- 2018-02-26 23:30:00
- ភាពយន្ត
“Black Panther” ជាភាពយន្តមិនផ្ដោតសំខាន់ទៅលើតែ Super-Heroes (វីដេអូវិភាគ)
- 2018-02-26 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Black Panther” ជាភាពយន្តមិនផ្ដោតសំខាន់ទៅលើតែ Super-Heroes (វីដេអូវិភាគ)
ចន្លោះមិនឃើញ
“Black Panther” គឺជាភាពយន្តថ្មីមួយរបស់ផលិតកម្ម Marvel ដែលទើបតែបញ្ចេញនៅពាក់កណ្ដាលខែកុម្ភៈនេះ ដោយបានបំបែកឯកត្តកម្មជាច្រើនសន្ធឹកសន្ធាប់។ ភាពយន្តនេះផ្ដោតសំខាន់ទៅលើស្ដេចនៅប្រទេស Wakanda ជាប្រទេសលាក់កំបាំងមួយនៅទ្វីបអាហ្វ្រិក ដោយពោរពេញទៅដោយបច្ចេកវិទ្យាទំនើបនឹកស្មានមិនដល់។ នេះគឺជាភាពយន្តវីរបុរសទី១ហើយរបស់ Marvel ដែលនិយាយពីតួអង្គស្បែកខ្មៅ និងសម្បូរទៅដោយសំលៀកបំពាក់ពណ៌ប្លែកៗនិងរូបរាងខុសៗប្លែកគ្នាជាច្រើន ពិតជាគួរឲ្យចាប់អារម្មណ៍។
សម្រាប់ទស្សនិកជនទូទៅ គិតថាភាពយន្តនេះគឺគ្រាន់តែភាពយន្ត Super-Heroes ធម្មតាតែប៉ុណ្ណោះ មិនសូវជាមានអ្វីខុសពីមុនឡើយ។ ប៉ុន្តែការគិតនេះគឺមិនត្រឹមត្រូវទាំងស្រុង "Black Panther” ផ្ដល់ឱកាសក្នុងការបង្ហាញពីវប្បធម៌របស់ជនជាតិស្បែកខ្មៅយ៉ាងច្រើន ជាពិសេសគឺប្រជាពលរដ្ឋរស់នៅទ្វីបអាហ្វ្រិកតែម្ដង។ អ្នកដឹកនាំរឿងនេះលោក Ryan Coogler ដែលជាជនជាតិអាហ្វ្រិកសញ្ជាតិអាម៉េរិកាំង បានយល់ច្បាស់ពីបញ្ហានេះ និងធ្វើឲ្យភាពយន្តនេះកាន់តែល្អមួយកម្រិតទៀត។
សាច់រឿង "Black Panther” នេះបន្តពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងរឿង "Captain America: Civil War” កាលពីឆ្នាំ២០១៦។ ក្នុងសាច់រឿងនោះស្ដេចរបស់ប្រទេស Wakanda ព្រះនាម T'Chaka បានស្លាប់បាត់បង់ជីវិតដោយសារ ការធ្វើភេរវកម្មមួយ ខណៈពេលធ្វើសុន្ទរកថាពី "Sokovia Accord” ជាច្បាប់ថ្មីតម្រូវឲ្យពពួក Super-Heroes គឺ "Avengers” អនុវត្តក្រោយហេតុការណ៍កើតឡើងនៅប្រទេស Sokovia បានធ្វើឲ្យមនុស្សរាប់សិបអ្នកបាត់បង់ជីវិត។ ដូច្នេះហើយទើប T'Chala បានឡើងគ្រងរាជ្យជាស្ដេចថ្មី និងទទួលបានងារជា Black Panther។
ហេតុការណ៍ទាំងអស់បានកើតឡើងក្រោយ ជនម្នាក់មានរហ័សនាមថា “Killmonger” បានបង្ហាញខ្លួននៅ Wakanda នឹងបញ្ជាក់ថាខ្លួនមានរឿងរ៉ាវជាច្រើននឹកស្មានមិនដល់ទាក់ទងទៅនឹងប្រទេសអាថ៌កំបាំងមួយនេះ។ ដូច្នេះហើយទើប Killmonger និង Black Panther បានប្រយុទ្ធគ្នា ដើម្បីយកសិទ្ធិជាអ្នកគ្រងរាជ្យប្រទេសដ៏ទំនើបមួយនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តួអង្គនីមួយៗនៅក្នុងសាច់រឿង សុទ្ធសឹងតែមានគោលគំនិតផ្ទាល់ខ្លួន ធ្វើឲ្យអ្នកទស្សនាទាំងអស់អាចដឹងច្បាស់ពីគោលបំណងពួកគេ និងយល់ពីកត្តាដែលជំរុញឲ្យពួកគេធ្វើសកម្មភាពផ្សេងៗ។ សាច់រឿងនេះបានបង្ហាញពីជម្លោះផ្ទៃក្នុង មនោសញ្ចេតនាបងប្អូន មនោសញ្ចេតនាចំពោះមនុស្សលោក និងការយល់ច្រឡំជាច្រើនបូករូមនឹងការយល់ខុសដោយសារតែអំពើពីអតីតកាល។
ទោះបីជាមានការសរសើរពីសំណាក់វិភាគភាពយន្តជាច្រើនក៏ដោយ “Black Panther” ក៏មានចំណុចខ្វះខាតជាច្រើនផងដែរ។ ចំណុចមួយដែលបណ្ដាអ្នកស្រលាញ់ភាពយន្តចាប់បាននោះគឺ បច្ចេកទេសកុំព្យូទ័រនៅក្នុងរឿងនេះ មានចំណុចខ្វះខាតក្នុងឈុតឆាកមួយចំនួន។ តួយ៉ាងអ្នកវិភាគអាចកំណត់សម្គាល់ឃើញយ៉ាងងាយស្រួលថា ឈុតណាប្រើប្រាស់ CGI មិនបានល្អ និងឈុតខ្លះគឺពិតជាពិបាកមើលខ្លាំង ដូចជាឈុតវាយគ្នានៅចុងបញ្ចប់នៃសាច់រឿងជាដើម។ ចំណែកឯតួអង្គ Killmonger វិញគឺត្រូវការសាច់រឿងខ្លះៗ ទៀតមុននឹងសាច់រឿងចាប់ផ្ដើមស៊ីជម្រៅ ដោយសារតួអង្គនេះ បង្ហាញខ្លួនតិចពេកខណៈពេលចាបផ្ដើមសាច់រឿង។
ទោះជាយ៉ាងណាក៏ដោយ "Black Panther” ជារឿងមួយដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីទស្សនានិងបង្ហាញពីសាច់រឿងថ្មីមួយសំដៅទៅលើរឿងបែប Super-Heroes ដោយមកនិយាយពីគ្រួសារនិងជម្លោះផ្ទៃក្នុង ជាជាងការជួយអ្នកដទៃដូចរឿងភាគច្រើន៕
នេះជាវីដេអូវិភាគ៖