• 2018-10-04 06:40:21
  • ចម្រៀង

ចម្រៀង ឌឺដងផ្លែផ្កា ស្នេហាតារា២ដួង កក្រើកក្រុងភ្នំពេញ កាលសម័យសង្គមរាស្រ្តនិយម

  • 2018-10-04 06:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ក្រៅតែ​ពី​តារា​ចម្រៀង​សំឡេង​មាស​ដែលប្រិយមិត្ត​ពេញ​និយម ​ដូច​លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី រស់ សេរីសុទ្ធា នៅ​មាន​តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ ដោយ​មាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ចាំ​ស្ដាប់​ចម្រៀង និង​ចាំ​ទិញ ​​កាសែត​ ឬ​ថាស​ចម្រៀង ដូចតម្រង​ជួរ​គ្នា​ដូច​គេ​ចាំ​ទិញ iPhone ក្នុង​សម័យ​នេះ​បែប​ហ្នឹង។ នេះ​បើ​តាម​ការ​រៀបរាប់​ឱ្យ​បាន​ដឹង​ដោយ លោក អ៊ុំ ដរ៉ា តន្រ្តី​កូដ​វីយូឡុង និង​ជា​កវី​និពន្ធ​បទ​ចម្រៀង​ឱ្យ ស៊ីន ស៊ីសាមុត​ ជា​ច្រើន​បទ​ផង​ដែរ​។

រូបលោក អ៊ុំ ដរ៉ា ពេលនៅវ័យក្មេង

នា​សម័យ​ដែល​សិល្បៈ​ជាតិ​ឈាន​ឡើង​ដល់​ចំណុច​កំពូល តារា​ចម្រៀង​ខ្មែរ​គ្រប់​រូប​ជា​និមិត្ត​រូប​ និង​ជា​អ្នក​បំពេ​អារម្មណ៍ ពញ្ញាក់​ស្មារតី​ស្នេហាជាតិ រក្សា​វប្បធម៌ សង្គម​ធម៌​ ដ៏​មាន​ប្រសិទ្ធភាព​ ទើប​ស្នាដៃ​តែង​និពន្ធ និង​ការ​លើក​យក​ចម្រៀង​មក​សម្ដែង​នានា​ហាក់​ទទួល​បាន​ការ​ចងចាំ​ឥត​ភ្លេច និង​រស់​ដល់​បច្ចុប្បន្ន ដែល​ផ្ទុយ​ពី​សម័យកាល​នេះ​ដែល​បទ​ចម្រៀង​ស្លាប់​មុន​ម្ចាស់ ដោយសារ​ខ្វះ​ខ្លឹមសារ​ និង​ភាព​ដើម​ជា​របស់​ខ្មែរ​។ នេះបើតាមលោក អ៊ុំ ដរ៉ា ផ្តល់ បទសម្ភាសកាលលោកមិនទាន់ធ្លាក់ខ្លួនឈឺ។

ខាង​ក្រោម​នេះ Sabay សូម​លើក​យក​ចម្រៀង ២ ចំណង​ជើង​ដែលតារា​ចម្រៀង​ពីរ​ដួង គឺ លោក អ៊ុំ សុផានុរក្ស ហៅយ៉ែល និងអ្នកនាង ហួយ មាស ដែល​ជា​អតីត​គូ​ស្វាមី​ភរិយាលើក​យក​មក​បក​ស្រាយ​ក្រោយ​ចែក​ផ្លូវ​ជាមួយគ្នា រហូត​មាន​អ្នក​និពន្ធ​ចម្រៀង​ខ្លះ​យក​ទៅ​តែង និង​ច្រៀង​បន្ទរ​បាន ៣ ចំណង​ជើង​ទៀត​។

បទទី ១ មានចំណងជើង ថា «សំឡេងទ្រខ្មែរ» ច្រៀងដោយ លោក អ៊ុំ សុផានុរក្ស ហៅយ៉ែល ទំនុកនិពន្ធដោយ កវីនិពន្ធ ម៉ាឡាពី រៀបរាប់​រឿងកោតចិត្តប្រពន្ធដែលហ៊ានក្បត់ចិត្តទៅរួមរស់នឹងគូថ្មី ឥតអាល័យប្ដីដែលស្រលាញ់គ្នា ហើយរៀបចំផ្សំផ្គុំដោយមេបាតាមច្បាប់ត្រឹមត្រូវ។

រូប Poster លោក អ៊ុំ សុផានុរក្ស និងអ្នកនាង ហួយ មាស

បន្ទាប់មក អ្នកនាង ហួស មាស ក៏បានពឹងពរ លោក ពៅ ស៊ីផូ ដែលជាកវិនិពន្ធដ៏ល្បីក្នុងសម័យនោះឱ្យនិពន្ធបទចម្រៀងតបទៅអតីតស្វាមី ដោយមានចំណងជើង ថា «ចិត្តខុសពីមុន» ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន និងកាលៈទេសៈដែលនាំឱ្យអ្នកនាងត្រូវចាកចេញពីសុភាពបុរសក្លែងក្លាយម្នាក់។ លុះក្រោយមកទៀត ក៏មានអ្នកចម្រៀងផ្សេងៗទៀតដែលស្រលាញ់គាំទ្រអ្នកទាំងពីរ បន្តច្រៀងឌឺដងគ្នាជាច្រើនបទ។

រឿងរ៉ាវ​ស្នេហា​ព្រាត់ប្រាស​របស់​តារា​ចម្រៀង​ទាំង ២ បាន​ក្លាយ​ជា​មេរៀន​ជីវិត និង​ការ​ពិភាក្សា​គ្នា​ក្នុង​ទសវត្សរ៍​ឆ្នាំ ៦០ និង ៧០ ហើយ​បទ​ចម្រៀង​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​មហាជន​តាមដាន​ចាំ​ស្ដាប់​ដូច​រឿង​ភាគ​តែ​ម្តង។ នេះ​បើ​តាម​ការ​រៀបរាប់​របស់ លោក សេង តារា អ្នក​ស្រាវជ្រាវ​ប្រវត្តិ​បទ​ចម្រៀង​ពី​ដើម​បក​ស្រាយ​ក្នុង​កម្មវិធី​ប្រវត្តិ​បទ​ចម្រៀង​របស់​ខ្លួន៕

ខាងក្រោមនេះជា សម្រង់វីដេអូខ្លី ស្នាដៃរៀបរាប់ និងស្រាវជ្រាវរបស់លោក សេង តារា អំពីបទចម្រៀងកាច់កុងគ្នាក្នុងសម័យសង្គមរាស្រ្តនិយម៖

អត្ថបទ៖ Sunny

មតិយោបល់
អត្ថបទពេញនិយម