• 2019-03-15 06:38:44
  • ភាពយន្ត

វត្តមានតារាល្បីៗ​ចូលរួមសម្ពោធរឿង​ "ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់"​ ​កាលពីម្សិលមិញ

  • 2019-03-15 06:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានរៀបចំកម្មវិធីសម្ពោធខ្សែភាពយន្តខ្នាតធំរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" យ៉ាងអធិកអធម ក្រោមវត្តមានអ្នកសហការផលិត ក៏ដូចជាតារាល្បីៗផងដែរ។

កាន់​តែ​ពិសេស ខ្សែភាពយន្តភាគខ្នាតធំប្រចាំឆ្នាំដែលបណ្តាក់ទុនយ៉ាងច្រើននេះ ត្រូវបានផលិត ដោយ​សម្រិតសម្រាងសុទ្ធតែតារាល្បីៗជួរមុខ ហើយគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៧ៈ៥០ នាទីយប់។

ជាក់ស្តែងសម្រាប់លោក សុខសាធិក សាក់រ៉ាតយុត នាយកគ្រប់គ្រងភីអិនអិន បានមានប្រសាសន៍ក្នុងថ្ងៃសម្ពោធខ្សែភាពយន្តរឿងភាគថា សម្រាប់លោក មានទស្សនៈវែងប្រកបដោយការតាំងចិត្តខ្ពស់សម្រេចបោះទុនផលិតខ្សែភាពយន្តក្រោមការសហការផ្តល់សិទ្ធិពីលោក ជី សិលា CEO ​​របស់ក្រុមហ៊ុន Sabay ដែលដកចេញពីប្រលោម លោកល្បីល្អឯកមួយនេះ មកផលិតចេញជារូបរាង ដើម្បីគាំទ្រនូវស្នាដៃល្អៗរបស់ខ្មែរយើងដែលមាន។

លើសពីនេះទៀតសម្រាប់កញ្ញា ទូច បុប្ផា ប្រធានផ្នែកផលិតកម្មវិធីផ្សាយប្រចាំភីអិនអិនក៏បានបញ្ជាក់ដែរថានេះគឺជារឿងភាគដំបូងដែលចំណាយរយៈពេលផលិតរហូតដល់ទៅ១ឆ្នាំ។ ក្រៅពីនេះ​ ក៏ត្រូវបានសម្រិតសម្រាងយ៉ាងម៉ត់ចត់ពីដៃគូសហការ ក្នុងនោះមាន​ទាំងការជ្រើសតួសម្តែង ទីតាំង និងការរៀបចំសេណារីយ៉ូរឿងផងដែរ ​ហើយពិសេសខ្សែរឿងនេះ ឆ្លុះបញ្ចាំងពីមនោសញ្ចេតនាមិត្តភាពយូរអង្វែងការភាន់ច្រលំ គុំគួនសងសឹកគ្នា ​និងក៏ដូចជាបង្ហាញពីគុណធម៌ក្នងសង្គមជាក់ស្តែងផងដែ​រ។

មួយ​វិញទៀត​ ភីអិនអិន តែងគាំទ្រលើកទឹកចិត្តចំពោះខ្សែភាពយន្តភាគខ្មែរ ហើយនឹងជួយស្វែងរកទីផ្សារធ្វើយ៉ាងណាឲ្យមានគុណភាពផលិតបានល្អមិនចាញ់បរទេស​ ពិសេសខាងស្ថានីយ៍ទូរទស្សន៍នឹងលក់សិទ្ធិ Copy Right ឲ្យទៅ Soyo ដែរ។

បន្ថែមពីនេះទៀតលោកលៀក លីដា ប្រធានផ្នែកផលិតរបស់ផលិតកម្ម LD ក៏បានថ្លែងបញ្ជាក់បន្ថែមថាលោកមានការរំពឹងខ្ពស់ចំពោះខ្សែភាពយន្តភាគធំបំផុតប្រចាំឆ្នាំដែលចំណាយច្រើនសម្រាប់ការផលិតឲ្យមានគុណភាព។ ចំណុចពិសេសមួយទៀត​ គឺលោកពេញចិត្តប្រលោមលោក Sabay ​មួយនេះខ្លាំង ព្រោះលោកចំណាយការអានសាច់រឿងដំបូងតែ ២ ព្រឹកប៉ុណ្ណោះលើសម្រេចថាទទួលការងារមួយនេះ។ លោកបញ្ជាក់ទៀតថា រឿងមួយនេះមិនត្រឹមតែអាចផ្ដល់នូវការ​កម្សាន្តអារម្មណ៍តែមួយមុខទេ តែក៏មានខ្លឹមសារអប់រំប្រកបដោយអត្ថន័យផងដែរ។ លោកផ្តាំថាសូមកុំភ្លេចរង់ចាំទស្សនារឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់"​ ពិតជាមិនខកបំណងឡើយ។

សរុបជាររួម វត្តមានតួសម្តែងដែលបានចូលរួមក្នុងឱកាសសម្ពោធខ្សែរឿងកាលពីម្សិលមិញរួមមានលោក លឹម ជាឡាយ, កញ្ញា ពុធស្រីខួច,​លោក បឺរី,​កញ្ញា សាឡាត់ស្រីឡាង,លោក រតនៈ ពិសិដ្ឋ,កញ្ញា ឈិន ស៊ាវមី,លោក នូ សភា,កញ្ញា ចាន់ រាសី,តារាជើងចាស់ លោកជា សំណាង,លោក លឺម​ តិចម៉ុង,អ្នកនាង ង៉ែត សុវណ្ណលីតា,​លោក ទេព មនោរម្យ,​លោក ពិន សំណាង,​រួមនឹងតារាកិត្តិយសជាច្រើនដួងទៀតផងដែរ​បានថ្លែងពាក្យពេចន៍ដូចៗគ្នាពិតជារីករាយខ្លាំងណាស់ដែលបានសម្តែងរឿងរបស់ប្រលោមលោកល្បីរបស់ Sabay នឹងជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលត្រូវបានលើកយក​មកធ្វើជាខ្សែភាពយន្ត។ ពួកគេពិតជារំភើបចិត្តហើយសហការជាមួយស្ថានីយ៍ទូរទស្សន៍ភីអិនអិន សម្រាប់ការងារមួយ​នេះណាស់ ហើយក្រុមការងារផលិតម្នាក់ៗ ពិតជាលះបង់អស់កម្លាំងកាយចិត្តដូចគ្នា ដើម្បីសម្តែងឲ្យដល់ទៅតាមសាច់រឿងមួយនេះ៕

ទស្សនារូបភាពចូលរួមសម្ពោធខ្សែភាពយន្តភាគខ្នាតធំខាងក្រោម៖

រក្សាសិទ្ធរូបភាពដោយ Sabay

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់