- 2018-06-04 07:41:31
- ភាពយន្ត
ផ្ទុះរឿង"ចិញ្ចៀនខ្មោច" ចម្លងពីប្រលោមលោកដ៏ល្បី ក្រោយដាក់បញ្ចាំងនៅរោងកុន
- 2018-06-04 07:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះរឿង"ចិញ្ចៀនខ្មោច" ចម្លងពីប្រលោមលោកដ៏ល្បី ក្រោយដាក់បញ្ចាំងនៅរោងកុន
ចន្លោះមិនឃើញ
បន្ទាប់ពីភាពយន្តខ្នាតធំរឿង"ចិញ្ចៀនខ្មោច" របស់ផលិតកម្ម LD និពន្ធ និងដឹកនាំសម្ដែងដោយ នាយ ពែកមី ដាក់បញ្ចាំងនៅរោងកុនមិនបានប៉ុន្មានផង ក៏ផ្ទុះព័ត៌មានថា រឿងខាងលើលួចចម្លងស្នាដៃពីប្រលោមលោកដ៏ល្បីឈ្មោះ "ខ្មោចទាររបស់"។
បើតាម សយ ស៊ីណា អ្នកនិពន្ធប្រលោមលោក "ខ្មោចទាររបស់" ឲ្យដឹងថា រឿង"ចិញ្ចៀនខ្មោច" និពន្ធ និងដឹកនាំសម្ដែងដោយ នាយ ពែកមី មានសាច់រឿងស្ទើរតែដូចគ្នាទាំងស្រុងទៅហ្នឹងប្រលោមលោក ខ្លួនដែលបាននិពន្ធឡើងនៅឆ្នាំ ២០១៥ និងបានផ្ដល់សិទ្ធឲ្យក្រុមហ៊ុនក្នុងស្រុកមួយធ្វើការចុះផ្សាយជាសាធារណៈ។
អំឡុងពេលនេះប្រលោមលោក ខ្លួនមានការគាំទ្រយ៉ាងខ្លាំង រហូតទទួលបានពានជាអ្នកនិពន្ធឆ្នើមថែមទៀតផង។ មូលហេតុ សយ ស៊ីណា ហ៊ានអះអាងថារឿង "ចិញ្ចៀនខ្មោច" នាយ ពែកមី ស្ទើរតែទាំងស្រុងដូចប្រលោមលោក"ខ្មោចទាររបស់" ដោយសារតែរឿងទាំងពីរគឺមានគំនិតរួមតែមួយ និយាយអំពីនារីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយស្រាប់តែមានក្មេងស្ទាវមកដោះចិញ្ចៀនពីដៃនាង ធ្វើឲ្យខ្មោចស្រីនោះតាមទារចិញ្ចៀនខ្លួនមកវិញ។
ទោះបីជាប្រលោមលោកខ្លួនមានសាច់រឿងស្ទើរតែទាំងស្រុង ដូចនាយ ពែកមី ក្ដីតែអ្នកនិពន្ធវ័យ ២៥ ឆ្នាំរូបនេះមិនបានន័យថា តារាកំប្លែងរូបនេះលួចចម្លងស្នាដៃខ្លួននោះទេ។ គ្រប់យ៉ាងលោក គិតថាជារឿងគាប់ជួនទៅវិញ។
ចំណែកឯនាយ ពែកមី ជាភាគីពាក់ព័ន្ធ ឲ្យដឹងថា រឿង"ចិញ្ចៀនខ្មោច" ជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយខ្លួនពិតៗ មិនបានទៅលួចចម្លងស្នាដៃពីអ្នកនិពន្ធណាម្នាក់ឡើយ ត្បិតសាច់រឿងស្ទើរតែដូចគ្នាទាំងស្រុងពិតមែននាយ គិតថានេះគឺជារឿងគាប់ជួនប៉ុណ្ណោះ។ ដូច្នេះសូមមហាជនកុំយល់ច្រឡំ។
លោកថា៖"ខ្ញុំមិនដែលបានដឹងថា មានប្រលោមលោក "ខ្មោចទាររបស់" នោះទេព្រោះខ្ញុំអត់ដែលបានអានផង។ម្យ៉ាងវិញទៀតរឿង"ចិញ្ចៀនខ្មោច" របស់ខ្ញុំគឺមានឈុតឆាកកំប្លែងច្រើន រឿងគាត់មានកំប្លែងច្រើនឬអត់ខ្ញុំអត់ដឹងទេ"។
ការផ្ទុះរឿងរ៉ាវចម្លងស្នាដៃរវាងតារាកំប្លែង និងអ្នកនិពន្ធវ័យក្មេងខាងលើ លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្ត បានមានប្រសាសន៍ថា ខណៈពេលនេះលោក មិនអាចធ្វើការចោទប្រកាន់ទៅលើអ្នកទាំងពីរថាបុគ្គលណាជាអ្នកចម្លងស្នាដៃ។ ប៉ុន្តែប្រសិនបើអ្នកនិពន្ធ ប្រលោមលោកមិនសុខ ចិត្តហើយដាក់បណ្ដឹងមកកាន់សមាគមភាពយន្ត ខាងសមាគមនឹងស្វែងរកនីតិវិធីដើម្បីធ្វើការដោះស្រាយជូន។
ប្រធានសមាគមភាពយន្តរូបនេះថា៖" ប្រសិនប្រលោមលោក វាស្រដៀងទៅហ្នឹងរឿងផលិតករ យកទៅផលិត ហើយយើងធ្វើការរួមគ្នាជាមួយផលិតករ នាយកដ្ឋានភាពយន្ត ដើម្បីរកដំណោះស្រាយ ព្រោះតួនាទីរបស់សមាគម យើងមានត្រឹមប៉ុណ្ណឹង ប្រសិនបើយើងមានពាក្យបណ្ដឹងពីអ្នកនិពន្ធ។ នេះជាភាពត្រឹមត្រូវមួយសម្រាប់អ្នកនិពន្ធ ដែលគាត់ចេញមុខការពារស្នាដៃគាត់"៕