• 2017-12-21 03:55:43
  • ព័ត៌មាន

អតីត​កំពូល​តារា​ស្រី​៣​រូប ចង់​ហក់​​ចូល​សិល្បៈ​​វិញ តែ​ហាក់​គ្មាន​ទីផ្សារ

  • 2017-12-21 03:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឿ សុធារ៉ា កែវ ពេជ្រពិសី និង ឌុច សោភា សុទ្ធ​តែ​ជា​កំពូល​ស្រី​ស្អាត ដែល​ល្បីល្បាញ​ខ្លាំង​​​ក្នុង​វិស័យ​សម្ដែង​កាល​ពី​ប្រមាណ​ជិត​១០​មុន។ បន្ទាប់​ពី​​បាត់​មុខ​មួយរយៈ​ធំ​ ប្រជាប្រិយ​ភាព​របស់​អ្នក​ទាំង​៣ ហាក់​ស្រុត​ចុះ​ខ្លាំង​ និង​មិន​សូវ​ទទួល​បាន​ការងារ​សិល្បៈ​នោះទេ ទោះ​ប្រកាស​ចូល​ប្រលូក​វិញ​ពេញ​ទំហឹង​ក្ដី​។ តារា​សម្ដែង​ស្រី​៣​រូប​នោះ​មាន​ដូចជា៖

១ សឿ សុធារ៉ា៖

កំពូល​តារា​​សម្ដែង​សាច់​ស​ដូច​បណ្ដូល​ចេក សឿ សុធារ៉ា បាន​ផ្ដាច់​​ពី​សិល្បៈ​​ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​៣​យប់​ ៣​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​ជា​មួយ​អតីត​តារា​ចម្រៀង សាពូន មីដាដា​។ ដោយ​ជាប់​ភារកិច្ច​មើល​ខុស​ត្រូវ​ជំនួញ និង​មើលថែបុត្រ​ផង​នោះ តារា​ស្រី​ខាង​លើ​បាន​ពន្យារ​ពេល​វិល​​ចូល​សិល្បៈ​​វិញ​រហូត​ជាង​៥​​​ឆ្នាំ។

នៅ​អំឡុង​ឆ្នាំ​២០១៦ សឿ សុធារ៉ា បាន​ប្រកាស​ត្រលប់​ចូល​សិល្បៈ​ជា​រឿយៗ តែ​ហាក់​មិន​សូវ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ផលិតករ​ណា​ឡើយ។ ទន្ទឹម​គ្នានេះ ជានិច្ចកាលគេ​សង្កេត​ឃើញ​ថា​​នាង​តែង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សប្បុរស​ធម៌ និង​ពិធី​ជប់លៀង​ផ្សេងៗ​របស់​ជា​សិល្បករ​ចាស់​ថ្មី​ជា​ច្រើន​ទៀត​​។ រហូត​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ក៏​លេច​ដំណឹង​ថា តួ​ឯក​ក្នុង​រឿង​ "មា​យា​ស្ត្រី" ​​​បាន​​ពពោះ​កូន​ទី៣​ ទើប​វត្តមាន​នាង​ក្នុង​សកម្មភាព​សិល្បៈ​ហាក់​រង្វើល​ជា​ថ្មី។ ​​​​

២ ឌុច សុភា៖

ក្រោយ​បែប​បាក់​ស្វាមី​ដែល​ជា​អាណិកជន ស្រី​ស្អាត​ដែល​ល្បី​ល្បាញ​ខ្លាំង​កាល​ពី​ជិត​១០​ឆ្នាំ​មុន​នេះ បាន​ប្រកាស​ចូល​សិល្បៈ​តាម​បណ្ដាញ​ទំនាក់ទំនង​របស់​នាង​កាល​ពី​ចុង​ឆ្នាំ​២០១៦​ដោយ​សរសេរ​ថា៖ "បើ​ខ្ញុំ​ចូល​សិល្បៈ​វិញ​ តើ​​អ្នក​ទាំង​អស់​​គាំទ្រ​ទេ?”​

កាលណោះ​ ឌុច សុភា ក៏​បាន​បញ្ជាក់​ប្រាប់​ Sabay ដែរ​ថា អ្នកនាង​ពិត​ជា​ចូល​វិញ​មែន​ ហើយ​បើ​មាន​គេ​ហៅ​ថត គឺទទួល​ទាំង​អស់​ តែ​កន្លង​ផុត​ទៅ​ជិត​១​ឆ្នាំ​ហើយ វត្ត​មាន​របស់​នាង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ និង​ផ្ទាំង​សំពត់​ស​នានា​ ហាក់​នៅ​មាន​តិចតួច​នៅឡើយ។

៣ កែវ ពេជ្រ​ពិសី៖

ក្រោយ​របូត​ស្នេហ៍​ជា​មួយ​ស្វាមី តារា​ទឹកភ្នែក​ដ៏​លេចធ្លោ​រូប​នេះ​បាន​ស្រវា​ចាប់​ការងារ​សិល្បៈ​វិញ​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ គ្រា​នោះ​ ប្រជាប្រិយភាព​​នាង​ហាក់​លោត​ឡើង​គួរ​សម​ក្រោយ​សម្ដែង​ភាពយន្ត​ភាគ​ "ពន្លក​ស្នេហ៍​យុវវ័យ" ឲ្យ​ទូរទស្សន៍បាយ័ន។ ក្រោយ​មក​ទៀត​ នៅ​ឆ្នាំ​២០១៥​ទីផ្សារ​ភាពយន្ត​​របស់​នាង​ស្ងាត់​ឈឹង​ជា​ថ្មី​ ដោយ​នាង​ទទួល​បាន​តែ​ការងារ​ង​ថត​ MV បន្តិច​បន្តួច​ប៉ុណ្ណោះ។

សម្រាប់​​២​ឆ្នាំ​ចុង​ក្រោយ​នេះ វត្តមាន​ កែវ ពេជ្រពិសី ​ក្នុង​វិស័យ​​សិល្បៈ​​ស្ងាត់​សូន្យ​ស្ទើរ​តែ​ម្ដង​។ ក្នុង​នោះ​ នាង​ក៏​​ធ្លាប់​លើក​ឡើង​ថា បើ​នៅ​តែ​ស្ងាត់​ដូច​នេះ ខ្លួន​អាច​នឹង​បោះបង់ការងារ​សិល្បៈ​ ហើយ​មក​យក​ចិត្ត​ទុក​ដាក់​លើជំនួញ​វិញ៕​​​​​​​​​​​​​

អត្ថបទ៖ សុខណា

មតិយោបល់