• 2020-04-13 08:06:39
  • ចម្រៀង

សុខ ជំនោរ​ បង្ហើបខ្លះៗពីគម្រោងបង្កើតផលិតកម្មថ្មី

  • 2020-04-13 08:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កវី​និពន្ធ​ទំនុក​ច្រៀង​ចាស់​វស្សា និង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​ម្នាក់ គឺ​លោក សុខ ជំនោរ ប្រកាស​ថា ​រូប​លោក​នឹង​ត្រឡប់​មកចាប់​អាជីព​ផលិត​ចម្រៀង​ឡើង​វិញ ប៉ុន្ដែ​លោក​មិន​ទាន់​អាច​ប្រាប់​បាន​ទេ​ថា ផលិតកម្ម​ដែល​លោក​នឹងបង្កើត​ថ្មី​នោះ មាន​ឈ្មោះ​អ្វី ហើយ​មាន​អ្នក​ចម្រៀង​ណា​ខ្លះនឹង​ចូល​រួម ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ដនោះទេ។

លោក សុខ ជំនោរ គ្រាន់​តែ​បង្ហើប​ខ្លី​ថា បច្ចុប្បន្ន​លោក​កំពុង​រត់ការ​អាជ្ញាប័ណ្ណ ហើយ​អ្នក​ចម្រៀង​ភាគ​ច្រើន​មាន​កេរ្ដិ៍​ឈ្មោះ និង​អាជីព​ស្រាប់ នៅ​ឡើយ​តែ​ខាង​លោក និង​ដៃគូ​សហការ​សម្រេច​ជា​ចុង​ក្រោយ​លើ​ការ​បង្កើត​ក្រុម ឬ​ផលិតកម្ម​ថ្មី​នេះ​ឡើងប៉ុណ្ណោះ។ លោក មិន​បារម្ភ​រឿង​ទីផ្សារ​បទ​ចម្រៀង​សព្វថ្ងៃ​នេះ​ទេ ហើយ​លោក​សង្ឃឹម​ថា​នឹង​មាន​ប្រិយមិត្ត​គាំទ្រ​ច្រើន ព្រោះ​លោក​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី ដើម្បីថ្ពក់យកអារម្មណ៍អ្នកស្ដាប់ ឬអ្នកទស្សនា។

លោក សុខ ជំនោរ៖ "ខ្ញុំមិន​ទាន់​អាច​បញ្ចេញ​អី​បាន​ច្រើន​នៅឡើយទេ ចាំ​មើល​ចូល​ឆ្នាំ​រួច ឬ​ដល់​ពេល​ដែល​កូរ៉ូណា​ស្ងប់ស្ងាត់​សិន ព្រោះ​សូម្បី​ឥឡូវ​នឹងក្រុម​ការងារ​យើង​ក៏​មិន​ទាន់​ហ៊ាន​ជួប​គ្នា​ ដើម្បីពិភាក្សាលម្អិតដែរ"។

លោក សុខ ជំនោរ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ចាប់​តាំង​ពី​ឆ្នាំ​២០០៣។ លោក​ធ្លាប់​ឆ្លងកាត់​ធ្វើ​ការ​ជា​អ្នក​និពន្ធ​ឲ្យ​ផលិតកម្ម​ធំ​ៗ​ចំនួន​បី គឺ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ផលិតកម្ម Spark Music និង​ចុង​ក្រោយ​លោក​និពន្ធ​ឲ្យ​ផលិតកម្ម​រស្មី​ហង្ស មាស។ លោក​ បាន​បោះបង់​អាជីព​នេះ​មួយ​រយៈ​ធំ ក្រោយពីលោកមានការងារផ្សេង​ទៀត រួម​ទាំងងារជាឯកឧត្ដម ដែលជាទីប្រឹក្សារបស់ក្រសួងព័ត៌មានទៀតផងនោះ។

បច្ចុប្បន្ន​លោក ចង់​បង្ហាញ​ទឹកដៃ និង​កិត្ដនាម​របស់​លោក​ជា​ថ្មី​ទៀត​ក្នុង​ពិភព​សិល្បៈ ដោយ​បង្កើត​ក្រុម​ថ្មី​មួយ ដោយ​លោក​ធ្លាប់​បង្ហោះ​សារ និង​ក្រុម​តន្ដ្រីករ និង​អ្នក​ចម្រៀង​ដែល​គ្រោង​នឹង​ចាប់​ដៃ​គ្នា​នោះ​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់