• 2019-09-06 09:08:33
  • ភាពយន្ត

លើកទី ១ថតរឿងបុរាណ វ៉ៃហាំងដាច់ចិត្តទម្លាយឈុតពិសេស១ដក់ក្នុងចិត្តគ្មានថ្ងៃភ្លេច

  • 2019-09-06 09:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង​ប្រុស​ដែល​ទទួល​បាន​ប្រជាប្រិយភាព​លើ​ស្រទាប់​យុវវ័យ​​ និង​ភាគ​ច្រើន​ គេ​ឃើញ​លោក​ត្រូវ​បាន​ផលិតករ​រឿង​តម្រូវឱ្យ​ចាប់​ដៃ​គូ​ជាមួយ​កញ្ញា​ ស៊ីន​ យូប៊ីន​ នោះ​គឺ​លោក​ ខាត់​ វ៉ៃហាំង។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វ៉ៃហាំង ហាក់​ស្ទុះ​ឡើង​កូដ​ខ្លាំង​បន្ទាប់​ពី​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ខ្សែភាពយន្ត​កន្លងមក។ ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ក៏​បាន​គ្រង​តំណែង​ជា​តួឯក​ប្រុស​ ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ​មួយ​ដែល​កំពុង​តែ​ធ្វើការ​ចាក់​ផ្សាយ​នៅលើកញ្ចក់​ទូរទស្សន៍​ភីអិនអិន​នោះ​គឺ​រឿង​ និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍។

ជំនួប​សម្ភាស​ផ្ទាល់​ទាក់ទង​នឹង​ចំណាប់​អារម្មណ៍​មួយ​ចំនួន​ក្នុងការ​សម្តែង​នៅ​ក្នុង​រឿង​បុរាណ​ដ៏​ល្អ​មើល​មួយ​នេះ​ តារា​ប្រុស​វ័យ​ក្មេង​ សម្បុរ​ស​ វ៉ៃហាំង​ ហាក់​បញ្ចេញ​នូវ​ក្ដី​រំភើបរីករាយ​យ៉ាង​ពន់ពេក។ ក្នុង​នោះ​ លោក​បាន​បញ្ជាក់​ប្រាប់​ថា​ នេះ​ជា​រឿង​ទីមួយ​ហើយ​ដែល​ខ្លួន​បាន​ស្លៀក​នូវ​សម្លៀកបំពាក់​បែប​ប្រពៃណី​បុរាណ​របស់​ខ្មែរ​ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ដែល​ពី​មុន​លោក​ពុំ​ធ្លាប់​បាន​សម្តែង​ភាព​យន្ត​បុរាណ​ណា​ឡើយ។

ជាក់ស្តែង​ ក្នុង​រឿង​នេះ​លោក​ត្រូវ​សម្ដែង​ ជា​មេទ័ព​ខ្លាំង​ពូកែ​ម្នាក់ ហើយលោក​បាន​ដាក់​ចិត្ដដាក់​កាយ​បញ្ចូល​អារម្មណ៍​ទៅ​ក្នុង​សាច់​រឿង​ឱ្យ​ដូចពិតដូច្នោះដែរ។ ជាមួយ​នឹង​ឈុត​មេទ័ព​សម័យ​បុរាណ​ដ៏​អង់អាច​ក្លាហាន​នេះ​ ធ្វើឱ្យ​អារម្មណ៍​របស់​វ៉ៃហាំង​នៅ​ដិត​ជាប់​ក្នុង​ចិត្ត​ ចង​ចាំ​មិន​ភ្លេច​ឡើយ​ ជាពិសេស​ឈុត​មួយ​ដែល​ថត​នៅ​ប្រាសាទបុរាណមួយកន្លែង​ ស្ថិតក្នុង​ទឹកដី​ខេត្ត​តាកែវ។

វាជា​ឈុត​បង្ហាញ​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ក្នុង​ភូមិ​ ដែល​មាន​ការជួបជុំ​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​ ហើយ​មាន​ការ​បង្ហាញ​ជាមួយ​នឹង​របាំ​ប្រពៃណី​ជាច្រើន​ទម្រង់​ផង​ដែរ។ ជាមួយ​នឹង​ទឹក​មុខ​ញញឹម​តិចៗ បែប​មាន​មន្តស្នេហ៍​ វ៉ៃហាំង​បាន​រៀបរាប់​ថា៖ «ពេល​ហ្នឹង ខ្ញុំ​ដើរ​មើល​គេ​ ព្រោះ​យើង​ជា​មេ​ទ័ព​ យើង​ដើរ​មើល​គេ​អញ្ចឹង​ មាន​អារម្មណ៍​ថា​ សប្បាយ​ចិត្ត សិល្បករ​ សិល្បការិនី​ តែង​ខ្លួន​ជា​អ្នក​របាំ​ ទៅ​តាម​ប្រភេទ​នីមួយៗ​ ខុស​ប្លែក​ពី​គ្នា​ ដូច​នេះ​ វា​ស្រស់​ស្អាត​ខ្លាំង​ ហើយ​ក៏​ដក់​ជាប់​អារម្មណ៍​ខ្លាំង​ដូចគ្នា​ ជា​ពិសេស​ បាន​ឃើញ​តួឯក​ស្រី​នៅ​ទីនោះ​តែ​ម្តង»។

ជាមួយ​គ្នា​នឹង​ការ​បង្ហាញ​ពី​ឈុត​ដែល​ខ្លួន​លង់​ចិត្ត ដក​មិន​រួច​នោះ​ តួឯក​ប្រុស​មេទ័ព​ម្នាក់​នេះ​ បាន​បង្ហើប​ឈុត​ដែល​ពិបាក​ថត​ជាង​គេ​ក្នុង​ចំណោម​ឈុត​ទាំងអស់​ក្នុង​រឿង​នេះ​ តួយ៉ាង​ដូចជា​ឈុត​ធ្វើ​សង្គ្រាម​ ដែល​តម្រូវ​ឱ្យ​មាន​មនុស្ស​ច្រើន​ ហើយ​អ្វី​ដែល​ប្រឈម​មុខ​ខ្លាំង​ គឺ​អាកាស​ធាតុ​ក្តៅ​ ហើយ​មាន​ពេល​ខ្លះ​ប៉ះពាល់​ដល់​ស្បែក​ក៏​មាន។

ទោះ​ជា​យ៉ាងនេះ​ក្តី លោក​បាន​បន្ត​ថា យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ថត​ឈុត​ដ៏​លំបាក​មួយ​នេះ​ ក្រោម​ទឹក​មុខ​ដ៏​រីករាយ​ពី​ក្រុម​ការងារ​ទាំងអស់​គ្នា។ យ៉ាងណា​មិញ​ ដើម្បី​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ទៀត​ថា​ តើ​ការ​សម្តែង​របស់​តារា​ប្រុស​ តួឯក​មេទ័ព​រូប​សង្ហា​នៅក្នុង​រឿង​ «និស្ស័យស្នេហ៍នាងមនោរាហ៍» មាន​លក្ខណៈ​ដូច​ម្តេច​ និង​ល្អ​មើល​យ៉ាង​ណា​នោះ​ សូម​ទស្សនិកជន​រង់ចាំ​តាមដាន​ទស្សនា​ចាប់​ពី​ថ្ងៃ​ ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ  វេលា​ម៉ោង​ ០៨​ យប់ ​ដល់ម៉ោង​ ០៩យប់ និង​មាន​តែមួយ​គត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់