- 2017-03-09 02:57:57
- ភាពយន្ត
ភាពយន្ត ៦ រឿង បញ្ចាំងថ្ងៃចុងក្រោយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៧
- 2017-03-09 02:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្ត ៦ រឿង បញ្ចាំងថ្ងៃចុងក្រោយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៧
ចន្លោះមិនឃើញ
ក្នុងចំណោមខ្សែភាពយន្ត ១៣៨ចំណងជើង ដែលបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្ដរជាតិកម្ពុជាលើកទី ៧ អស់រយៈពេល៥ថ្ងៃកន្លងមក នៅថ្ងៃនេះសល់ ៦រឿង ជារឿងចុងក្រោយបិទបញ្ចប់មហោស្រពមួយនេះហើយ។ ដូច្នេះ កុំឲ្យឱកាសនេះ រំលងឲ្យសោះចូលរួមមើលភាពយន្តទាំងអស់គ្នា។ សម្រាប់ថ្ងៃចុងក្រោយនេះ ភាពយន្តដែលមិនគួររំលងមាន៖
១. បុប្ផាណា៖ រឿងសោកនាដកម្មនៃស្ត្រីខ្មែរម្នាក់ (១៩៩៦)
ខ្សែភាពយន្តឯកសារស្ដីអំពីហួត បុប្ផាណា ដែលមជ្ឈមណ្ឌលបុប្ផាណាបានយកឈ្មោះតាម។ ខ្សែភាពយន្តនេះចងក្រងឡើងវិញនូវទំនាក់ទំនងរបស់ប្ដីប្រពន្ធវ័យក្មេងមួយគូ ដែលត្រូវបែកគ្នា គឺបុប្ផាណា និងស៊ីថា ដែលត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្មនៅស២១ ហើយបង្ខំឲ្យធ្វើចម្លើយសារភាពមុននឹងត្រូវកម្ទេចនៅក្នុងឆ្នាំ ១៩៧៧។ ចាក់បញ្ចាំងនៅថ្ងៃទី ៩នេះ នៅរោងភាពយន្ត Legend Stung Meanchey ម៉ោង ៩:១៥នាទីព្រឹក។
២. #BKKY (២០១៦)
ចូចូ ជាសិស្សមកពីទីក្រុងបាំងកកមានអាយុ ១៧ឆ្នាំ។ បន្ទាប់ពីមិត្តរបស់នាងឈ្មោះ ឃ្យូ បង្ហាញអាថ៌កំបាំងមួយដល់រូបនាង នាងទាំងពីរក៏ជិតស្និទ្ធនឹងគ្នាខ្លាំងជាងមុន និងតែងតែចំណាយពេលវេលាជាមួយគ្នាជានិច្ច។ ឪពុករបស់ ចូចូ សប្បាយចិត្តណាស់ព្រោះតែចូចូ មិនដែលណាត់គ្នាជាមួយបុរសម្នាក់ណាឡើយ។ ប៉ុន្តែនៅពេលដែលនាងចូលរៀនមហាវិទ្យាល័យ ចូចូ បានជួបជាមួយ ជេហ្វ ហើយពួកគេចាប់ផ្តើមណាត់គ្នា ទំនាក់ទំនងរបស់ពួកគេក៏ធ្វើឲ្យមិត្តភាពរវាង ចូចូ និង ឃ្យូ មានភាព ប្រែប្រួល។ ចាក់បញ្ចាំងនៅថ្ងៃទី៩នេះ នៅរោងភាពយន្ត Major Cineplex by Cellcard ម៉ោង ២រសៀល។
៣. កោះពេជ្រ (២០១៦)
បូរ៉ា វ័យ១៨ឆ្នាំ ចាកចេញពីស្រុកកំណើតនៅជនបទមកធ្វើការសំណង់នៅកោះពេជ្រ។ នៅទីនោះ បូរ៉ាជួបមិត្តភក្ដិថ្មីៗ ហើយសង្ឃឹមថានឹងបានជួបបងប្រុសដែលបានបែកគ្នាអស់៥ឆ្នាំមកហើយ ឈ្មោះសូឡី។ បូរ៉ាបានស្គាល់ភ្លើងរាត្រីនៅភ្នំពេញ ចេះមានស្នេហា ហើយចង់មានជីវិតចាកផុតពីភាពក្រីក្រ និងត្រៀមខ្លួនរួចស្រេចក្នុងការចាកចេញពីគ្រួសារទៅរស់នៅអាមេរិកតាមក្ដីសុបិន… ពានរង្វាន់ SACD - Semaine de la critique នៅមហោស្រពភាពយន្តទីក្រុងកាន ២០១៦ ខ្សែភាពយន្តល្អបំផុត (Best Movie Golden Gateway) - មហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា។ ចាក់បញ្ចាំងនៅថ្ងៃទី៩នេះ នៅរោងភាពយន្ត Platinum Cineplex ម៉ោង ១១:៤០នាទីព្រឹក។
៤. ទុក្ករកិរិយារបស់នីនកូ (២០១៦)
ខ្សែភាពយន្តនេះនិយាយអំពីព្រះសង្ឃមួយអង្គរស់នៅសម័យអេដូ ដែលមានមនុស្សស្រីជាច្រើនតាមឆាឆៅ។ ការលាយបញ្ចូលគ្នានូវរឿងអភីនីហារ និងគំនូរជីវចល ធ្វើឲ្យខ្សែភាពយន្តនេះមានគ្រប់រសជាតិ ទាំងស្រស់ស្អាត ទាំងអាក្រក់។ ជាខ្សែភាពយន្តមួយគួរឲ្យភ្ញាក់ផ្អើល ប្លែកខុសពីគេ។ ចាក់បញ្ចាំងនៅថ្ងៃទី៩នេះ នៅវិទ្យស្ថានភាសាបារាំង ម៉ោង ១០:៣០នាទីព្រឹក។
៥. រាត្រីនៅទីក្រុងបាំងកក (២០១៦)
ផ្លូវថានីយ៉ាសម្បូរទៅដោយភ្លើងរាត្រី និងពេញទៅដោយបុរសជនជាតិជប៉ុន។ ឡាក់គឺជារាជនីម្នាក់នៅផ្លូវនេះ។ នាងស្រឡាញ់អតីតទាហានជប៉ុនក្រីក្រម្នាក់។ អំឡុងពេលស្នាក់នៅរយៈពេលខ្លីនៅឯស្រុកកំណើតរបស់នាងជិតព្រំដែនឡាវ មិត្តប្រុសនាងចាប់ផ្ដើមស្រមៃពីជីវិតស្ងប់ស្ងាត់នៅក្នុងភូមិតូចនេះ ប៉ុន្តែគាត់ដឹងច្បាស់ពីស្លាកស្នាមបន្សល់ទុកដោយសម័យអាណានិគម។ ចាក់បញ្ចាំងនៅថ្ងៃទី ៩នេះ នៅវិទ្យាស្ថានភាសាបារាំង ម៉ោង ១រសៀល។
៦. ផែនដីស្រស់ស្អាត៖ ដងទន្លេនៃជីវិត
ផែនដីស្រស់ស្អាត៖ ដងទន្លេនៃជីវិត ជាកម្រងភាពយន្តឯកសារទាក់ទងទៅនឹងទន្លេ ដែលក្នុងរួមមានភាពយន្តឯកសារពីរខាងក្រោម។
-ល្បែងដ៏អស្ចារ្យលើដងទន្លេមេគង្គ (២០១៤)
ធនធានអេកូឡូស៊ីនេះកំពុងស្ថិតក្រោមការគំរាមកំហែងពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី។ ក្នុងនោះមានទំនប់ពីរនៅភាគខាងត្បូងនៃប្រទេសឡាវជាប់ប្រទេសកម្ពុជា នឹងបង្កការខូចខាតធ្ងន់ធ្ងរលើប្រព័ន្ធអេកូឡូស៊ីដ៏ទន់ខ្សោយនេះ។ ខ្សែភាពយន្តនេះបង្ហាញពីការសាងសង់ទំនប់ទាំងប្រញាប់ប្រញាល់ គឺជាល្បែងភ្នាល់ដ៏គ្រោះថ្នាក់មួយជាមួយនឹងជីវិតរបស់អ្នកស្រុក។ -ព្រលឹងស្ទឹងតាតៃ (២០១៦)
ជីវិតអ្នកភូមិដាច់ស្រយាលមួយនៅក្នុងខេត្តកោះកុង ដែលអាចទៅដល់តាមទូកតែម្យ៉ាងគត់។ ព័ទ្ធជុំវិញដោយធម្មជាតិដ៏ស្រស់ស្អាតនៃខេត្តកោះកុង ភាពយន្តនេះបង្ហាញពីទិដ្ឋភាពក្មេងៗទៅសាលារៀន និងក្ដីសុបិនក្នុងជីវិតរបស់ពួកគេ។
ចាក់បញ្ចាំងនៅថ្ងៃទី៩នេះ នៅ មជ្ឈមណ្ឌលបុប្ផាណា ម៉ោង ១០:៣០នាទីព្រឹក។