• 2019-04-04 02:58:20
  • ព័ត៌មាន

បាន​ធ្វើ​ជា​ដៃគូ​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត សុខ សោម៉ាវត្តី និង មុំ សុធារ៉ា លេង​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក

  • 2019-04-04 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស ស្រី ល្បី​ឈ្មោះ​២​ដួង គឺ មុំ សុធារ៉ា និង សុខ សោម៉ាវត្តី បាន​វិល​មក​ប៉ះ​គ្នា​ទៀត​ហើយ ក្នុង​រឿង​ថ្មី​របស់​ពួក​គេ "ក្មេង​ទី​៦" ដែល​ទើប​បើក​សម្ពោធ​នា​យប់​មិញ​នេះ ស្រប​ពេល​ពួក​គេ​បាន​ពោល​សរសើរ​ពី​គុណ​សម្បត្តិ​របស់​ពួក​គេ​រៀង​ខ្លួន។

នេះ​ជា​ការ​ជួប​ប៉ះ​គ្នា​លើក​ទី​២ របស់​តួ​អង្គ​ប្រុស ស្រី​ទាំង​ទ្វេ។ កាល​ពី​លើក​ទី​១ ពួក​គេ​ធ្លាប់​បាន​ប៉ះ​គ្នា​ម្ដង​នៅ​ក្នុង​រឿង "ជួយ​អូន​ផង" កាល​ពី​ឆ្នាំ ២០១៦ ក្នុង​ផលិតកម្ម​តែ​មួយ​ជាមួយ​នឹង​ខ្សែ​រឿង​ខាង​លើ​ដែរ គឺ​ផលិតកម្ម Clip Media។ ឆ្លង​កាត់​បទ​ពិសោធន៍ ទាំង​ពីរ​លើក​នេះ សោម៉ា​វត្តី បាន​រក​ឃើញ​ចំណុច​លេច​ធ្លោ​របស់​ដៃគូ។

អ្នក​មេម៉ាយ​រូប​ស្រស់ លើក​ឡើង​ថា ដៃគូ មុំ សុធារ៉ា គឺ​ជា​មនុស្ស​ពូកែ​យល់​ចិត្ត និង​ចេះ​ជួយ​ជ្រោមជ្រែង​ក្រុម​ការងារ។ "និយាយ​ទៅ​គាត់​ល្អ ដោយ​សារ​គាត់​ជា​តារា​សម្ដែង​អាជីព អីចឹង​ការ​សម្ដែង​របស់​គាត់​មិន​សូវ​ធ្វើ​ឲ្យ​មាន​កំហុស អីចឹង​អ្វី​ៗ​ដំណើរ​ការ​រលូន។ ម្យ៉ាង​ទៀត ពួក​យើង​សម្ដែង​ដោយ​សហការ​គ្នា​បាន​ល្អ យើង​កែ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​គាត់​ខុស ឬ​ស្ទើរ​ចំណុច​ណា ខ្ញុំ​កែ​គាត់ ហើយ​ពេល​ខ្ញុំ ខុស​គាត់​កែ​ខ្ញុំ គឺ​កែ​គ្នា​ម្ដង​ម្នាក់​ចឹង​ទៅ!”។

វិល​មក​តួ​ឯក​ប្រុស មុំ សុធារ៉ា វិញ​ក៏​ដោយ​គ្នា ដោយ​លោក​បាន​លើក​សរសើរ​ដៃគូ​សម្ដែង​របស់​ខ្លួន​លើ​ឆាក​តែ​ម្ដង។ លោក​ឲ្យ​ដឹង​ថា អ្នក​មេម៉ាយ គឺ​ជា​ដៃគូ​សម្ដែង​ដ៏​ល្អ​មួយ​រូប ដែល​ចេះ​ជួយ​កែ​តម្រូវ​គ្នា​នៅ​ក្នុង​ការងារ​សម្ដែង ជា​ហេតុ​ធ្វើ​ឲ្យ​ការ​សម្ដែង​ក្នុង​រឿង "ក្មេង​ទី​៦" ប្រព្រឹត្ត​ទៅ​បាន​រលូន និង​ចប់​ទៅ​តាម​ផែន​ការ។ តួ​ប្រុស​ស្រី​ទាំង​ពីរ លើក​សរសើរ​គ្នា​នៅ​ក្នុង​ការ​សម្ដែង ដោយ​ឡែក​ជីវិត​ពិត​វិញ មិន​មាន​អ្វី​លើស​នេះ​ឡើយ។

ម្យ៉ាង​ភាគី​ខាង​ស្រី នៅ​ជាប់​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​តារា​បាល់​ទាត់​រូប​សង្ហារ លី វ៉ាហេទ នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី រឿង​រៀប​ចំ​ជីវិត​គូ​សារ​ជា​ថ្មី សោម៉ាវត្តី បញ្ជាក់​ថា នាង​នៅ​មិន​ទាន់​គិត​គូរ​ទេ។

រឿង "ក្មេង​ទី៦" គឺ​ជា​ខ្សែ​ភាពយន្ត​ទី​២ បន្ទាប់​ពី​រឿង "ជួយ​អូន​ផង" ដែល​ផលិត​ដោយ​ផលិតកម្ម Clip Media។ រឿង​នេះ ត្រូវ​បាន​រៀប​ចំ​បើក​សម្ពោធ​យប់​មិញ​នេះ នៅ Eden Garden ជាមួយ​នឹង​ការ​ចូល​រួម​របស់​ភ្ញៀវ​កិត្តិយស​ជា​ច្រើន។ ចំណុច​គួរ​ចាប់​អារម្មណ៍ ក្រៅ​ពី​សិល្បករ​ដែល​មាន ដូច​ជា សោម៉ា​វត្តី សុធារ៉ា លាង ឧត្តម និង​សឿន ផាភួង ជា​ដើម គេ​ឃើញ​មាន​ទាំង​ឧកញ៉ា ឯកឧត្ដម ព្រម​ទាំង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​មួយ​ចំនួន​ផង​បាន​ចូល​រួម។

វត្តមាន​របស់​បុគ្គល​មាន​មុខ​មាន​មាត់​ក្រៅ​រង្វង់​សិល្បៈ​ទាំង​នោះ ត្បិត​គេ​ដឹង​ថា ថ្នាក់​ដឹកនាំ​ផលិតកម្ម​ខាង​លើ ក៏​ជា​មន្ត្រី​មាន​មុខ​មួយ​រូប​នៅ​ក្រសួង​ទេសចរណ៍​ផង។ ដោយ​សុំ​មិន​ធ្វើ​បទ​សម្ភាសន៍​ទាំង​ឡាយ​ជុំវិញ​សាច់​រឿង​ខាង​លើ ពិសេស​តួលេខ​អំពី​ទុន​វិនិយោគ លោក​ស្រី ហួត រិទ្ធដា ជា​នាយក​គ្រប់​គ្រង​ទូទៅ បាន​បញ្ជាក់​ថា​រឿង "ក្មេង​ទី​៦" របស់​លោក​ស្រី នឹង​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ នៅ​គ្រប់​រោង​ភាពយន្ត​ធំ​ៗ​នៅ​រាជធានី៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី