- 2017-05-12 07:03:16
- ជីវិតតារា
មិនធម្មតា ស្រីស្អាត ប៊េប៊ី ព្រលែងជិត១០រឿងចោលទទេ
- 2017-05-12 07:03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា ស្រីស្អាត ប៊េប៊ី ព្រលែងជិត១០រឿងចោលទទេ
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីការិនីកញ្ញា ប៊េប៊ី បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះ នាងបានបដិសេធមិនទទួលការថតជិត១០រឿងពីសំណាក់ផលិតកម្មមួយចំនួន ដែលចង់បាននាងទៅសម្ដែងឲ្យ។
ការមិនទទួលថតនេះ ត្រូវបានស្រីស្អាតរូបនេះបញ្ជាក់ថា មិនមានពេលគ្រប់គ្រាន់ ព្រោះនាងជាប់ចុះច្រៀងតាមខេត្តច្រើន ស្ទើរមិនមានពេលសម្រាក។"សុទ្ធតែតួឯកទាំងអស់បង ប៉ុន្តែខ្ញុំជាប់ចុះច្រៀងតាមខេត្តច្រើនណាស់ អីចឹងអត់ហ៊ានទទួលទេ ចាំចប់រដូវប្រាំងនេះសិន បានចូលថតវិញ"។
ក្រៅពីមិនមានពេល ប៊េប៊ីប្រាប់ថា តម្លៃក៏ចោទជាបញ្ហាដែរ។ នាងថា ការថតរឿង និងតម្លៃនៃការចុះច្រៀងតាមខេត្ត មិនសូវជាខុសគ្នាប៉ុន្មាននោះឡើយ។ ទាំងនេះហើយ ដែលនាំឲ្យនាងសម្រេចជ្រើសរើសការច្រៀង អាទិភាពជាង។ រាល់ថ្ងៃ ប៊េប៊ី បានបន្ថែមក្រុមរាំផ្ទាល់ខ្លួនថែមទៀត ដើម្បីវាយលុកទីផ្សារ។
កញ្ញា ប៊េប៊ី ទើបតែផ្អាកការថតភាពយន្តខ្ទង់ថ្ងៃទី ០៤ និងទី ០៥ ខែនេះទេ។ កន្លងមកតារាស្រីរូបនេះធ្លាប់ថតភាពយន្តបានជិត១០រឿងមកហើយ ក្នុងនោះមានដូចជា រឿង"មរតកបេះដូង" "វេរាស្នេហ៍ឆ្លងភព" "ទឹកចិត្តប្រពន្ធ" "ឱកូនសម្លាញ់"និងរឿង "ពូជខ្ញុំអីចឹងវគ្គ២" ជាដើម។ ក្រៅពីតារាសម្ដែងនិងជាតារាចម្រៀង បច្ចុប្បន្ននាងគឺជាពិធីការិនីក្នុងកម្មវិធី A1 របស់ MyTVផងដែរ។
នាងថ្លែងឲ្យដឹងទៀតថា ប្រហែលជានៅចុងខែ កក្កដា ឆ្នាំ២០១៧ ខាងមុខនេះ នាងនឹងទទួលការថតភាពយន្តឡើងវិញ ព្រោះទម្រាំដល់ពេលនោះ ការចុះច្រៀងតាមខេត្ត លែងសូវមានទៀតហើយ។ ចំពោះភាពយន្តដែលនាង នឹងទទួលថតជាថ្មីឡើងវិញនោះ តារាស្រីរូបនេះមិនទាន់ប្រាប់ឲ្យដឹងទេ ប៉ុន្តែនាងប្រាប់ឲ្យដឹងថា ខាងផលិតកម្មរង់ចាំតែនាងឆ្លើយអូខេប៉ុណ្ណោះ៕