• 2018-08-11 05:04:11
  • ភាពយន្ត

កក្រើក! លៀក លីដា និងរ៉ូណាន់ ចាប់ដៃគ្នាផលិតរឿងថ្មីដើម្បីលើកស្ទួយភាពយន្តខ្មែរ

  • 2018-08-11 05:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម​ LD លោក លៀក លីដា បាន​ចាប់​ដៃ​គ្នា​ជាមួយ​ផលិតករ​វ័យ​ក្មេង​ ចាន់ណា រ៉ូណាន់ ​លើក​ដំបូង​ធ្វើ​ពិធី​ក្រុង​ពាលី​ភាព​យន្ត​ខ្នាត​ធំ​រឿង​"ឯណា​ខ្មោច" ព្រឹក​មិញ​នេះ​នៅ​ផលិតកម្ម​ LD Picture បុរី លីមឈាងហាក់ ចម្ការ​ដូង។

រៀបរាប់​ក្នុង​ពិធី​​ខាង​លើ​​លោក​ លៀក លីដា ឲ្យ​ដឹង​ថា ​មូល​ហេតុ​​សម្រេច​ចាប់​ដៃ​គូ​ជាមួយ​ ចាន់ណា រ៉ូណាន់ ផលិត​​​​​រឿង​ខ្នាត​ធំ​ដោយ​សារ​តែ​ផលិតករ​វ័យ​ក្មេង​រូប​នេះ​ មាន​ស្នាដៃ​ច្រើន​​​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​នា​ពេល​កន្លង​មក។ មាន​ដូច​​ជា​រឿង​"កំណត់​ហេតុ​នាង​នាថ" និង "​សសរ​កន្លោង" ជា​ដើម។ ដូច្នេះ​លោក ជឿជាក់​ថា​រឿង​"ឯណា​​ខ្មោច​" នឹង​មាន​អ្នក​​ទស្សនា​ច្រើន​មិន​ខុស​ពី​រឿង​មុន។

“​ការ​សហការ​គ្នា​ថត​រឿង​ថ្មី​ទាំង​ខ្ញុំ និង​រ៉ូណាន់​ ចង់​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​ខ្មែរ​យើង​ ព្រោះ​គាត់​ជា​ ផលិតករ​ឯក​រាជ្យ​អ៊ីចឹង​គាត់​មាន​សាច់​រឿង​ល្អៗ។ នៅ​ពេល​រឿង​បញ្ចាំង​ទៅ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន ហើយ​ភាព​យន្ត​យើង​ក៏​រីក​ចម្រើន​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់​ដែល​បាន​មក​ទស្សនា"។ ចាងហ្វាង​ផលិតកម្ម​ LD Picture លៀក លីដា បញ្ជាក់។

រីឯ​ ចាន់ណា រ៉ូណាន់ ផលិតករ​វ័យ​ក្មេង​វិញ​បាន​បង្ហាញ​ក្ដី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ការ​សហការ​គ្នា​ជាមួយ​ផលិតកម្ម​ LD លើក​ដំបូង​ ដោយ​លោក​ជឿជាក់​ថា ស្នាដៃ​ថ្មី​មួយ​នេះ​នឹង​​ទទួល​បាន​ការ​គាំទ្រ​ពី​ហ្វេន​ៗ​​​​​​ខ្លាំង​ជាង​មុន​ក្រោយ​​ពី​រឿង​"ឯណា​ខ្មោច"ដាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​២០១៨។

ហេតុ​ផល​លោក​រំពឹង​ខ្ពស់​​ថា មាន​អ្នក​ទស្សនា​ច្រើន​បន្ទាប់​ពី​សហការ​គ្នា​ ដោយ​សារ​តែ​ផលិតកម្ម​ LD មាន​គ្រឹះ​រឹង​មាំ​ស្រាប់​​មាន​អ្នក​គាំទ្រ​ច្រើន​ រីឯ​​អ្នក​គាំទ្រ​​ដែល​ទន្ទឹង​រង់ចាំ​​​ទស្សនា​ស្នាដៃ​​ខ្លួន​ ក៏​មាន​ច្រើន​ដូច​គ្នា។ ដូច្នេះ​ពេល​បូក​បញ្ចូល​​គ្នា​​ចំនួន​អ្នក​គាំទ្រ​ច្បាស់​ជា​ច្រើន​ជាង​មុន។

ទាក់​ទង​ដើម​ទុន​​​សហការ​គ្នា​លើក​​ដំបូង​នេះ​​ផលិតករ​ទាំង​ពីរ​ខាង​លើ​ មិន​អាច​ស្មាន​ដឹង​ទេ​ រង់ចាំ​សាច់​រឿង​ទាំង​មូល​ផលិត​ចប់​សព​គ្រប់​សិន​ទើប​​ដឹង​ច្បាស់។

“ឯណា​ខ្មោច" ជា​ប្រភេទ​​រឿង​ខ្មោច​ព្រឺព្រួច​លង​បន្លាច​​លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ជា​ច្រើន​ធ្វើ​ឲ្យ​ទស្សនិកជន​ទស្សនា​ហើយ​ទប់​សំណើច​មិន​បាន។ ចូល​រួម​សម្ដែង​ដោយ​លោក ទ្រី តារាវុធ, កញ្ញា​សួង​ស៊ី​ធឿន,​លោក​ភី​ម៉ៃ​, តារា​កំប្លែង​យេ​យេ, លោក​សា​តាន់, លោក​ដូ​រីកូ និង​តារា​កិត្តិយស​ជាច្រើន​រូប​ទៀត៕

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី