• 2018-09-04 07:53:46
  • ភាពយន្ត

សុខ ចាន់ផល ប្រាប់គន្លឹះងាយៗ ស្រាយការជាប់គាំងគំនិតពេលតែងនិពន្ធរឿង

  • 2018-09-04 07:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​តាំង​ចិត្ត​គិត​លើ​ការ​តែង​និពន្ធ តែ​ក៏​ជាប់​គាំង ដោះស្រាយ​មិន​ចេញ ឬ​ក៏​រក​បន្ត​តែង​និពន្ធ​ទៅ​មុខ​មិន​រួច​ទៀត​នោះ ជា​បញ្ហា​ដែល​អ្នក​និពន្ធ ឬ​ក៏​មនុស្ស​ទូទៅ​តែង​ជួប​ប្រទះ ទោះ​បី​ជា​បុគ្គល​នោះ​មាន​ភាព​ជោគជ័យ​ហើយ​ក៏​ដោយ ក៏​អាច​ជួប​ស្ថានភាព​លំបាក​បែបនេះ ហើយ​គិត​ចង់​បោះ​បង់​ចោល​។

ស្ថិត​ក្នុង​កាលៈទេសៈ​បែបនេះ លោក សុខ ចាន់ផល អ្នក​និពន្ធ​រឿង «សង្សារ ១៤ ថ្ងៃ» និង «មនោសញ្ចេតនា» ដែល​មាន​ការ​គាំទ្រ​នោះ ក៏​ធ្លាប់​ទទួល​រង​នូវ​សម្ពាធ និង​ឆ្លងកាត់​ពេល​វេលា​ដែល​ពិបាក​ៗ​ រហូត​ចង់​បោះបង់​ការងារ​តែង​និពន្ធ​។ យ៉ាង​ណា​ក្តី លោក បាន​ស្វែង​យល់​ពី​បញ្ហា​ទាំង​នេះ ​ហើយ​ទទួល​បាន​នូវ​គំនិត​ថ្មីៗ មួយ​ចំនួន សម្រាប់​ចែក​រំលែក​ជា​មួយ​ប្រិយមិត្ត ទោះ​ក្នុង​ការងារ​ណា​ក៏​ដោយ​ ក៏​អាច​យក​មក​ពិចារណា​បាន​។

១៖ បើ​ជួប​នឹង​ផល​លំបាក រក​នឹក​អ្វី​មិន​ឃើញ ហើយ​និង​មាន​សម្ពាធ​ការងារ​នោះ ត្រូវ​ចេះ​សម្រាក​ចិត្ត​ តាំង​សមាធិ​បន្តិច​ក្រោយ​មក​ចាំ​បន្ត​ តែ​កុំ​បោះ​បង់។ ការ​តែង​និពន្ធ​ជាក់​ស្ដែង​ត្រូវ​ការ​អារម្មណ៍​មក​ធ្វើការ​ច្រើន​មែន ដូចនេះ​ត្រូវ​រៀន​បន្ធូរ​អារម្មណ៍​របស់​ខ្លួនឯង​ហើយ បន្ត​ការងារ​ជា​ថ្មី​ទៀត​។ មិន​ត្រូវ​អស់​សង្ឃឹម​ងាយ​ៗ​នោះ​ទេ​។

២៖ ត្រូវ​ចេះ​បណ្ដោយ​ពេល​វេលា​ឱ្យ​ទៅ​មុខ​ កុំ​ព្យាយាម​ ប្រឆាំង​នឹង​វា ដែល​នាំ​ឱ្យ​កើត​ក្ដី​ក្រោធ​ខឹង​ ឆេវឆាវ​ ដែល​នាំ​ឱ្យ​កើត​ការ​សម្រេច​ចិត្ត​ខុស។ ត្រូវ​ចេះ​គិត​ពិចារណា​រក​ចំណុច​ដោះស្រាយ​កុំ​បណ្ដោយ​តាម​បញ្ហា​ ហើយ​ត្រូវ​បោះបង់​គោល​បំណង​ព្រោះ​តែ​ចិត្ត​អ្នក​មិន​ស្ងប់​នោះ​ឡើយ​។ អ្នក​និពន្ធ​ អាច​ឈប់​សម្រាក​ពី​ការ​សរសេរ តែ​មិន​ត្រូវ​បោះបង់​ហើយ​ឈប់​គិត​នោះ​ទេ​។

៣៖ ស្វែង​រក​គន្លឹះ​ដោះ​ស្រាយ​បញ្ហា ជាក់ស្ដែង​បញ្ហា​ដែល​អ្នក​គិត​ វា​អាច​មិនមែន​ជា​បញ្ហា​នោះ​ទេ វា​គ្រាន់​តែ​ជា​ស្ថាន​ការណ៍​មួយ​ដែល​អ្នក​មិន​អាច​ទទួល​យក​បាន ហើយ​ជួនកាល​ស្ថានការណ៍​នោះ​ខ្លួន​អ្នក​ជា​អ្នក​បង្កើត​វា​ឡើង ដូចនេះ​ត្រូវ​ចេះ​ស្ងប់​អារម្មណ៍ តាំង​ស្មារតី ឱ្យ​បាន​មូល រួច​បន្ត​ការងារ​ទៅ​មុខ​ទៀត​។

៤៖ គ្រប់​បញ្ហា សុទ្ធ​តែ​អាច​ដោះស្រាយ​បាន ដូចនេះ​ត្រូវ​ចេះ​ធ្វើ​ចិត្ត​មាន​សុទិដ្ឋិនិយម​ ជឿជាក់​ថា ពេល​វេលា​នឹង​កន្លង​ផុត​ទៅ​មុខ មនុស្ស​យើង​នឹង​អាច​ផ្លាស់​ប្តូរ​ ហើយ​បន្ត​ការងារ​ដែល​ខ្លួន​ស្រលាញ់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទ៖ Sunny

មតិយោបល់