- 2017-03-07 08:00:12
- ភាពយន្ត
ខ្សែភាពយន្ត៤ មិនគួររំលង នៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
- 2017-03-07 08:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្ត៤ មិនគួររំលង នៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
ចន្លោះមិនឃើញ
នៅថ្ងៃអង្គារិ៍នេះ នឹងមានការចាក់បញ្ចាំងរឿងចំនួន ៤ ដែលគ្រប់គ្នាមិនគួររំលងនៅឯព្រឹត្តិការណ៍មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ។ មហោស្រពភាពយន្តអន្តរជាតិលើកទី ៧ នៅកម្ពុជានេះ មានរយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ៩ ខែមីនា ដែលមានរឿងខ្មែរ និង បរទេសមិនតិចជាង ១៣០ចំណងជើង ចាក់បញ្ចាំង៩ទីតាំងក្នុងរាជធានីភ្នំពេញ។
ដូច្នេះ ៤រឿងដែលទស្សនិកជនមិនគួររំលង គឺរឿង៖
១ សិស្សជំនិត (២០១៦)
ខ្សែភាពយន្តដែលថតនៅ ៥ប្រទេសផ្សេងគ្នា រួមមានប្រទេសសិង្ហបុរី ប្រទេសអាល្លឺម៉ង់ ប្រទេសហុងកុង ប្រទេសកាតា និងប្រទេសបារាំង គឺដឹកនាំដោយលោក ប៊ូ ជុងហ្វែង។ ភាពយន្តនេះ រៀបរាប់ ពីមន្ត្រីវ័យក្មេងបំរើការនៅមណ្ឌលកែប្រែម្នាក់ ដែលរស់នៅជាមួយបងស្រី ត្រូវបានគេផ្លាស់ទៅពន្ធនាគារធំរបស់ប្រទេស។ នៅទីនោះ គេបានរាប់អានជាមួយ លោក រ៉ាហ៊ីម ដែលជាអ្នកប្រហារជីវិតអ្នកទោសក្នុងគុក។ រ៉ាហ៊ីម ស្រលាញ់ និងការពារ អៃម៉ាន់ ហើយយកគេធ្វើជាកូនសិស្សជំនិត។ ប៉ុន្តែតើ អៃម៉ាន់ ធ្វើយ៉ាងដូចម្ដេចទៅនៅពេលគេបានដឹងថា ឪពុកគេបង្កើតត្រូវបានប្រហារជីវិតដោយគ្រូរបស់គេនោះ? រឿងនាដកម្មអំពីការស្លាប់រស់ កើតឡើងនៅក្នុងពន្ធនាគារម៉ាឡេស៊ី។
រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៧ នៅ Major Cineplex វេលាម៉ោង៤:៣០ថ្ងៃត្រង់។
២ ជីវិតស្រស់បំព្រង (២០១៤)
ដឹកនាំដោយលោក ហ្សង់ ដេនីហ្សូ ខ្សែរភាពយន្តជីវិតស្រស់បំព្រង រៀបរាប់អំពីខ្សែជីវិតរបស់ អ៊ីវ ដែលរស់នៅដោយលាក់ខ្លួនជាមួយកូនប្រុសរបស់គាត់ឈ្មោះ ស៊ីលវាំង និង ព្យែរ។ ដប់ឆ្នាំមុន គាត់បានពង្រាត់ពួកគេចេញពីម្ដាយ បន្ទាប់ពីសេចក្ដី សម្រេចរបស់តុលាការ។ កូនប្រុសទាំងពីរធំធាត់ឡើង ប៉ុន្តែការរត់គេចខ្លួនឥតឈប់ឈរ នេះធ្វើឲ្យជីវិតវ័យជំទង់របស់ពួកគេមិនដូចអ្នកដទៃ។ នៅលើកោះ ស៊ីលវាំងដែលជាកូនពៅបានជួបជាមួយនឹងនាងហ្គីលដា។ នេះជាការជួបភ្លាម ស្រឡាញ់ភ្លែត និងជាជំហានដំបូងរបស់ពួកគេនៅលើផ្លូវជីវិតដ៏ស្រស់បំព្រងមួយ។ រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅ Platinium Cineplex វេលាម៉ោង៦:៣០ល្ងាច។ ៣ ស្រមោលអន្ធកាល (១៩៨៧)
ខ្សែភាពយន្តនេះដឹកនាំដោយលោក អ៊ីវ៉ុង ហែម ដែលជាប្រភេទខ្សែភាពយន្តកម្ពុជាខ្នាតវែងដំបូងគេ ដែលត្រូវបានផលិតក្រោយការដួលរលំនៃរបបខ្មែរក្រហម។ សាច់រឿង និយាយអំពីគ្រួសារមួយរស់ក្រោមរបបខ្មែរក្រហម ៖ វិសុទ្ធជាកូនពៅក្នុងគ្រួសារ លួចដាំបាយនៅក្នុងព្រៃ។ សមាជិកគ្រួសារទាំងអស់ ត្រូវខ្មែរក្រហមសម្លាប់នៅសល់តែវិសាលដែលជាកូនប្រុសច្បងតែប៉ុណ្ណោះ។
រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ៧ ខែមិនា ឆ្នាំ២០១៧ នៅ សាលមហោស្រពចតុម្មុខវេលាម៉ោង៣:១៥ ថ្ងៃត្រង់។
៤ ពេលមេឃចាប់ផ្ដើមងងឹត(២០១៦)
រឿងនេះ ដឹកនាំដោយលោក អាណូចា សុវិជាកនផុង នៅ៤ប្រទេសផ្សេងគ្នា ប្រទេសថៃ ប្រទេសហូឡង់ ប្រទេសបារាំង និងប្រទេសកាតា ខ្សែភាពយន្តនេះ រៀបរាប់អំពី អ្នកដឹកនាំម្នាក់ និងតួអង្គរឿងរបស់នាងដែលជាអតីតសកម្មជននិសិស្សក្នុងទសវត្សទី៧០ អ្នកបម្រើស្រីដែលផ្លាស់ប្ដូរកន្លែងធ្វើការញឹកញាប់ អ្នកសម្ដែងប្រុសស្រី….។ តួអង្គទាំងនេះ មានចំណងទាក់ទងគ្នាតែយើង មើលសឹងតែមិនដឹង។ សាច់រឿងផ្លាស់ប្ដូរចុះឡើង ដើម្បីបង្ហាញពីជីវិតសាំញ៉ាំរបស់តួអង្គទាំងនោះ។
ចាក់បញ្ចាំងនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅ Legend TV Avenue វេលាម៉ោង ២ថ្ងៃត្រង់៕