• 2019-07-15 01:04:00
  • ចម្រៀង

បទ ”ខ្ញុំ​គ្មាន​អ្នក​ណា​ស្រលាញ់​ទេ” របស់ សយ រតនា និង នាង ប្រាក់​សុគន្ធ កំពុង​ទាក់​ចិត្ត​យុវវ័យ

  • 2019-07-15 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង នាង ប្រាក់​សុគន្ធ និង សយ រតនា បាន​ចាប់​ដៃ​គ្នា​ជា​ថ្មី​ចេញ​បទ “ខ្ញុំ​គ្មាន​អ្នកណា​ស្រលាញ់​ទេ” កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន ពិសេស​ក្រុម​យុវវ័យ​ពេញ​ចិត្ត​ខ្លាំង​ព្រោះ​តែ​អត្ថន័យ​មនោសញ្ចេតនា​ស៊ី​ជម្រៅ និង​ចាក់​ចំ​បេះដូង​អ្នក​គាំទ្រ។

“មាន​ខួរ​ក្បាល​តែ​មួយ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ស្រប​ពេល​គ្មាន​អ្នក​ជួយ​ប្រឹក្សា​ផ្តល់​កម្លាំង​ចិត្ត” ជា​អ្វី​ដែល​ក្រុម​យុវវ័យ​ជា​ច្រើន​កំពុង​ប្រឈម ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​បាត់បង់​ទំនុក​ចិត្ត ក៏​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត។ នេះ​ជា​ផ្នែក​មួយ​នៃ​អត្ថន័យ​បទ​ចម្រៀង ហើយ​ត្រូវ​បាន​ក្រុម​យុវវ័យ​ពេញ​ចិត្ត និង​ប្រើ​ប្រាស់​សម្រាប់​ការ​ស្តាប់​កម្សាន្ត និង​ចែក​រំលែក​បន្ត។

តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ លោក សយ រតនា បាន​បញ្ជាក់​ថា នេះ​ជា​បទ​និពន្ធ​ថ្មី​ទាំង​បទ​ភ្លេង និង​ទំនុក​ច្រៀង ដែល​បង្កប់​ដោយ​អត្ថន័យ​ស៊ី​ជម្រៅ​មួយ។ លោក​ថា ពិត​ជា​អរគុណ​សម្រាប់​ការ​ទាញ​យក​មក​ស្តាប់ និង​ចែក​រំលែក​បន្ត ព្រោះ​ថា បទ​នេះ​ក៏​ចង់​ទាញ​ការ​ចាប់​អារម្មណ៍​ឲ្យ​មនុស្ស​គ្រប់​រូប​ជួយ​ផ្តល់​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ព្យាយាម​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

ងាក​មក លោក នាងប្រាក់ សុគន្ធ វិញ​អះអាង​ថា "ខ្ញុំ​គ្មាន​អ្នក​ណា​ស្រឡាញ់​ទេ" របស់​ពួក​លោក ពិត​ជា​ប្លែក​ថ្មី​សម្រាប់​ទស្សនិក​ជន ហើយ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន។ ដូច្នេះ​ហើយ លោក​រំពឹង​ថា ស្នាដៃ​ថ្មី​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ក៏​ដូច​គ្នា លោក​សង្ឃឹម​ថា ឱកាស​ការងារ​ថ្មី​ៗ​ជា​ច្រើន​នឹង​បន្ត​កើន​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩​នេះ។

សុគន្ធ បង្ហើប​ជា​ចុង​ក្រោយ​ថា ក្រៅ​ពី​ស្នាដៃមួយ​​នេះ ពួក​លោក រួម​ទាំង​តារា​ចម្រៀង​ផ្សេង​ទៀត នឹង​បញ្ចេញ​ស្នាដៃ​ថ្មី​ពិសេស​ទៀត គឺ​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់