លី លានជា បង្ហាញមុខជាលើកដំបូង លុបបំបាត់ពាក្យចចាមអារ៉ាមទទួលមរណភាព
តារាសម្ដែងលំដាប់ជួរមុខរបស់ចិន Jet Li បានបំបិទចោលរាល់ព័ត៌មានដែលចុះផ្សាយថាខ្លួនបានទទួលមរណភាពដោយការបង្ហាញខ្លួននៅសណ្ឋាគារមួយនៅទីក្រុងប៉េកាំង។
កាលពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅនេះ បណ្ដាញព័ត៌មាន Phoenix បានរាយការណ៍ថា តារាសម្ដែងក្បាច់គុនល្បីឈ្មោះ Jet Li បានមានវត្តមាននៅទីក្រុងប៉េកាំង ប្រទេសចិនដើម្បីបេសកកម្មសហគមន៍មួយចំនួន។ រាល់សកម្មភាពរបស់តួរឿង "វ៉ាង ហ្វីហុង" ត្រូវបានរក្សាការសម្ងាត់ទាំងស្រុង។ ក្រុមអ្នកកាសែតត្រូវចាំអស់រាប់ម៉ោងទើបបានជួបសិល្បករវ័យ៥៣ឆ្នាំ។
នៅពេលបង្ហាញខ្លួន លី លានជាមានពាក់វ៉ែនតាខ្មៅ និងត្រូវបានការពារដោយអង្គរក្សជាច្រើនរូប។ សិល្បកររៀមច្បងរូបនេះបានញញឹមនៅពេលបានឮពាក្យលើកទឹកចិត្តពីអ្នកកាសែត។ តារាសម្ដែងកើតឆ្នាំ១៩៦៣បានបដិសេធនឹងសំណួរទាក់ទងនឹងព័ត៌មានសុខភាពរបស់លោកបានឈានដល់ដំណាក់កាលចុងក្រោយ។
គួរបញ្ជាក់ផងដែរ មុននោះ រាល់បណ្ដាញព័ត៌មានតូចធំរបស់ចិនបានចុះផ្សាយថា តួរឿង "League of Gods” បានចែកឋានហើយនៅក្នុងអាយុ៥៣ឆ្នាំដោយសារជំងឺគាំងបេះដូង។ អ្នកគាំទ្ររបស់តារារូបនេះកាន់តែភ័យស្លន់ស្លោនៅពេលតំណាងក្រុមហ៊ុនរបស់លោកមិនព្រមបញ្ចេញមតិទាល់តែសោះ។ យ៉ាងណាក៏ដោយ ទស្សនិកជនបានធូរចិត្តហើយនៅពេលនេះដោយសង្កេតឃើញថាអាការៈរបស់លី លានជាមិនធ្ងន់ធ្ងរដូចអ្វីដែលគេលើកឡើង៕
ចុចអាន៖ព័ត៌មានលី លានជាទទួលមរណភាពព្រោះគាំងបេះដូង កំពុងរំជួលនៅចិន
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing