ជម្លោះរវាង Brad Pitt និង Maddox ថតជាប់កាមេរ៉ាសុវត្ថិភាព
តារាហូលីវូដ Brad Pitt ត្រូវបានភ្នាក់ងារជាច្រើន ស៊ើបអង្កេតករណីវាយធ្វើបាបរាងកាយ និងប្រើពាក្យសម្ដីមិនសមរម្យដាក់កូនចិញ្ចឹមរបស់ខ្លួន Maddox លើយន្តហោះឯកជនពួកគេ កាលពីសប្ដាហ៍មុន។
ជម្លោះវាយធ្វើបាបទាំងនេះ បានធ្វើឲ្យអ្នកស្រី Angelina Jolie សម្រេចដាក់ពាក្យលែងលះ Brad ភ្លាមៗតែម្ដង។ នៅថ្ងៃនេះទស្សនាវដ្ដីអាមេរិក US Weekly បានរាយការណ៍ថា ជម្លោះចោទប្រកាន់ខាងលើ អាចនឹងដឹងច្បាស់ ក្រោយវីដេអូកាមេរ៉ាសុវត្ថិភាពនៅព្រលានយន្តហោះ រដ្ឋមីនីសូតា ដែលពួកគេឈប់ចាក់សាំង ថតបានសកម្មភាព Pitt និងកូនចិញ្ចឹមជនជាតិខ្មែរ Maddox មានជម្លោះនឹងគ្នា។
ទោះជាវីដេអូថតជាប់ មិនទាន់ត្រូវបានទម្លាយជាសាធារណៈ ប៉ុន្តែប្រភពដែលបានមើលវីដេអូនោះនិយាយថា " Brad Pitt បានស្រែកគំហកខ្លាំងៗជាច្រើនម៉ាត់ តែមិនឃើញវាយធ្វើបាបលើរាងកាយ Maddox ឡើយ"។
គួររម្លឹកថាគ្រួសារ Jolie- Pitt អមជាមួយកូនទាំង៦នាក់ បានធ្វើដំណើរតាមយន្តហោះឯកជនពីទីក្រុង Nice ប្រទេសបារាំង ទៅកាន់ទីក្រុង Burbank រដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃពុធទី ១៤កញ្ញា និងបានឈប់ចាក់សាំងនៅប្រលានយន្តហោះអន្តរជាតិ Falls រដ្ឋមីនីសូតា។
ប្រភពពីខាង Pitt ប្រាប់ US Weekly ដដែលថា ពួកគេបានកើតជម្លោះលើយន្តហោះពេលចុះចត ក្រោយ Pitt ផឹកស្រាស្រវឹង រួចវាយធ្វើបាបអ្នកស្រី Angie ហើយ Maddox បានចូលទៅការពារម្ដាយ។ ករណី Pitt និង Maddox កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយនាយកដ្ឋានការពារកុមារ និងគ្រួសារ និងភ្នាក់ងារ FBI នៅឡើយ៕
ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail