• 2018-10-31 03:32:22
  • ព័ត៌មាន

ក្រុម​សិល្បករ​ជួបជុំ​គ្នា ត្រៀម​ធ្វើ​រឿង​មួយ​ឲ្យ​គម្រោង ​"ភ្នំពេញ​ស្អាត" កាន់តែ​ប្លែក​ និង​អស្ចារ្យ​កក្រើក​ភ្នំពេញ

  • 2018-10-31 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​មាន​ទេពកោសល្យ​លើ​ផ្នែក​​គំនិត​ច្នៃ​ប្រឌិត​សិល្បៈប្រមាណ​ជា​ជាង​ ១០រូប មក​ពី​ផ្នែក​ផ្សេងៗ ដែល​សុទ្ធសឹងតែ​ជា​អ្នក​ល្បីល្បាញ​ក្នុង​សង្គម បាន​ជួបជុំ​គ្នា​ និង​ឯកភាព​ធ្វើ​រឿង​មួយ ​ដើម្បី​ឲ្យ​គម្រោង​ "ភ្នំពេញ​ស្អាត" កាន់តែ​អស្ចារ្យ​ នៅ​ពេល​ខាង​មុខ​នេះ។ ការ​ជួបជុំ​គ្នា​នេះ ក្រោម​ការ​សម្របសម្រួល​ពី ​លោក ជី សិលា សហ​ស្ថាបនិក​​គម្រោង​ "ភ្នំពេញ​ស្អាត" និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) កាល​ពី​ល្ងាច​ ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០១៨។

លោក ជី សិលា បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​គម្រោង​ភ្នំពេញ​ស្អាត​ចង់​ធ្វើ​ឲ្យ​ប្លែក​ពី​ឆ្នាំ​មុន​ ដោយ​ចង់​ប្រមូល​ផ្ដុំ​អ្នក​មាន​ទេព​កោសល្យ​​នៅ​ស្រុក​ខ្មែរ​បង្កើត​ស្នាដៃ​ច្នៃ​សំរាម​ធ្វើជា​វត្ថុ​សិល្បៈ។ "សំរាម​មាន​ដូច​ជា សម្បក​កំប៉ុង សម្បកដប ថង់ប្លាស្ទិច... យើង​ចង់​បង្កើត​ជា​សិល្បៈ​មួយ​ អាច​ជា Fashion អាច​ជា​គំនូរ រូបថត ឬ​ជា​រូប​អ្វី​មួយ​បង្កើត​ជា​សិល្បៈ​មួយ​រួម​គ្នា ឬ​ការ​តាំង​ពិព័រណ៍​សិល្បៈ​រួមគ្នា​មួយ​ ដោយ​ចង់​ឲ្យ​មាន​ការ​ចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ"។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​ ២០១៧ គម្រោង​ "ភ្នំពេញ​ស្អាត" បាន​ផ្ដើម​យុទ្ធនាការ​អប់រំ​ផ្នែក​បរិស្ថាន​ និង​បញ្ហា​កាក​សំណល់​ ការពារ​បរិស្ថាន និង​សោភណភាព​ទីក្រុង។ យុទ្ធនាការ​នៅ​ពេល​នោះ ​បាន​ធ្វើ​ឡើង​ពេញ​១ខែ​វិច្ឆិកា តាមរយៈ​យន្ត​ការ​នៃ​ការ​ផ្សព្វផ្សាយ​ និង​បញ្ជ្រាប​​ការ​អប់រំ​ស្ដីពី​ការ​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ក្រោម​ពាក្យ​ស្លោក «សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ»។

វិចិត្រករ​ដ៏​ចំណាន​ លោក លាង ស៊ីកន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ខាង​លើ​ បាន​បញ្ចេញ​ទស្សនៈ​ថា "ខ្ញុំ​ឃើញ​ន័យ​សំខាន់​ជា​រួម​គឺ​ការ​ឯកភាព​គ្នា គំនិត​ម្នាក់ៗ​ដូចគ្នា ម្នាក់​ៗ​ចង់​ឲ្យ​មាន​ភាព​ស្អាត គឺ​ចាប់​ពី​ខ្លួន​យើង ទៅ​ណា​គិត​ពី​ខ្លួន​យើង​ស្អាត ស្លៀកពាក់​ស្អាត​ការ​រស់​នៅ​ស្អាត​ និង​ សម្រស់​ស្អាត​ ដោយ​ផ្ដើម​ពី​ខ្លួន​យើង"។

លោក​លាង ស៊ីកន បាន​បន្ត​ទៀត​ថា ការ​ជួបជុំ​គ្នា​នេះ​ក៏​បាន​ឯកភាព​បង្កើត​ស្នាដៃ​អ្វី​មួយ ដើម្បី​បំផុស​សតិអារម្មណ៍​គំនិត​អប់រំ​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ "ខ្ញុំ​ឧទាហរណ៍​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​បង្កើត​រូប​នាគ​ធ្វើ​ពី​សំរាម​ប្រវែង​២២៥ម៉ែត្រ គឺ​ថា​ដាស់​អារម្មណ៍​ប្រជាជន​ នាគ​ផុស​ចេញ​ពី​ក្នុង​ទឹក​ ដោយ​សំរាម​ចេញ​មក​ព័ទ្ធជុំវិញ​ខ្លួន​ដើម្បី​បង្ហាញ​ថា យើង​ត្រូវ​ប្រកាស​អាសន្ន​ហើយ ប្រសិន​បើ​យើង​ពី​​ពេល​នេះ យើង​មិន​ចាប់​ផ្ដើម​រៀប​ចំ​ទប់ស្កាត់​ទេ ទឹក​ដែល​ជា​ជីវិត​របស់​យើង​នឹង​ត្រូវ​ស្លាប់...។ ការ​ធ្វើ​បែប​នេះ​គឺ​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ហើយ​ពួកគេ​ចង់​ស្វែង​យល់​ពី​អត្ថន័យ​នៃ​រូប​នាគ​ផលិត​ពី​សំរាម"។

ស្រដៀង​គ្នា​នេះ​ដែរ លោក ភើ សុផន ជា​សិល្បៈ​មួយ​រូប​ ដែល​ចូលចិត្ត​ដំឡើង​វត្ថុ​សិល្បៈ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា ការ​ជួបជុំ​ជាមួយ​ក្រុម​សិល្បករ​ល្បីល្បាញ​ក្នុង​ស្រុក​ខ្មែរ​នៅ​ពេល​នេះ​ បំផុស​ឲ្យ​កើត​មាន​​គំនិត​ច្នៃ​ប្រឌិត​ថែរក្សា​បរិស្ថាន ហើយ​ការ​ជួបជុំ​គ្នា​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​របស់​ខ្ញុំ​ដែរ។ "ខ្ញុំ​យក​សម្បកដប​មក​កែ​ច្នៃ​ជា​សិល្បៈ​ផ្សេងៗ ហើយ​ខ្ញុំ​ចង់​ជំរុញ​ឲ្យ​មហាជន​ចូលរួម​ដូច​គ្នា តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​យើង ផ្ទះ​យើង ក្រុង​យើង​ស្អាត"។ ការ​ពិភាក្សា​នេះ​ក៏​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​ធ្វើ​ថែម​ទៀត​ និង​ចែកចាយ​ឲ្យ​សាយភាយ​ទៅ​ដល់​សាធារណជន ឧទាហរណ៍​ថា យើង​ញុំា​ទឹក​សុទ្ធ​ហើយ​ ហើយ​កុំ​ចោល​ដប​ទឹក​សុទ្ធ​តាម​ផ្លូវ​គឺ​មិន​សម​នោះ​ទេ"។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក ឯម រៀម បណ្ឌិត​ច្នៃ​ម៉ូដ បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​ខ្ញុំ​ជា​សិល្បករ​មួយ​រូប​ នៅ​ក្នុង​កម្មវិធី "ភ្នំពេញ​ស្អាត" នា​ពេល​ខាង​មុខ​នេះ នឹង​បង្កើត​ស្នាដៃ​សិល្បៈ​ខ្លះៗ ដើម្បី​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ចេះ​គ្រប់គ្រង​សំរាម និង​យក​សំរាម​ច្នៃ​ជា​វត្ថុ​សិល្បៈ​ផ្សេងៗ"។

មិន​ខុស​គ្នា​ពី​សិល្បករ​ប៉ុន្មាន​រូប​ខាង​លើ​នោះ​ទេ លោក រ៉េមមី ហូ ដែល​ធ្លាប់​សាង​ភាព​លេចធ្លោ​ជា​ច្រើន​ក្នុង​វិស័យ​រចនា​ម៉ូដ​នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​នូវ​អារម្មណ៍​រំភើប​រីក​រាយ លោក​នឹង​សហការ​ពេញ​ទំហឹង​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​នៅ​ស្រុកខ្មែរ ដោយ​យក​សម្រាម​មក​ច្នៃ​ឲ្យ​ចេញ​ជា​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ទាក់​ទាញ​បំផុត។ ចំពោះ​រូបរាង​នៃ Fashion Show យ៉ាង​ណា​នោះ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នោះ​ទេ តែ​លោក​សង្ឃឹម​ថា ស្នាដៃ​ច្នៃ​សំរាម​ធ្វើជា​វត្ថុ​សិល្បៈ​នេះ​កម្លាំង​ចលករ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ ចោល​សម្រាម​ពាស​វាល​ពាស​កាល។​

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​សិល្បករ​ដែល​បាន​ជួបជុំ​ កាល​ល្ងាច​មិញ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​សម្រេច​ឯកភាព​ជា​គោលគំនិត​រួម​គ្នា​នៅ​ឡើយ ដែល​ក្រុម​ដដែល​នេះ​ នឹង​ជួប​ប្រជុំ​ច្រើន​ដង​ទៀត ដើម្បី​ធ្វើ​ឲ្យ​គម្រោង​លេច​ចេញ​ជា​រូបរាង​ផ្លូវ​ការ ដោយ​​ធ្វើ​ឲ្យ​ប្លែក និង​អស្ចារ្យ មិន​ធ្លាប់​មាន​ពី​មុន​មក នៃ​ការ​ប្រមូល​សំរាម​ច្នៃ​ជា​វត្ថុ​សិល្បៈ​ផ្សេងៗ រួម​ផ្សំ​នៃ​កម្មវិធី​ផ្សេង​ៗ​ជាច្រើន​ទៀត ដើម្បី​ចូលរួម​យុទ្ធនាការ​ "ភ្នំពេញ​ស្អាត" ដែល​មាន​រយៈពេល​ពេញ​១ខែ ក្នុង​ខែ​វិច្ឆិកា ២០១៨ ខាង​មុខ​នេះ៕

អត្ថបទៈ ប៊ិន ប៊ុណ្ណា

មតិយោបល់