• 2020-03-11 02:37:52
  • ភាពយន្ត

ហ្អាក...ឈុត​ខ្លះ​ក្នុង​រឿង "មិត្ដ​ក្របី" ត្រូវ​ថត​ឡើង​វិញទាំង​អស់!

  • 2020-03-11 02:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង"មិត្ដ​ក្របី" របស់​ផលិតកម្ម​អាថាន់​ភាពយន្ដ ថត​បាន​៨០%ហើយ ប៉ុន្តែ​អ្នកដឹកនាំ​រឿង​សម្រេចថត​ឈុត​ឆាក​ខ្លះ​ឡើង​វិញ ដោយ​ការ​រៀបចំ​ទីតាំង​ និង​សកម្មភាព​សម្ដែង​ខ្លះ​មិន​ស៊ី​នឹង​សាច់​រឿង។

គ្រូ​បង្រៀន​ក្បាច់គុន​ល្បុក្កតោ និង​ជា​អ្នក​ដឹកនាំ​រឿង​ប្រចាំ​នៅ​ផលិតកម្ម​អាថាន់​ភាពយន្ដ គឺ​លោក ឆន ច័ន្ទវីរៈ និយាយ​ថា ​ឈុត​ឆាក​ដែល​ថត​នៅ​ខេត្ដ​ស្វាយរៀង​កន្លង​ទៅ​បាន​ប្រើ​មនុស្ស​ជាង​២០០​នាក់ ដើម្បី​សម្ដែង​ក្នុង​ឈុត​វាយតប់​គ្នា​បង្កប់​ដោយ​ក្បាច់គុន​ល្បុក្កតោ និង​របាំ​អប្សរាខ្មែរ តែ​ឈុត​ឆាក​ទាំង​អស់​នោះ​មិន​អាច​យក​ទៅ​ប្រើ​បាន​ដោយសារ​តែឌឺហ្គ័រ​ឆាក​មិន​ត្រូវ។

បើ​តាម​លោកគ្រូ ច័ន្ទវីរៈ។ ឈុត​សម្ដែង​លើក​ក្រោយ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៥ ខែ​មីនា នឹង​ធ្វើ​នៅ​ខេត្ត​ស្វាយរៀង​ដដែល​ដោយ​ប្រើ​មនុស្ស​សម្ដែង​ប្រមាណ​៧០​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​ការ​តុបតែង​ទីតាំង និង​សម្ភារៈ​ប្រើ​ក្នុង​ការ​សម្ដែង​ត្រូវ​សម្រិតសម្រាំង​ជាង​មុន។

លោកគ្រូ ច័ន្ទវីរៈ ថា​លោក​ឈឺ​ក្បាល​នឹង​ឈុត​មួយ​នេះ​ដោយសារ​លោក​ត្រូវ​សម្ដែង​ផង និង​ដឹកនាំ​រឿង​ផង ហើយ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​ការ​ជួល​ពលរដ្ឋ និង​តួ​ល្បី​ៗ​មក​សម្ដែង​ដើម្បី​ថត​ឡើង​វិញ។ រឿងនេះមានទិសដៅបង្ហាញក្បាច់គុនល្បុក្កតោខ្មែរ និងរបាំអប្សរា។

រូបភាព៖ ហ្វេសប៊ុក​ លោក ឆន ច័ន្ទវីរៈ

រឿង"មិត្ត​ក្របី" គឺ​ជា​ស្នាដៃតែង​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​គ្រូ​គុន​ល្បុក្កតោវ័យ​​ក្មេង​វត្ដថាន់ល្បីឈ្មោះម្នាក់ គឺ​លោក ឆន ច័ន្ទវីរៈ គ្រោងបញ្ចប់​ត្រឹមរយៈ​ពេល​១​ម៉ោង និង​៤៥​នាទី។ រឿង​នេះ បាន​ថតជិត​៥​ខែ​ហើយ ហើយ​គ្រោង​ថត​បញ្ចប់​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់
អត្ថបទពេញនិយម