- 2018-11-08 04:06:23
- ភាពយន្ត
រដ្ឋមន្រ្តីក្រសួងវប្បធម៌ រីករាយឱ្យផលិតករភាពយន្តជប៉ុនមកផលិតភាពយន្តនៅកម្ពុជា
- 2018-11-08 04:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីក្រសួងវប្បធម៌ រីករាយឱ្យផលិតករភាពយន្តជប៉ុនមកផលិតភាពយន្តនៅកម្ពុជា
ចន្លោះមិនឃើញ
ក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនជាមួយការបញ្ចាំងភាពយន្តលំដាប់កំពូលដោយឥតគិតថ្លៃនៅកម្ពុជាឆ្នាំ ២០១៨ នេះ មានការចូលរួមពីបណ្ដាស្ថាប័នទាក់ទងជាច្រើនរវាងកម្ពុជា និងជប៉ុន ក្នុងនោះក៏មានការចូលរូមយ៉ាងពីសំណាក់លោកជំទាវ ភឿង សកុណា និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
លោកជំទាវ ភឿង សកុណា បានថ្លែងសាទរភាពជោគជ័យ និងស្វាគមន៍ការបើកមហោស្រពភាពយន្តជប៉ុននៅកម្ពុជា។ លោកជំទាវថា កម្ពុជារីករាយសហការការងារផលិតភាពយន្តរបស់ផលិតករជប៉ុននៅកម្ពុជា លើសពីនេះទៀតកម្ពុជាក៏មានគោលបំណងនាំយកភាពយន្តខ្មែរទៅបង្ហាញនៅប្រទេសជប៉ុនវិញដែរ តាមរយៈរូបភាពផ្លាស់ប្ដូរវប្បធម៌ប្រពៃណី។
ឆ្នាំ ២០១៨ នេះមានភាពយន្តជប៉ុនជាច្រើនចំណងជើងជាជម្រើសពិសេស គួរទស្សនាសិក្សារៀនសូត្រពីការអភិវឌ្ឍ និងវប្បធម៌របស់ជប៉ុន សម្រាប់ប្រជាជនកម្ពុជាទស្សនាដោយសេរីនៅតាមរោងភាពយន្ត នេះបើតាមប្រសាសន៍ថ្លែងសន្ទរកថាដោយ លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
មហោស្រពភាពយន្តជប៉ុនបើកដំណើរជាមួយនឹងការចូលរួមទស្សនាសិក្សារៀនសូត្រពីភាពយន្តជប៉ុន ដោយមានការធ្វើបទបង្ហាញដោយផលិតករល្បីឈ្មោះមកពីប្រទេសជប៉ុន ដែលលោកជំទាវលើកទឹកចិត្តផលិតករវ័យក្មេង និងផលិតករ អ្នកផលិតភាពយន្តក្នុងស្រុកគួរចំណាយពេលទៅទស្សនារៀនសូត្របច្ចេកទេស ឬសួរនាំពីការផលិតភាពយន្តរបស់ជប៉ុន។
គួរបញ្ជាក់ថាការចាក់បញ្ចាំងភាពយន្តជប៉ុនដោយសេរីនេះ នឹងចាប់ដំណើរការពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះរហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ ២០១៨ នេះនៅតាមរោងភាពយន្តនៅភ្នំពេញ និងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅតាមរោងភាពយន្តនៅខេត្តសៀមរាប៕
សូមតាមដាន Link ខាងក្រោមសម្រាប់កាលវិភាគ និងទីតាំងចាក់ផ្សាយភាពយន្តជប៉ុនដោយឥតគិតថ្លៃ៖ Japanese Film Festival - Cambodia