• 2018-02-05 08:10:00
  • ភាពយន្ត

មក​ដឹង​ពី​ប្រវត្តិ​​ដើម​របស់​រឿង​ "Snow White" ក្នុង​ឱកាស​ខួប​គម្រប់ ៨០​ឆ្នាំ​

  • 2018-02-05 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ Snow White គឺ​ជា​រឿង​មួយ​របស់ Disney ដែល​ទាក់​ចិត្ត​កុមារ​ៗ​ពី​ជំនាន់​មុន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ រឿង​នេះ​ដែរ​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​១៩៣៧ បើ​គិត​មក​ទល់​បច្ចុប្បន្ន​នេះ​គឺ​មាន​អាយុ​កាល ៨០​ឆ្នាំ​មក​ហើយ។

រឿង​រ៉ាវ​ពិត​ប្រាកដ​ពី​ក្រោយ​ការ​តែង​ចេញ​ជា​គំនូរជីវចល​របស់​លោក Walt Disney គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​មិន​តិច​នោះ​ទេ។

ក្នុង​រឿង​ដើម​ឡើយ ដំណាល​ថា មាន​ស្ដេច​មួយ​អង្គ​​រួម​នឹង​ព្រះ​មហេសី​មាន​បុត្រី​មួយ​អង្គ​មាន​ឈ្មោះ Snow White។ មិន​យូរ​ប៉ុន្មាន​ ព្រះ​មហេសី​ក៏​បាន​សោយ​ទិវង្គត​ទៅ។ មួយ​ឆ្នាំ​ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​រៀប​ការ​ម្ដង​ទៀត។ មហេសី​ថ្មី​នេះ​ដែរ ត្រូវ​បាន​ឲ្យ​ដឹង​ថា​ជា​ស្រី​ស្អាត​ដាច់​គេ។ ជា​រៀង​រាល់​ថ្ងៃ នាង​តែង​តែ​សួរ​កញ្ចក់​ទិព្វ​របស់​នាង​ថា​តើ​នរណា​ជា​ស្រី​ស្អាត​ជាង​គេ​បំផុត​នោះ។ ជា​ការ​ពិត​ណាស់ កញ្ចក់​នោះ​តែង​តែ​ឆ្លើយ​ថា​ជា​នាង​ជានិច្ច។

ប៉ុន្តែ​ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​នាង Snow White មាន​អាយុ​ ៧​ឆ្នាំ​នោះ កញ្ចក់​ទិព្វ​បាន​ប្រាប់​មហេសី​ថ្មី​នោះ​ថា Snow White មាន​សម្រស់​ស្រស់​ស្អាត​ជាង​នាង ១០០០​ ដង​ឯណោះ។ ព្រះ​មហេសី​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង ក៏​មាន​ចិត្ត​ចង់​សម្លាប់ Snow White ចោល។​ ស្ត្រី​នោះ​បាន​បញ្ជា​ឲ្យ​ព្រាន​ព្រៃ​តាម​សម្លាប់​ព្រះ​នាង​នៅ​ក្នុង​ព្រៃ ដោយ​នាំ​យក​សួត​និង​ថ្លើម​របស់​ព្រះ​នាង​មក​ឲ្យ​នាង​វិញ។

ដោយ​សារ​តែ​សម្រស់​របស់​ព្រះ​នាង​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង ទើប​ព្រាន​ព្រៃ​មិន​ដាច់​ចិត្ត​សម្លាប់ ក៏​បាន​ដោះ​លែង​នាង​ឲ្យ​រួច​ខ្លួន។ ក្រោយ​មក​លោក​បាន​នាំ​យក​ថ្លើម និង​សួត​របស់​ជ្រូក​ព្រៃ​ទៅ​ឲ្យ​ព្រះ​មហេសី​ដ៏​កំណាច​នោះ​ជំនួស​វិញ។ នាង​បាន​បរិភោគ​វា ដោយ​គិត​ថា​វា​ជា​របស់​ព្រះ​នាង Snow White។

ក្រោយ​មក​ ព្រះនាង​តូច​បាន​រក​ឃើញ​ផ្ទះ​រស់​មនុស្ស​តឿ ហើយ​ក៏​បាន​ដេក​លង់លក់។ ពួក​គេ​បាន​ឃើញ​នាង​ភ្លាម​ក៏​លាន់​មាត់​ថា៖ "កូន​ក្មេង​នេះ​ពិត​ជា​ស្រស់​ស្អាត​ណាស់"។ ដូច្នេះ​ហើយ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ព្រះនាង​តូច​ស្នាក់​នៅ​ជាមួយ​គ្នា។

