• 2019-06-02 03:20:00
  • ចម្រៀង

តារា​ចម្រៀង​ស្រី​ចាត់​ទុក​ថា​ជា​ម្ចាស់ក្សត្រី​ប៉ុប​ជំនាន់​ថ្មី​៥​រូប​ អ្នក​គួរ​តែ​ស្គាល់

  • 2019-06-02 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ធ្លាប់​បង្ហាញ​ជូន​ពី​មុន​រួច​ទៅ​ហើយ ពី​តារា​ចម្រៀង​ប្រុស​​ប៉ុប​ថ្មីៗ​ទាំង​៥ ដែល​អ្នក​គួរ​តែ​ស្គាល់​ ឥឡូវ​នេះ​ប្ដូរ​អារម្មណ៍​មក​ស្គាល់​តារា​ចម្រៀង​ប៉ុប​នារី​ថ្មីៗ​វិញ​ម្ដង ខណៈ​ពេល​ពួក​គេ​កំពុង​តែ​បង្ហាញ​សមត្ថភាព​ពេញ​ទី។​

តារា​ចម្រៀង​ទាំង​នេះ​ ទោះ​បី​ជា​មិន​សូវ​លេច​ធ្លោ​ដូច​តារា​ល្បីៗ​ដូច​ជា Dua Lipa និង Bebe Rexha ជា​ដើម​ ក៏​ពួក​គេ​មាន​បទ​ល្បី​ជា​ច្រើន​ផង​ដែរ គ្រាន់​តែ​មិន​សូវ​បាន​បង្ហាញ​មុខ​មាត់។ តួយ៉ាង​បទ "Don't Let Me Down” ដ៏​ល្បី​របស់ The Chainsmokers គឺ​ជា​សូរ​សំនៀង​ច្រៀង​របស់​តារា​ចម្រៀង Daya។ លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​បទ​ចម្រៀង​មួយ​របស់​ក្រុម Linkin Park គឺ​បទ "Heavy” បាន​ចូលរួម​ច្រៀង​ដោយ​តារា​ចម្រៀង​ស្រី​ Kiiara ដែល​នាង​ជា​តារា​ចម្រៀង​ម្នាក់​មាន​សំនៀង​ពីរោះ​និង​ស្ទីល​ប្លែក។

តោះ! អីចឹង​មក​ស្គាល់​ពួក​គេ​ទាំង​៥​រូប​!

១. Tove Styrke

Tove Styrke មាន​ឈ្មោះ​ពេញ​ថា Tove Anna Linnéa Östman Styrke ជា​អ្នក​ចម្រៀង​និង​និពន្ធ​បទ​ភ្លេង​សញ្ជាតិ​ស្វីស​។ តារា​រូប​នេះ​មាន​វ័យ​២៥​ឆ្នាំ និង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្រោយ​ ចូលរួម​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​នៅ​ប្រទេស​ស្វីស​ កាល​ពី​ឆ្នាំ​២០០៩​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។ ក្រោយ​មក​ Tove ក៏​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​បែប Electropop។

២. Phoebe Ryan

Phoebe ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ ដោយ​សារ​តែ​បាន​បង្ហើរ​សំនៀង​នៅ​ក្នុង​បទ "All We Know” ពី​ក្រុម The Chainsmokers។ តារា​ចម្រៀង​វ័យ​ ២៧​ឆ្នាំ​សញ្ជាតិ​អាមេរិក​រូប​នេះ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ដោយ​​សារ​ នាង​បង្ហោះ​វីដេអូ​ច្រៀង Cover បទ "Ignitio” របស់​តារា​ចម្រៀង​ R. Kelly លាយ​គ្នា (Mashup) ជាមួយ​បទ "Do You” របស់​តារា​ចម្រៀង Miguel កាល​ពី​ឆ្នាំ ២០១៥។ ក្រោយ​មក​នាង​ក៏​បាន​បញ្ចេញ​អាល់ប៊ុម​ខ្នាត​តូច​ "Mine” និង​ "James” ក្នុង​ឆ្នាំ ២០១៧​នេះ។

៣. Daya

មិន​ខុស​ពី Phoebe ប៉ុន្មាន​ Daya ក៏​បាន​សហការ​ជាមួយ​ក្រុម​ DJ The Chainsmokers ដូច​គ្នា​ ដោយ​បាន​ចូលរួម​ច្រៀង​បទ "Don't Let Me Down” ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ Daya មាន​ឈ្មោះ​ពិត​ថា Grace Martine Tandon សញ្ជាតិ​អាមេរិក​ វ័យ​​១៩​ឆ្នាំ។ តារា​រូប​នេះ​មាន​លទ្ធភាព​បញ្ចេញ​អាល់ប៊ុម​ដំបូង​របស់​ខ្លួន​ "Sit Still Look Pretty” កាល​ពី​ឆ្នាំ ២០១៦។

៤. Maty Noyes

Maty Noyes មាន​ឈ្មោះ​ពិត​ថា​ Madeline Ashley Noyes ជា​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​វ័យ​២០​ឆ្នាំ។ នាង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ដោយ​បាន​សហការ​ជាមួយ​ DJ Kygo កាល​ពី​ឆ្នាំ ២០០៦ សម្រាប់​បទ "Stay”។ Maty ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មាន​សំឡេង​ Unique និង​ល្អ​។ ថ្មីៗ​នេះ​នាង​បាន​បញ្ចេញ​បទ​ "Say It To My Face” ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

៥. Kiiara

Kiiara មាន​ឈ្មោះ​ពិត​ថា​ Kiara Saulters ជា​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​វ័យ​២៣​ឆ្នាំ។ Kiiara ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ដោយ​សារ​បទ "Gold” ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១៣ លើ​តារាង​ Billboard កាល​ពី​ឆ្នាំ ២០១៥។ តារា​ចម្រៀង​រូប​នេះ​ជា​តារា​ដែល​​មាន​សំឡេង និង​​ស្ទីល​បទ​ភ្លេង​ប្លែកៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម