• 2018-12-03 03:06:31
  • ស្ទីលតារា

ទាំងនេះជាតារាស្រីវ័យចាប់ពី៤០ ដល់៥០ឆ្នាំ មានសម្រស់លេចធ្លោជាងគេរបស់ TVB

  • 2018-12-03 03:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ភាគ​ច្រើន​បាន​ជ្រាប​រួច​មកហើយ​ថា​ ទូរទស្សន៍​ហុងកុង​ TVB ប្រជុំ​ទៅដោយ​តារា​ស្រី​ស្អាតៗ ជាពិសេស​បវរកញ្ញា​ប្រចាំ​ហុងកុង​ជា​ច្រើន​នាក់។ តារា​ស្រី​ទាំង​នោះ​ ត្បិត​មាន​អាយុ​ច្រើន​ (ខ្លះ​ ៤០ឆ្នាំ ខ្លះ ៥០ឆ្នាំ) ក៏​ពិត​មែន​ ប៉ុន្តែ​និយាយ​ពី​សម្រស់​វិញ​នៅ​តែ​ស្រស់ស្អាត​ដូច​ផឹក​ទឹក​វេទមន្ត។

ក្នុង​ចំណោម​ តារា​សម្ដែង​ចាស់វស្សា​ ដែលជាប់​ឈ្មោះ​ជាកំពូល​ស្រី​ស្អាត​ទាំង​ ១០​របស់​ទូរទស្សន៍​ TVB រួម​មាន៖

១. តារាសម្ដែង​ Alice Chan អាយុ ៤៤ឆ្នាំ

នាង​បាន​ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ប្រចាំ​ប៉ុស្តិ៍ TVB បន្ទាប់​ពីសម្ដែង​រឿង​ "Deep in the Realm of Conscience”។ ហេតុ​នេះ​ហើយ​ទើប​នាំ​នាង​ក្លាយជា​ម្ចាស់ពាន​ "តារាស្រី​ឆ្នើម” របស់​ទូរទស្សន៍​នេះ។

២. តារាសម្ដែង​ Griselda Yeung អាយុ​ ៤១ឆ្នាំ

Griselda ធ្លាប់​បាន​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញាហុងកុង​ឆ្នាំ ២០០១ ហើយ​ក៏​ត្រួវ​បាន​គេ​ស្គាល់ច្បាស់​ថា​ជា​បងស្រី​របស់​តារាសម្ដែង​ Tavia Yeung។ តាម​រយៈ​រឿង​ "Come Home Love” កាន់​តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្រោយ​ប្រឡូក​ក្នុង​វិថីសិល្បៈ​ជា​ច្រើន​ទសវត្សរ៍។

៣. តារាសម្ដែង​ Claire Yiu អាយុ​ ៤០ឆ្នាំ

រៀបការ​ហើយ​ ក្លាយជា​ស្ត្រី​មេផ្ទះ​ និង​ត្រូវ​មើល​ថែកូនៗ​ក៏​ពិត​មែន​ ប៉ុន្តែ Claire នៅតែ​មិនភ្លេច​ឆ្លៀត​ពេល​ជាមួយ​សិល្បៈ​ដើម្បី​អ្នក​គាំទ្រ។ រឿង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា​ "Who Wants a Baby?” ធ្វើ​ឲ្យ​គ្រប់​គ្នា​ងាក​មក​ចាប់​អារម្មណ៍​អ្នកម្ដាយ​នេះ​ជា​ខ្លាំង​ ពិសេស​រូបសម្រស់​ដែល​នៅតែ​ក្មេង។

៤. តារាសម្ដែង​ Gigi Lai អាយុ​ ៤៧ឆ្នាំ

ចំណែក​តារា​សម្ដែង​រូបនេះ​វិញ​បាន​ដក​ខ្លួន​ពី​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០៨ បន្ទាប់​ពីរៀបការ​ និង​បាន​ក្លាយ​ជា​នាយក​ក្រុមហ៊ុន​ជំនួស​បងប្រុស​ ដែលជួប​គ្រោះ​ថ្នាក់ចរាចរណ៍។ ត្បិត​មមាញឹក​នឹង​ការងារ​ផង​ និង​ត្រូវ​មើល​ថែកូនៗ ៣នាក់​ក៏ដោយ​ តែ​សម្រស់​នាង​នៅ​តែ​មិនទ្រុឌទ្រោម។

