• 2019-09-23 09:18:21
  • ភាពយន្ត

ខាត់ វ៉ៃហាំង ស្លុង​ជាមួយ​តួ​ស្រី​ក្នុង​រឿង "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍"

  • 2019-09-23 09:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​​ស្រទាប់​យុវវ័យ និង​ភាគ​ច្រើន គេ​ឃើញ​លោក​ត្រូវ​បាន​ផលិតករ​រឿង​តម្រូវ​ឱ្យ​ចាប់​ដៃគូ​ជាមួយ​កញ្ញា ស៊ីន យូប៊ីន នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មាន​ពេល​មួយ​នោះ លោក​ស្លុង​ខ្លាំង​តែ​ម្ដង​ជាមួយ​តួឯក​ស្រី។

តួឯក​ស្រី​ក្នុង​រឿង "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍" គឺ​កញ្ញា ស៊ិន យូប៊ីន ដៃគូ​សម្ដែង​ដ៏​សាក​សម​របស់​ប្រុស​សង្ហា និង​ជា​គូស្នេហ៍​ផង​ដែរ។ និយាយ​ពី​ខ្សែ​រឿង​ខាង​លើ​នេះ តួឯក​ប្រុស ហាក់​បញ្ចេញ​នូវ​ភាព​រំភើប​រីករាយ​យ៉ាង​ពន់​ពេក។ លោក​បាន​លើក​ឡើង​ថា នេះ​ជា​រឿង​ទី​មួយ​ហើយ​ដែល​ខ្លួន​បាន​ស្លៀក​នូវ​សំលៀកបំពាក់​បែប​ប្រពៃណី​បុរាណ​របស់​ខ្មែរ មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ដែល​ពី​មុន​លោក​ពុំ​ធ្លាប់​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​បុរាណ​ណា​ឡើយ។

វ៉ៃហាំង បាន​ទទួល​តំណែង​ជា​តួអង្គ​ឯក​ប្រុស ដែល​ជា​មេទ័ព​ខ្លាំង​ពូកែ​ម្នាក់​ក្នុង​រឿង បាន​ដាក់​ចិត្ត​ដាក់​កាយ​បញ្ចូល​អារម្មណ៍​ទៅ​ក្នុង​សាច់​រឿង​ឱ្យ​ដូច​ជា​ពិត​ដូច្នោះ​ដែរ។ ជាមួយ​នឹង​ឈុត​មេទ័ព​សម័យ​បុរាណ​ដ៏​អង់អាច​ក្លាហាន​នេះ ធ្វើ​ឱ្យ​អារម្មណ៍​របស់ វ៉ៃ​ហាំង នៅ​ដិត​ជាប់​ក្នុង​ចិត្ត ចងចាំ​មិន​ភ្លេច​ឡើយ ជា​ពិសេស​ឈុត​មួយ​ដែល​ថត​នៅ​ប្រាសាទ​បុរាណ​មួយ ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ ។

ឈុត​នោះ គឺ​ឈុត​បង្ហាញ​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ក្នុង​ភូមិ​មួយ ដែល​មាន​ការ​ជួប​ជុំ​ពី​មនុស្ស​មក​ពី​គ្រប់​ទិសទី ហើយ​មាន​ការ​បង្ហាញ​ជា​មួយ​នឹង​របាំ​ប្រពៃណី​ជា​ច្រើន​ទម្រង់​ផង​ដែរ។ ជាមួយ​នឹង​ទឹក​មុខ​ញញឹម​តិច​ៗ បែប​មាន​មន្ត​ស្នេហ៍ វ៉ៃហាំង បាន​រៀបរាប់​ថា  "ពេល​ហ្នឹង ខ្ញុំ​ដើរ​មើល​គេ ព្រោះ​យើង​ជា​មេទ័ព យើង​ដើរ​មើល​គេ​អញ្ចឹង មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត សិល្បករ សិល្បការនី តែង​ខ្លួន​ជា​អ្នក​របាំ ទៅ​តាម​ប្រភេទ​នី​មួយ​ៗ ខុស​ប្លែក​ពី​គ្នា ដូច​នេះ វា​ស្រស់​ស្អាត​ខ្លាំង ហើយ​ក៏​ដក់​ជាប់​អារម្មណ៍​ខ្លាំង​ដូច​គ្នា ជា​ពិសេស បាន​ឃើញ​តួឯក​ស្រី​នៅ​ទីនោះ​តែ​ម្ដង"។

នេះ​ជា​ឈុត​ដែល​លោក​លង់​ចិត្ត ដក​មិន​រួច​នោះ។ ដោយ​ឡែក​ឈុត​ផ្សេង​ទៀត តួឯក​ប្រុស​មេទ័ព​ម្នាក់​នេះ បាន​បង្ហើប​ក៏​មាន​ឈុត​ដែល​ពិបាក​ថត​ជាង​គេ​ក្នុង​ចំណោម​ឈុត​ទាំង​អស់​ក្នុង​រឿង​ដែរ តួយ៉ាង​ដូច​ជា​ឈុត​ធ្វើ​សង្គ្រាម ដែល​តម្រូវ​ឱ្យ​មាន​មនុស្ស​ច្រើន ហើយ​អ្វី​ដែល​ប្រឈម​មុខ​ខ្លាំង គឺ​អាកាស​ធាតុ​ក្ដៅ ហើយ​មាន​ពេល​ខ្លះ​ប៉ះពាល់​ទៅ​ដល់​ស្បែក​ក៏​មាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​បន្ត​ថា យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ថត​ឈុត​ដ៏​លំបាក​មួយ​នេះ ក្រោម​ទឹក​មុខ​ដ៏​រីករាយ​ពី​ក្រុម​ការងារ​ទាំង​អស់​គ្នា។ យ៉ាង​ណា​មិញ ដើម្បី​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ទៀត​ថា តើ​ការ​សម្ដែង​របស់​តារា​ប្រុស តួឯក​មេទ័ព​រូប​សង្ហា​នៅ​ក្នុង​រឿង "និស្ស័យ​ស្នេហ៍​នាង​មនោរាហ៍" មាន​លក្ខណៈ​ដូច​ម្ដេច និង​ល្អ​មើល​យ៉ាង​ណា​នោះ សូម​ទស្សនិកជន​រង់ចាំ​តាម​ដាន​ទស្សនា​ចាប់​ពី​ថ្ងៃ ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ០៨ យប់ ដល់​ម៉ោង ០៩យប់ និង​មាន​តែ​មួយ​គត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន៕ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់