• 2018-10-03 00:01:00
  • ជីវិតតារា

​មិន​មែនដើម្បីប្រាក់​ទេ តែ​តា​ម៉ែន ត្រដរថត​រឿងទាំង​វ័យ​ជរា​ ព្រោះ​ហេតុ​ផល​រំជួល​ចិត្ត​មួយ

  • 2018-10-03 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វ័យ​៧៩​ឆ្នាំ​ តារា​ជើង​ចាស់ មិន សា​រិន ​ហៅ​ តា​ម៉ែន នៅ​តែ​ប្រឹង​ទាំង​ត្រ​ដាប​ត្រ​ដួស​ទៅ​ថត​កុនទាំង​ខ្លួន​មាន​ជំងឺ។ ពេល​ខ្លះ ជិះ​ម៉ូតូ​ឌុប​ទាំង​ញី​ញ័រ​ក៏​មាន តែ​លោក​មិន​ដែល​រួញ​រា​ឡើយ។ ​មិន​មែន​មូល​ហេតុ ​រឿង​ប្រាក់​កាស​មួយ​មុខ​ទេ តែ​ហេតុ​ផល​សំខាន់ ​តារា​ត្រូវ​គេ​ដាក់​រហស្សនាម​ថា "មច្ចុរាជ​វង្វេង​ផ្នូរ" ចង់​បន្សល់​ស្នាដៃ កេរ្តិ៍ឈ្មោះ​តាម​រយៈ​​ភាព​យន្ត ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ ​

លោក​សង្កត់​ធ្ងន់​ថា មិន​ខុស​អ្វី​ពី​លោក គង់ សំ​អឿន ឬ​តារា​ជើងចាស់​ផ្សេងទៀត ​ប្រៀប​ដូច​ទូក​ទៅ​ កំពង់​នៅ ថ្វី​បើ​លាចាក​ទៅ​ហើយ​ក្ដី ក៏​មាន​​វីដេអូ​ស្នាដៃ​សិល្បៈ​ ទុក​ឲ្យ​កូន​ខ្មែរ​បាន​ទស្សនា ។ សព្វ​ថ្ងៃ ​លោក​ស្នាក់​នៅ​ផ្ទះ​ ជាមួយ​កូន​ចៅ​៧​នាក់ ​ព្រមទាំងត្រូវ​មើល​ថែ​ចិញ្ចឹម​កូន​២​នាក់ ដែល​មាន​ស្មារតី​មិន​សូវ​ល្អ។ លើស​ពី​នេះ ​លោក​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ ​ដោយ​ឧស្សាហ៍​វិល​មុខ ក្អក ​លើស​ឈាម និង​ធ្ងន់​ត្រចៀក។

ដូច្នេះ​ហើយ​ទើប​កូន​ៗ​ឲ្យ​លោក​នៅ​ផ្ទះ ​ឈប់​ចេញ​ថត​បន្ត​ទៀត តែ​លោក​​​មិន​ព្រម។ លោក​ បន្ត​ថា ទោះ​ប្រឡូក​សិល្បៈ​ច្រើន​ឆ្នាំ​ហើយ​នៅ​តែ​ក្រ​យ៉ាង​ណា ក៏​លោក​ស្រលាញ់​ មិន​បោះ​បង់​សិល្បៈ​ចោល​ទេ ​តស៊ូ​តាំង​ពី​ជិះ​កង់​ទៅ​ថត​កុន រហូត​ពេល​នេះ​មាន​ត្រឹម​ម៉ូតូ​សង់​ការ៉េ​ចាស់​មួយ ដែល​ផ្ទុយ​ពី​សិល្បករ​ក្មេង​ៗ មាន​លទ្ធភាព​កសាង​គ្រួសារ​បាន​ធូរ​ធារ។

​​លោក មិន សា​រិន ឲ្យ​ដឹង​ថា ខាង​ផលិតករ​គេ​មិន​សូវ​ចង់​ហៅ​តារា​ចាស់ៗ​ទេ​ ព្រោះ​ចាស់​ហើយ​ភ្លេចភ្លាំង​ច្រើន ​ទន្ទេញ​ប៉ារ៉ូ​រឿង​ក៏​មិន​ចាំ​ល្អ១០០%។ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ផលិត​កម្ម​ផ្សេងៗ ​គេ​ទាក់​ទង​ហៅ​លោក​ទៅ​ថត​ដែរ ​ដូច​ជា ​វីដេអូ​អប់រំ​រឿង​ខ្លី ​ស្ប៉ត​ពាណិជ្ជកម្ម ជា​ដើម ដោយ​ទទួល​បាន​ថវិកា​សមរម្យ។

លោក​ជា​តារា​ជើង​ចាស់​តាំង​ពី​ឆ្នាំ​១៩៦០ ដោយ​ធ្លាប់​សម្ដែង​ជា​តួ​កាច តួ​សេដ្ឋី តួ​នា​ម៉ឺន ​និង​ពិសេស​នោះ ​ជា​តួ​មេ​ខ្មែរ​ក្រហម ​លោក​សម្ដែង​​បាន​យ៉ាង​ស័ក្ដិសម ​តែ​អត្តចរិត​ខាង​ក្រៅ ​លោក​ស្លូត​បូត​នោះ​ទេ។ ​​​​​​​​​រឿង​ដែល​លោក​បាន​សម្ដែង​មាន​ដូច​ជា «ភ្លើង​ជីវិត» «នរក​៩​ជាន់»​ «ចិត្ត​ចង​ចាំ» «ទុក្ខ​ស្រី​ប្ដី​ព្រាត់» «បិសាច​ក្រមុំ» ​និង​រឿង​ «មួយ​សប្ដាហ៍​លើ​កោះពស់» ជាដើម៕

ទស្សនាការរៀបរាប់របស់លោកតា មិន សារិន តាមរយៈវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម