អង្គរសង្ក្រាន្តឆ្នាំនេះ ចន្ធី វល័ក្ខ ដើរតួម្ដាយមានកូន២នាក់!
ចន្ធី វល័ក្ខ តួឯកស្រីក្នុងស្ប៉តពាណិជ្ជកម្មអង្គរសង្ក្រាន្តឆ្នាំចាស់ ២០១៤នោះ ឆ្នាំនេះ បានក្លាយជាតួម្ដាយវិញនៅឆ្នាំនេះ។ នេះបើតាមសាមីខ្លួន។
តួស្រីក្នុងរឿង "ទឹកចិត្តភរិយា" រូបនេះ ប្រាប់ទៀតថា តំណែងជាតួម្ដាយនេះ មិនមែនក្នុងស្ប៉តពាណិជ្ជកម្មអង្គរសង្ក្រាន្តឆ្នាំ២០១៥នេះឡើយ។ ប៉ុន្តែនាងសម្ដែងជាតួនេះ ក្នុងក្រុមមួយដែលមានឈ្មោះហៅថា "គ្រួសារអង្គរ" ។
"ក្នុងក្រុមគ្រួសារអង្គរនេះ ខ្ញុំដើរជាតួម្ដាយមានកូនពីរនាក់ហើយស្លៀកពាក់បុរាណៗ ឲ្យដូចជាអ្នកស្រុកអង្គរអីចឹង។ ឥឡូវខ្ញុំជាម៉ែតែតួឪពុក និងតួកូនរកអត់ទាន់បាននៅឡើយទេ(សើច)!” តារាស្រីវ័យ ១៩ឆ្នាំរូបនេះ បានបន្តទៀតថា តួអង្គគ្រួសារអង្គរ នាងមាននាទីឈរនៅទីកន្លែងនានាតាមការកំណត់ និងក្នុងពេលវេលាជាក់លាក់មួយ ចាប់តាំងពីថ្ងៃទីចូលឆ្នាំទី១ដល់បញ្ចប់។
ធ្វើដូច្នេះ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចមកជួប និងថតរូបអនុស្សាវរីយ៍ជាមួយ។ យ៉ាងណាក៏ដោយ នាងមិនដឹងច្បាស់ថា កន្លែងណាខ្លះដែលនាងនឹងត្រូវតម្រូវឲ្យឈរនោះឡើយ។
ក្រៅពីការងារក្នុង "ក្រុមគ្រួសារអង្គរ" ចន្ធី វល័ក្ខ នៅបានឲ្យដឹងទៀតថា នាងក៏មានភារកិច្ចត្រូវធ្វើទៀតដែរនៅក្នុងឱកាសអង្គរសង្ក្រាន្តឆ្នាំ២០១៥នេះ ក្នុងនោះនាងនឹងឡើងឆាកតន្ត្រីកម្មវិធីដ៏ធំនេះទៀតនៅថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ មេសា មុនពេលលាទឹកដីអង្គរវិលមកកាន់រាជធានីភ្នំពេញវិញ៕
ចង់ថតរូបជាមួយគ្រួសារអង្គរ កុំភ្លេចទៅរក ចន្ធី វល័ក្ខ ណា៎!!!
អត្ថបទ៖ ទារិកា