• 2019-10-01 06:27:41
  • ព័ត៌មាន

១០ឆ្នាំដ៏មានន័យ!​ Hailey ប្ដូរ​ពី​អ្នក​គាំទ្រ​ក្លាយ​ជា​ប្រពន្ធ​ពេញ​ច្បាប់របស់​ Justin

  • 2019-10-01 06:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ៣០​ ខែ​កញ្ញា​ ឆ្នាំ ២០១៩​ គឺជា​ថ្ងៃ​ដែល​ Justin និង​ Hailey មាន​ក្ដី​សុខ​បំផុត​ ក្រោយ​សាង​ចំណង​គ្រួសារ​ជាមួយគ្នា​ស្របច្បាប់​ជា​ផ្លូវការនៅ​ចំពោះ​មុខ​សាច់ញាតិ​ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជា​ច្រើន​នាក់នៅ​ព្រះវិហារ។ ទាំង​អ្នក​គាំទ្រ​ដែល​ស្រឡាញ់​អ្នក​ទាំង​ ២​ពិត​ជា​មិន​អាច​អត់​ទ្រាំ​មិន​អបអរ​នូវ​វេលា​ដ៏​ល្អ​នេះ​មិន​បាន​ទេ ពេល​ឃើញ​តារាជា​ទី​ស្រឡាញ់​របស់​ខ្លួន​ជួប​ស្នេហ៍ពិត និង​ឈាន​ដល់​ថ្ងៃ​នេះ។

យ៉ាង​ណា​មិញ​ងាក​ទៅ​ជីវិត​ស្នេហា​របស់​អ្នក​ទាំង​ ២​ប្រៀប​ដូច​រឿង​និទាន​ ពេល​ជួប​គ្នា​ដំបូង​កាល​ពី​ឆ្នាំ ២០០៩ ដែល​កាល​នោះ​ពួកគេ​ត្រឹម​តែ​ជា​ តារា​ និង​អ្នក​គាំទ្រ​សាមញ្ញម្នាក់ប៉ុណ្ណោះ ហើយ​ការ​ដែល​សំខាន់ Hailey ថែម​ទាំង​ធ្លាប់ជាអ្នក​គាំទ្រ​ស្នេហា​របស់​ Justin និង​ Selena ទៀត។ ប៉ុន្តែ​វាសនា​មនុស្ស​ អ្នក​ណា​ទៅស្មាន​ដឹង​ ថាក្រោយ​មក​ ១០​ឆ្នាំ ពួកគេ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹងគ្នា។

ដើម្បី​កាន់​តែ​ជ្រាប​ច្បាស់​ សូម​មក​ដឹង​ពី​ប្រវត្តិ​ជួប​គ្នា​របស់​អ្នក​ទាំង ២​ដូច​តទៅ៖

-កាល​ពី​ជួបគ្នា​ដំបូង​នៅ​ឆ្នាំ ២០០៩

Hailey បាន​ជួប​ Jutsin ដំបូង​កាល​ពី​ឆ្នាំ ២០០៩ តាមរយៈ​ការ​ណែ​នាំ​របស់​ឪពុក​របស់​នាង។ ប្រភព​ព័ត៌មាន​ថែម​ទាំង​បាន​ឲ្យ​ដឹង​ទៀត​ថា​ Hailey មិន​មែន​ត្រឹម​តែ​ជា​ Fan របស់ Justin ទេ នាង​ក៏​ជា​អ្នក​គាំទ្រ​គូស្នេហ៍ Jelena (ឈ្មោះ​គូស្នេហ៍​របស់​ Justin និង​ Selena) ដែរ។ មាន​ម្ដង​នាង​ធ្លាប់​ទាំង​បាន​បង្ហោះ​សារ​មួយ​លើ Twitter បញ្ជាក់​ពី​ការ​គាំទ្រ​ស្នេហា​របស់​ Justin និង​ Selena។

រូបភាពថត​​ជាមួយ​គ្នាដំបូង​បង្អស់​រវាង​ Idol និង​ Fan

-ឆ្នាំ ២០១៤ Hailey បង្ហាញ​មុខ​លើ Instagram របស់​ Justin ក្រោយ​ Justin បែក​ពី​ Selena

នៅ​ឆ្នាំ ២០១៤ ក្រោយ​ Justin បែក​ពី Selena មួយ​រយៈ​ តារា​ចម្រៀង​ជនជាតិ​កាណាដា ក៏​បាន​បង្ហោះ​រូបភាព​លោក​ជាមួយ​ Hailey លើ​ Instagram របស់​ខ្លួន​ ជាមួយ​ Caption «New York ជាមួយ​មិត្តភ័ក្ដិ»។ បន្ទាប់​មក​ ទំនាក់ទំនង​អ្នក​ទាំង​ ២​ក៏​ប្រែជា​ស្និទ្ធស្នាល​ និង​តែង​បង្ហាញ​មុខ​ជាមួយ​គ្នា​ជា​រឿយៗ។

-២០១៥ ចាប់​ផ្ដើម​ទាក់ទង​ក្នុង​ន័យ​ស្នេហា

៦​ឆ្នាំ​ក្រោយ​ស្គាល់​គ្នា​ អ្នក​ទាំង​ ២​ក៏ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​ញ៉ាំអី​ជាមួយ​គ្នា​ញឹកញយ​នៅ​ក្រៅ មាន​ពេល​ខ្លះ​ទៅមើលកុន ហើយ​ទៅ​លេង​ផ្ទះ​គ្នាទៅវិញទៅមកទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួកគេ​ក៏​តែង​ចំណាយ​ពេល​សម្រាក​លម្ហែ​ជាមួយ​គ្នា​ជា​រឿយៗ ជា​ហេតុ​ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​កាន់​តែ​ចាប់​អារម្មណ៍។

-២០១៦ ចាប់​ផ្ដើម​បើក​ចំហ

ពេល​នោះ​ហើយ​ ដែល​ Justin ទទួល​ស្គាល់​ថា លោក​ទាក់ទង​គ្នា​ជាមួយ​នឹង​ Hailey ដោយ​ផុសរូបថត​ថើបគ្នា​លើ Instagram។ ក្នុង​បទ​សម្ភាស​មួយ​ Justin បាន​ប្រាប់​ថា «Hailey គឺជា​នារី​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចង់​ជាប់​ចំណង​តឹង​ពេក​ដែរ។ ខ្ញុំ​ដឹង​ថា​កន្លងមក​ខ្ញុំ​ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឈឺចាប់ ឬ​ក៏​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួកគេ​មិន​សប្បាយ​ចិត្ត»។ យ៉ាង​ណា​មិញ បើ​តាម​វិបសាយ​ People បាន​ឲ្យ​ដឹង​ថា​ Justin ក៏​ធ្លាប់​ Unfollow Hailey លើ​បណ្ដាញ​សង្គម​ដែរ ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ទំនាក់ទំនង​នាង​ជាមួយ​ Drake។ បែប​នេះ​ហើយ​ ពួកគេ​ក៏​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្នា​មួយ​រយៈ សូម្បី​ពិភាក្សា​រឿង​ផ្សេងៗ​ដូចមុន​ក៏​លែង​មាន​ មានន័យ​ថា​ពួកគេ​ស្ងាត់​រៀង​ខ្លួន។

-២០១៨ ពេល​ដែល​ជួបជុំ

អ្នក​ទាំង​ ២​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​ជា​ថ្មី​ នៅ​ព្រះវិហារ​មួយ​កន្លែង​ ស្ថិត​ក្នុង​ទីក្រុង​ Miami។ អ្វីៗ​ក៏​ប្រែ​ជា​ល្អ​វិញ​ ក្រោយ​ព្យុះភ្លៀង​បាន​កន្លងផុត ហើយ​ចាប់​ពីពេល​នោះ​មក​ ពួកគេ​ក៏​មាន​ពេល​រីករាយ​ជាមួយ​គ្នាដូចដែល​ធ្លាប់​ធ្វើពីមុន។ រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ទាំង​ Justin និង​ Hailey កាន់​តែ​ស្អិត​ល្មួត សឹង​មិនគួរ​ឲ្យជឿ។

ក្រោយ​មក​មិន​ប៉ុន្មាន​ ក៏​មាន​សេចក្ដី​រាយការណ៍​ពី​វិបសាយ​ TMZ ថា​ Justin Bieber បាន​សុំ​ Hailey Baldwin រៀបការ ពេល​នោះ​ហើយ​ជា​ពេល​ដែល អ្នក​គាំទ្រ​របស់​ពួកគេ​កាន់​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​តាមដាន​ព័ត៌មាន​គូស្នេហ៍​នេះ​ថែម​មួយ​កម្រិត។

ឈាន​ចូល​ដល់​ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ សាមី​ខ្លួន​ខាង​ប្រុស​ក៏​បាន​បញ្ជាក់​ថា​ លោក​បាន​រៀប​ការ​ជាមួយ​ Hailey រួចហើយ។

-ឆ្នាំ ២០១៩ មង្គលការលើកទី ២ត្រូវ​ប្រារព្ធឡើង

បន្ទាប់​គម្រោង​រៀបការ​ខក​ខាន​ជា​ច្រើន​លើក​ ទើប​បង្ក​ជាការ​ព្រួយបារម្ភ​សម្រាប់​គូស្នេហ៍ ១គូនេះ​ ក្នុង​ការ​ជ្រើសយក​ថ្ងៃ​ណា​មួយ​ប្រារព្ធពេល​ដ៏​មាន​ន័យ​ក្នុង​ជីវិត។ រង់ចាំ​ជាយូរ​ ថ្ងៃ​ល្អ​នោះ​ក៏​បាន​មក​ដល់ ពោល​នៅ​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ពួកគេ​ក៏​បាន​ចូល​ក្នុងព្រះវិហារ​ទទួល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ពេញ​មុខពេញ​មាត់​នៅ​ចំពោះ​មុខ​សាច់ញាតិគ្រួសារ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធជា​ច្រើន​នាក់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម