ដឹងអត់ ម៉េង ប៊ុនឡូ បាត់មុខពីសិល្បៈមួយរយៈធំទៅណាវិញ?
“ទោះជាមិនបានចេញមុខតាមទូរទស្សន៍អស់រយៈពេលជិត ១០ ឆ្នាំមកហើយក៏ដោយ ក៏ខ្ញុំមិនបានទៅឆ្ងាយពីសិល្បៈដែរ ដោយរាល់ថ្ងៃខ្ញុំមានតួនាទីជាអ្នកផលិតកម្មវិធីនៅស្ថានីយ៍ទូរទស្សន៍មួយ។” នេះជាការលើកឡើងរបស់ លោក ម៉េង ប៊ុនឡូ ប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
តារាចម្រៀង សម្ដែង និង ជាដៃគូដ៏សក្ដិសមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងរឿង "ចៅពស់កេងកង” លោក ម៉េង ប៊ុនឡូបានឲ្យដឹងថា រាល់ថ្ងៃលោកមានភាពមមាញឹកក្នុងនាមជាអ្នកដឹកនាំកម្មវិធីរបស់ស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ១១ ដោយកាន់បីកម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានមុខរបរមួយផ្សេងទៀត ដែលមិនឆ្ងាយពីសិល្បៈដដែល គឺអ្នកទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្ត្រី។
“ខ្ញុំរវល់ខ្លាំងជាមួយមុខងារជាអ្នកផលិតកម្មវិធី និង មានជំនួញផ្ទាល់ខ្លួនដូចជាអ្នករៀបចំភ្លើង មានស្ទូឌីយោថតបទចម្រៀង អ្នកនិពន្ធទំនុកភ្លេង និងចម្រៀងតាមអតិថិជនត្រូវការ ជាដើម។” ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជាលោកបានមុខមិនឃើញក្នុងកម្មវិធីអ្នកសិល្បៈរួមអាជីពសោះអីចឹង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ? លោកបានបកស្រាយថា មកពីមានការងារច្រើនពេកទើបមិនអាចមានពេលគ្រប់គ្រាន់ ដោយថ្ងៃដែល អ្នកសិល្បៈមានកម្មវិធីអ្វីមួយខ្ញុំបែរជាជាប់នៅតាមបណ្ដារខេត្ត ព្រោះក្នុងនាមអ្នកជាទទួលរៀបចំគ្រប់កម្មវិធីប្រគំតន្ត្រី ដូចនេះហើយមិនអាចដកឃ្លារួច។ ទម្រាំតែដល់ខេត្តវស្សាតារាៗក៏គេលែងសូវមានកម្មវិធីដែរហើយ។"
តារាប្រុសវ័យ ៣៦ ឆ្នាំ រូបនេះ បានបញ្ជាក់បន្ថែមទៀតថា មួយរយៈនេះ លោកបញ្ចប់ពីរកម្មវិធី ដូចនេះលោកមានពេលទំនេរច្រើន និង អាចទទួលថតខ្សែភាពយន្តឡើងវិញពេញដៃពេញជើងបានហើយ ហើយ ប៊ុនឡូ ក៏ទើបទទួលបានដំណឹងល្អពីលោក ហ្វៃ សំអាង ពីការថតខ្សែភាពយន្តដែរ។ "ពីមុនទទួលថតបានតែអ្នកស្គាល់ជិតស្និទ្ធទេព្រោះពួកគាត់យោគយល់ថតបានត្រឹមថ្ងៃ សៅរ៍ អាទិត្យទេ តែឥឡូវអាចបានច្រើនថ្ងៃជាងមុន។”
សូមរំលឹកពីស្នាដៃ ម៉េង ប៊ុនឡូ តិចកាលពីជិត ១០ ឆ្នាំមុន គឺលោកធ្លាប់បានសម្ដែង ដូចជារឿង "ចៅពស់កេងកង រឿងភាគ រលកសំឡេង និង មានរឿងជាច្រើនទៀត ដែលធ្វើឲ្យគេ ប៊ុនឡូ ទទួលបានភាពល្បីល្បាញពេញផ្ទៃប្រទេស៕”
អត្ថបទ៖ទ្រី រ៉ាវី
រូបថត៖ Facebook