បេប៊ី គ្រប់១៩ឆ្នាំយប់មិញ ឡើងថ្លៃខ្លួន
តារាសម្ដែងកញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី បានធ្វើខួបគម្រប់១៩ឆ្នាំកាលយប់មិញ ដោយក្នុងពិធីខួបនេះ នាងបានប្រាប់ថា តម្លៃខ្លួនលើការងារសិល្បៈបានផ្ដើមឡើងខ្លាំងគួរសម បើប្រៀបធៀបកាលដែលខ្លួនចូលសិល្បៈដំបូង។
ការឡើងនេះ គឺឡើងរហូត ដល់ទៅគុណនឹង៣ ទៅ៤ ដងឯណោះ ប៉ុន្តែ បេប៊ី មិនបានបញ្ចេញតម្លៃខ្លួនពិតដែលនាង ទទួលបានពីការថតម្ដងឡើយ។ "លូវហ្នឹងការងារច្រើន តម្លៃខ្លួន ក៏តាមនោះដែរ អាចឡើង៣ ទៅ៤ ដងអីដែរ បើប្រៀបធៀបការចូលសិល្បៈដំបូង"។ បេប៊ីលើកឡើង។
ជុំ រចនាពេជ្រ ហៅ បេប៊ី បានចូលសិល្បៈ ក្នុងអំឡុងចុងឆ្នាំ២០១៣ តាមរយៈការសម្ដែង និង ដើរម៉ូដជាដើម។ ទន្ទឹងនឹងនោះ តារាស្រីវ័យ១៩ឆ្នាំម្នាក់នេះ ក៏មានទេពកោសល្យផ្នែកចម្រៀងផងដែរ ជារឿយៗនាងតែងមានមុខច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជានៅតាមការប្រគំតន្ត្រីតាមបណ្ដាខេត្តជាដើម។ ចំពោះការសម្ដែងភាពយន្ត បេប៊ី សម្ដែងរឿងភាគ និងច្រៀងឲ្យផលិតកម្មមហាហង្ស ដូចជារឿង “ឱ!កូនសំលាញ់” រឿង “ទឹកចិត្តប្រពន្ធ” និង រឿងមួយចំនួនទៀត។
កញ្ញា បេប៊ី បានលើកឡើងថា បច្ចុប្បន្នមានអ្នកដឹកនាំសម្ដែងទាក់ទងមកច្រើន ដើម្បីថតរឿង ក៏ដូចជាស្ប៉តពាណិជ្ជកម្មជាដើម ប៉ុន្តែការងារមួយចំនួននាងត្រូវបង្ខំចិត្តបដិសេធន៍ចោល ដោយសារតែតម្លៃមិនត្រូវគ្នា និងមិនមានពេលគ្រប់គ្រាន់ ព្រោះរាល់ថ្ងៃនាងជាប់បន្តការសិក្សាបន្ថែមឡើង លើជំនាញភាសាអង់គ្លេស។
ងាកមកពិធីខួបកំណើតយប់មិញវិញ បេប៊ី បានប្រាប់ថា បានធ្វើទ្រង់ទ្រាយតូចជាងឆ្នាំកន្លងទៅ ត្បិតអីមិនបានព្រាងទុក។ ភ្ញៀវដែលនាងបាន អញ្ជើញប្រហែលជា១០០នាក់ ក្នុងនោះអ្នកសិល្បៈប្រហែលជា៥០%៕
អត្ថបទ៖ ខុត សីហា