ងាក​មក​ម្ចាស់ក្សត្រី​​ដ៏​កំណាច​នោះ​វិញ នាង​មាន​ភាព​សប្បាយ​រីករាយ​ដោយ​គិត​ថា ទី​បំផុត​មាន​តែ​នាង​ទេ​ដែល​ស្រស់​ស្អាត​ដាច់​គេ​នោះ រហូត​ដល់​ពេល​មួយ​នៅ​ពេល​ដែល​នាង​និយាយ​ជាមួយ​នឹង​កញ្ចក់​ទិព្វ ទើប​នាង​បាន​ដឹង​ថា​ព្រះ​នាង Snow White នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ។ កញ្ចក់​នោះ​ថែម​ទាំង​បាន​ប្រាប់​ទី​តាំង​ដែល​ Snow white រស់​នៅ​ទៀត​ផង។ ម្ចាស់ក្សត្រី​មាន​​ការ​ខឹង​ជា​ខ្លាំង និង​បាន​​ខំ​រក​វិធី​​ដើម្បី​សម្លាប់ Snow white។

ដំបូង​នាង​បាន​ចង​រឹត Snow White ជាមួយ​អាវ​យ៉ាង​តឹង​ធ្វើ​ឲ្យ​នាង​ដក​ដង្ហើម​មិន​រួច ព្រះនាង​បាន​សន្លប់ តែ​ក្រោយ​មក​បាន​ក្រុម​មនុស្ស​តឿ​មក​ជួយ​នាង​ទាន់​ពេល​វេលា។ ក្រោយ​មក​ទៀត ស្រី​ធ្មប់​នេះ​បាន​លក់​ក្រាស់​សិត​សក់​ដែល​មាន​ជាតិ​ពុល​ទៅ​ឲ្យ​ព្រះនាង ព្រះនាង​បាន​ដេក​ដួល​ដូច​ស្លាប់​ តែ​ពពួក​មនុស្ស​តឿ​បាន​ដឹង​ហើយ​សង្គ្រោះ​នាង​ទាន់។ ជា​ចុង​ក្រោយ នាង​ក៏​បាន​បញ្ចុះបញ្ចូល​ព្រះនាង​ឲ្យ​ញ៉ាំ​ប៉ោម​មាន​ជាតិ​ពុល លើក​នេះ​ពួក​មនុស្ស​តឿ​មិន​អាច​ជួយ​នាង​បាន ក៏​បាន​ដាក់​នាង​ក្នុង​មឈូស​កញ្ចក់។

ព្រះនាង Snow White ត្រូវ​បាន​ដេក​ក្នុង​មឈូស​នោះ​អស់​រយៈកាល​ជា​យូរ ប៉ុន្តែ​រូបរាង​នាង​មិន​បាន​ប្រែប្រួល​បន្តិច​សោះ។ មាន​រាជបុត្រ​មួយ​​អង្គ​បាន​ឆ្លង​កាត់ និង​ព្យាយាម​សុំ​ទិញ​មឈូស​របស់​ព្រះនាង​ពី​ពួក​មនុស្ស​តឿ ប៉ុន្តែ​ពួក​គេ​បដិសេធ​មិន​ព្រម​លក់។ ក្រោយ​មក មាន​រាជបុត្រ​មួយ​អង្គ​នោះ​បាន​​និយាយ​ថា៖ "ឲ្យ​វា​មក​ខ្ញុំ​មក ព្រោះ​ថា​ខ្ញុំ​មិន​អាច​រស់​នៅ​ដោយ​មិន​បាន​​ឃើញ Snow White នោះ​ទេ។ ខ្ញុំ​នឹង​មើល​ថែ​ និង​គោរព​នាង​ជាង​អ្វី​ៗ​ទាំង​អស់"។ ដោយ​សារ​តែ​សម្ដី​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ពួក​មនុស្ស​តឿ​ទន់​ចិត្ត​ព្រម​ប្រគល់​មឈូស​នោះ​ទៅ​ឲ្យ​រាជបុត្រ​អង្គ​នោះ។

ខណៈ​អ្នក​បម្រើ​សែង​មឈូស​នោះ​ទៅ​ផ្ទះ​ ពួក​គេ​បាន​ធ្វើ​ឲ្យ​ធ្លាក់​មឈូស​នោះ របូត​ផ្លែ​ប៉ោម​ចេញ រួច​ព្រះនាង​ក៏​បាន​ដឹង​ខ្លួន​ឡើង​វិញ។ រាជបុត្រ​បាន​ប្រកាស​ទទួល​នាង​ជា​ព្រះ​មហេសី​របស់​ខ្លួន​ដោយ​នាង​មាន​អាយុ​ត្រឹម​តែ ៧​ឆ្នាំ​ប៉ុណ្ណោះ។

អ្នក​ទាំង​ពីរ​បាន​ធ្វើ​ពិធី​ជប់លៀង ថែម​ទាំង​បាន​អញ្ជើញ​ម្ចាស់ក្សត្រី​កំណាច​មក​ចូលរួម​ថែម​ទៀត។ នៅ​ចុង​បញ្ចប់ ព្រះនាង​តូច​ក៏​បាន​ធ្វើ​ទារុណកម្ម​ដោយ​ឲ្យ​ម្ចាស់ក្សត្រី​នោះ​ពាក់​ស្បែក​ជើង​ដែក​រាំ​លើ​ភ្លើង​រហូត​ដល់​ស្លាប់​ខ្លួន៕ ​

ចុចអាន៖

ប្រភព៖ smosh ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់