• 2018-01-03 03:46:14
  • ភាពយន្ត

ហេតុផល​១ គឺ រ៉ូណាន ចាន់​ណា ចង់​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ចាងហ្វាង

  • 2018-01-03 03:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត រ៉ូណាន ចាន់ណា ដែល​កំពុង​ស្ថិត​ក្នុង​វេលា​សម្រាក​ពី​ការ​ផលិត​ភាពយន្ត​នោះ បាន​បង្ហើប​ប្រាប់ Sabay ថា លោក​គ្រោង​នឹង​ត្រឡប់​មក​វិស័យ​កុន​វិញ​បន្ទាប់​ពី​អារម្មណ៍​ស្មុគស្មាញ​បាន​ធូរស្រាល ព្រម​ទាំង​ចង់​វិល​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​ចាងហ្វាង​តែ​ម្ដង។

ថ្លែង​បែប​នេះ គឺ​រ៉ូណាន ប្រាប់​ថា លោក​ចង់​បើក​ផលិតកម្ម​ខ្លួន​ឯង​តែ​ម្ដង នៅ​ពេល​ណា​ដែល​លោក​សម្រេច​ត្រឡប់​មក​វិញ ខណៈ​ការ​ផលិត​កន្លង​មក គឺ​លោក​ផលិត​ក្រោម​ដំបូល​ផលិតកម្ម​ផ្សេង​ដែល​មិន​មែន​ជា​របស់​ផ្ទាល់​ខ្លួន។ រឿង​ដែល​លោក​ផលិត​បាន​កន្លង​មក មាន"៧​ថ្ងៃ" “ក្រមុំ​៣១ កំលោះ​៥២" “កំណត់​ហេតុ​នាង​នាថ" និង​រឿង "សសរ​កន្លោង" ជា​ដើម។

រឿង​ទាំង​នោះ គឺ​លោក​ផលិត​ឲ្យ​ផលិតកម្ម Rich Kids Media និង​ផលិតកម្ម "ឥន្ទ្រា​និម្មិត" ខណៈ​ "ឥន្ទ្រា​និម្មិត" គឺ​ជា​កន្លែង​ចុង​ក្រោយ​ដែល​លោក​ជ្រក​ដើម្បី​បង្កើត​ស្នាដៃ​ភាពយន្ត មុន​ពេល​សម្រេច​ផ្អាក ងាក​ទៅ​ធ្វើ​ជំនួញ​ហាង​កាហ្វេ​វិញ។ យ៉ាង​ណា​ផលិតកម្ម​នេះ គឺ​ជា​ឈ្មោះ​របស់​បង​ស្រី​លោក ខណៈ​បង​ស្រី​ដែល​មិន​មាន​ជំនាញ​ពាក់​ព័ន្ធ​នឹង​កុន បាន​ងាក​ទៅ​រក​របរ​ផ្សេង​ជំនួស​វិញ។

ដូច្នេះ​ហើយ ទើប​លោក​ថា ការ​វិល​ត្រឡប់​វិញ​នា​ពេល​ខាង​មុខ គឺ​លោក​គ្រោង​នឹង​បើក​ផលិតកម្ម​មួយ​ជា​របស់​ខ្លួន​ឯង។ "គម្រោង​នេះ ខ្ញុំ​អត់​ទាន់​ហ៊ាន​និយាយ​ថា​យូរ ឬ​ឆាប់​ប៉ុណ្ណា​ទេ គឺ​ខ្ញុំ​ចង់​សម្រាក​មួយ​រយៈ​ធំ​សិន ​អាច​ថា​ហោច​ណាស់​១​ឆ្នាំ ឬ​១​ឆ្នាំ​កន្លះ​អី ព្រោះ​ចង់​ឲ្យ​ហាង​កាហ្វេ​រឹង​មាំ​សិន ហើយ​ពេល​វិល​មក​ផលិត​កុន​វិញ គឺ​ខ្ញុំ​គ្រោង​នឹង​បើក​ជា​ផលិតកម្ម​ខ្លួន​ឯង ធ្វើ​រឿង​ខ្លួន​ឯង​តែ​ម្ដង"។

រ៉ូណាន ចាន់ណា បាន​ប្រកាស​ផ្អាក​ផលិត​កុន​នៅ​ចុង​ឆ្នាំ ២០១៧ ទន្ទឹម​ពន្ធ​នានា​លើ​វិស័យ​ភាពយន្ត​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​វប្បធម៌។ ហេតុ​ផល​នៅ​ពេល​នោះ គឺ​ការ​ផលិត​កុន​មាន​ការ​លំបាក​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​រឿង​តប់​ប្រមល់​ច្រើន ទើប​សម្រេច​ដក​ខ្លួន​មួយ​រយៈ ផ្សំ​នឹង​លោក​កំពុង​ដំណើរ​ការ​រក​ស៊ី​ថ្មី​បន្ថែម​ផង។

ដោយ​ឡែក ការ​បង្ហើប​នា​ពេល​នេះ ពី​ការ​មិន​បោះ​បង់​សិល្បៈ ពិសេស​ភាពយន្ត ផលិតករ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ លើក​ឡើង​ថា ទី​១​ស្ដាយ​ចំណេះ​ជំនាញ​ដែល​ខ្លួន​មាន និង​ទី​២ លោក​មើល​ឃើញ​ថា សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក​នៅ​មាន​ចន្លោះ​រីក​ចម្រើន​បាន។ ក្នុង​ន័យ​នេះ រ៉ូណាន សំដៅ​ដល់​​រោងភាពយន្ត ដែល​ជា​ទីកន្លែង​ដាក់​ផលិតផល​ភាពយន្ត​ទៅ​ទីផ្សារ កាន់​តែ​រីក​ដុះដាល។

“ខ្ញុំ​មើល​ឃើញ​ថា ឥឡូវ​រោង​កុន ចាប់​ផ្ដើម​កើត​ឡើង​ច្រើន ហើយ​ផ្សារ​ទំនើប​ដែល​មាន Screenកុន ក៏​កើត​មាន​ច្រើន​ទៀត​នា​ពេល​ខាង​មុខ។ អីចឹង​ហើយ ខ្ញុំ​មើល​ឃើញ​ពី​ឱកាស​នេះ​ ទើប​សម្រេច​ថា ខ្ញុំ​នឹង​វិល​ត្រឡប់​មក​ធ្វើ​កុន​នេះ​ម្ដង​ទៀត!”។ រ៉ូណាន ចាន់​ណា ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី