃ នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​ជា​ជំហាន​ជោគជ័យ​ថ្មី​មួយ​សម្រាប់​វិស័យភាពយន្ដ​កម្ពុជា​លើ​ឆាក​អន្ដរជាតិ ជា​ពិសេស​នៅ​បណ្ដា​ប្រទេស​ជិត​ខាង បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់​គ្នា​លើ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ដ​រឿង "ម៉ែក្រឡាភ្លើង"​កាល​ពី​ពេល​កន្លង​ទៅ។

គិតត្រឹម​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី២១ ខែ​មីនា នេះ Sabay មិន​ទាន់​អាច​ទាក់ទង​ចាងហ្វាង​ផលិតកម្ម អិល ឌី និង​ជា​ម្ចាស់​ស្នាដៃ​រឿង "​ប្រុស​លក់​ខ្លួន"​លោក លៀក លីដា បាន​នៅ​ឡើយ​ទេ ដោយ​ប្រភព​ខ្លះ​បញ្ជាក់​ថា លោក​កំពុង​មាន​វត្ដមាន​នៅ​លើ​ទឹកដី​ថៃ​តាំង​ពី​ថ្ងៃ​សម្ពោធ​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា។ លោក​នឹង​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​ល្ងាច​នេះ ខណៈ​ដែល​ក្ដី​រំពឹង​ចំពោះ​លទ្ធផល​ជោគជ័យ ឬ​ទទួល​បាន​គាំទ្រ​កម្រិត​ណា​ពី​ទស្សនិកជន​នៅ​លើ​ទឹកដី​ថៃ មិន​ទាន់​ត្រូវ​បាន​ក្រុម​ការងារ​ផលិតកម្ម ឬ​រូប​លោក​ផ្ទាល់​មិន​ទាន់​ឃើញ​បញ្ចេញ​នៅ​ឡើយ​សូម្បីតែ​នៅ​លើ​បណ្ដាញ​សង្គម៕

ជិន សុភ័ក្ដ្រ

មតិយោបល់