សុះ ម៉ាច ដឹកនាំសមាជិក យកអំណោយទៅជូនព្រឹទ្ធាចារ្យសិល្បៈ ស៊ិន សាម៉ាដឹកឆូ
លោក សុះ ម៉ាច បានដឹកនាំសមាជិកសមាគមសិល្បករខ្មែរ ១ ក្រុមទៅដល់ផ្ទះព្រឹទ្ធាចារ្យសិល្បៈបុរាណ ស៊ិន សាម៉ាដឹកឆូ ដើម្បីសាកសួរសុខទុក្ខ និង នាំយកថវិកាជិត ២០០ ដុល្លារប្រគល់ជូនលោកយាយ សម្រួលភាពខ្វះខាតក្នុងបច្ចុប្បន្ន។
នៅក្នុងជំនួបនោះ ប្រធានសមាគមខាងលើបានសម្ដែងនូវការសោកស្ដាយ ព្រោះកន្លងមកមិនបានទទួលដំណឹងនេះទេ ហើយការគិតគួរនៅតែមានសម្រាប់អ្នកសិល្បៈទូទៅ។ លោកបន្តថា ទោះបីជាសមាគមមិនមានលទ្ធភាពជួយឱ្យបានច្រើនជាដុំកំភួន ក៏អាចកៀរគររកសប្បុរសជន ដើម្បីជួយបន្តបន្ទាប់ផងដែរ។
“ប្រមុខរាជរដ្ឋាភិបាលសម្ដេច តេជោ លោកបានមានប្រសាសន៍ថា សូមឱ្យនាំគ្នាថែរក្សាសម្បត្តិមរតកមនុស្សរស់។ គាត់នេះហើយ ជាមរតកមនុស្សរស់នោះ"។ លោកបន្ថែមថា សមាគមសិល្បករខ្មែរមិនដែលព្រងើយកន្តើយ ដោយមិនឈឺឆ្អាលចំពោះព្រឹទ្ធាចារ្យនោះទេ ប៉ុន្តែដោយសារបាត់ដំណឹងឈឹង ទើបតែបានឃើញតាមបណ្ដាញសង្គម។
ជាមួយគ្នានោះ ឯកឧត្ដម កុយ ស៊ីដឿន ដែលទើបទទួលតំណែងជាអនុប្រធានសមាគមសិល្បករ កាលពីពេលថ្មីនេះ បានសម្ដែងនូវការអាណិតអាសូរចំពោះអតីតនាដការី សាម៉ាដឹកឆូ។ លោកថា ការជំនួយរបស់សមាគមមិនគ្រប់គ្រាន់សម្រាប់ព្យាបាលលោកយាយឱ្យជាសះស្បើយបានទេ ប៉ុន្តែជាគំរូ ដើម្បីបំផុសឱ្យមានការចូលរួមបន្ថែមទៀតពីសប្បុរសជននានា។
ទីប្រឹក្សាក្រសួងព័ត៌មានរូបនេះ ស្នើដល់ក្រសួងមន្ទីរពាក់ព័ន្ធធ្វើយ៉ាងណា បង្កើនការយកចិត្តទុកដាក់ចំពោះសិល្បករចូលនិវត្តន៍ ដែលមរតកមនុស្សរស់ និងជួយដល់ពូកគាត់។ អនុប្រធានរូបនេះអះអាងថា លោកនឹងព្យាយាមអស់លទ្ធភាព ដើម្បីជួយដល់សិល្បករវ័យចំណាស់។ ចំណែកសិល្បករក្រោយ ក៏គួរតែចេះជួយដល់សិល្បករជំនាន់មុនដែរ៕
https://youtu.be/iMGLMV9nuMY
អានអត្ថបទ៖ តារាខ្មែរល្បីៗ ២-៣នាក់ រងធម៌ក្ដៅរបស់ Facebook
អានអត្ថបទ៖ មើលនេះ! សម្រស់តារាស្រីថៃទាំង ៥ រូប ធ្លាប់មកកម្ពុជា
អត្ថបទ៖ សំ ជំនាញ