ព្រះកាយ ច័ន្ទ ផ្ទៃមុខវះកាត់តែមួយកន្លែងទេ
ទន្ទឹមនឹងសម្រស់កាន់តែស្រស់ស្អាត ស្រដៀងនឹងតុក្កតា មានប្រិយមិត្តមួយចំនួនលើកឡើង ព្រះកាយ ច័ន្ទ ធ្លាប់ឆ្លងកាត់ការកែសម្ផស្សច្រើនកន្លែង ប៉ុន្តែធាតុពិត នាងប្រាប់ថា កែតែច្រមុះមួយទេ។
ព្រះកាយ ច័ន្ទ ថ្លែង៖ "មុខខ្ញុំមិនមែនធម្មជាតិទេបង គឺខ្ញុំមានការវះកាត់មួយកន្លែងត្រង់ច្រមុះ ប៉ុន្តែមានបងប្អូនមួយចំនួនគិតថា ខ្ញុំកែច្រើនកន្លែង ព្រោះមើលទៅគេថាមុខឡើងដូចតុក្កតា"។
តារាស្រីរូបនេះ បន្តឲ្យដឹងទៀតថា រាល់ការចំណាយលើការកែសម្ផស្សមិនមែនជាការចំណាយខ្ជះខ្ជាយនោះទេ ផ្ទុយទៅវិញអាចជួយឲ្យនាងទទួលបានការងារល្អ ហើយអ្វីដែលពិសេសជាងនេះ គឺចំណេះដឹងគួបផ្សំផងដែរ។
"និយាយរួមទៅ សម្រស់ជាផ្នែកមួយសំខាន់ណាស់បង វាអាចជួយជំរុញឲ្យយើងឆាប់មានការងារ និងចំណុចសំខាន់មួយទៀត គឺផ្តោតទៅលើចំណេះដឹងដែរ បើអត់ចំណេះ មានតែសម្រស់ក៏ពិបាកដែរបង។ មួយវិញទៀត មិនមែនសម្រាប់តែតារាទេបង គឺមនុស្សគ្រប់រូប បើសិនជាចង់ស្អាត គួរតែទៅកែសម្ផស្សទៅ"។ ព្រះកាយ ច័ន្ទ បន្ថែម។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការវះកាត់កែសម្ផស្ស ព្រះកាយ ច័ន្ទ ប្រាប់ថា មានការព្រួយបារម្ភដែរ ប៉ុន្តែសម្រាប់នាង មុននឹងធ្វើអ្វីមួយ គឺត្រូវពិនិត្យមើលដែរ ថាកន្លែងណាដែលនាងអាចទុកចិត្តបាន ទើបហ៊ានវះកាត់៕
អត្ថបទ៖ ថា ម៉ាលីដា