៥. តារាសម្ដែង​ Joey Meng អាយុ​ ៤៨ឆ្នាំ

ដោយសារ​ទម្រង់​របស់​នាង​ដូច​កូន​ក្មេង​ ដូចនេះទោះមាន​វ័យ​ច្រើន​ក៏​មើល​ទៅ​នាង​ក្មេង​ស្អាត មិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ។

៦. តារាសម្ដែង​ May Ng អាយុ​ ៥១ឆ្នាំ

អតីត​បេក្ខភាព​បវរកញ្ញាហុងកុង​ឆ្នាំ ១៩៨៦រូបនេះ​ បាន​លា​ឈប់ពី​សិល្បៈ​ ក្រោយរៀបការរួច​ និង​ចំណាយ​ពេល​ជា​ភរិយា និង​ម្ដាយ​ល្អ​ក្នុង​គ្រួសារទល់​សព្វថ្ងៃ។ ទោះ​បីជា​យ៉ាង​ណា​ នាង​ក៏​នៅ​តែ​បង្ហាញ​មុខ​ម្ដងម្កាល​ក្នុង​កម្មវិធី​ផ្សេងៗ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​នឹង​សម្រស់​របស់​នារី​វ័យ​៥១ឆ្នាំ​នេះ​ណាស់។

៧. តារាសម្ដែង​ Charmaine Sheh អាយុ​ ៤៣

បន្ទាប់​ជយលាភី​ជា​បវរកញ្ញា​លេខ ៣របស់ហុងកុង​ឆ្នាំ ១៩៩៧មក​ អាជីព​សិល្បៈ​របស់​ Charmaine ងើប​ឡើង​គួរ​កត់សម្គាល់។ ឯសម្រស់​របស់​នាង​វិញ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លាន់​មាត់​គ្រប់​គ្នា​ថា​ នៅតែ​ក្មេង​ គ្មាន​ប្រែប្រួល​ខ្លាំង​សោះ​ ក្រោយ​ចូលសិល្បៈជាង​ ២​ទសវត្សរ៍​មកនេះ។

៨. តារាសម្ដែង​ Kathy Chow អាយុ​ ៥១ឆ្នាំ

ចូល​ដល់​ Khathy វិញ​ក៏​ចាយ​សម្រស់​ញាក់សាច់​ដែរ បើ​មិន​ដឹង​អាយុ​ពិត​អាចគិត​ថា​ នាង​ទើប​មាន​វ័យ​ ៣០​ស្ដើង​ប៉ុណ្ណោះ។​ដោយសារ​សម្រស់​អំណោយ​ផល​បែប​នេះ​ហើយ​ ទើប​នាង​ទទួល​រហស្សនាម​ថា​ជា​ តារាទូរទស្សន៍​ស្អាត​បំផុត​ជា​ប្រវត្តិសាស្ត្រ។

៩. តារាសម្ដែង​ Jessica Hsuan អាយុ​ ៤៨ឆ្នាំ

ពេល​និយាយ​ដល់​តារាស្រី​ប្រចាំ​ TVB មជ្ឈដ្ឋាន​ទូទៅ​នឹកឃើញ​មុន​គេ​គឺ​ Jessica។ ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​ ១៩៩៣ ឯវ័យ​កាន់​តែ​ជ្រេ​ ប៉ុន្តែ​ភាព​ស្រស់​ស្អាត​ និង​សម្រស់​ក្មេងខ្ចី​របស់​នាង​នៅ​តែ​តាម​ជាប់​ជានិច្ច។

១០. តារាសម្ដែង​ Akina Hong អាយុ​ ៤៦ឆ្នាំ

នាង​ក៏​ធ្លាប់​ជា​បេក្ខភាព​បវរកញ្ញា​ហុងកុង​ឆ្នាំ ១៩៩៤​ដែរ ហើយ​លេច​មុខជាហូរហែ​ក្នុង​ភាពយន្តភាគ​ជា​ច្រើន​របស់​ TVB។ អាយុ​ ៤៦ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​សម្រាប់​ស្រីស្អាតរូបនេះ​ដែរ៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់