• 2020-06-24 03:17:00
  • ភាពយន្ត

តាម​ដំណឹង តារា​ប្រុស​ស្រី​ល្បី​ៗ នឹង​ជួប​គ្នា​និយាយ​លើ​តុ​កាហ្វេ​ពី​រឿង​មួយ គឺ "អ្នក​ទីបី"

  • 2020-06-24 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន ទូរទស្សន៍​ភីអិនអិន នឹង​ធ្វើ​កម្មវិធី "ជជែក​តារា" ពុំ​ធ្លាប់​មាន​មួយ នៅ​ថ្ងៃ​ពុធ​នេះ ជុំវិញ​ការផលិត​ភាពយន្ត​ភាគ​ជីវិត​ពិត​ដ៏​ល្អ​ពិសេស ក្នុង​អត្ថន័យ​លើក​កំពស់​សីលធម៌​រស់នៅ កែ​លម្អ​ផ្នត់​គំនិត និង​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​ស្នេហា​ មនោសញ្ចេតនា​ ក្នុងចំណោមយុវនារី​នា​ពេល​បច្ចុប្បន្ន។

នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធការ​ផ្សព្វផ្សាយ​សាច់​រឿង​ទូរទស្សន៍​ចំនួន​៤០ភាគ​គត់​ដែល​មាន​ចំណង​ជើង​ថា "អ្នក​ទីបី"។តារា​ល្បីៗ​រួម​មាន ​កញ្ញា. ស៊ឹម ស្រីមុំ លោក. លឹម ជា​ឡាយ លោក ភុល សុវណ្ណ​ដានី កញ្ញា. សាយ ចាន់រាសី កញ្ញា. សួង ស៊ីធឿន នឹង​មាន​វត្តមាន​នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ។

មាន​តែ​អ្នក​សារព័ត៌មាន​ដែល​ទទួល​បាន​ការ​អញ្ជើញ​ប៉ុណ្ណោះ​ដែល​នឹង​ចូលរួម​ជាមួយ​យុទ្ធនាការ​ដែល​មាន​ឈ្មោះថា «ជជែក​តារា»ក្រោយប្រធានបទ ពី "អារម្មណ៍​ពិត មក​ជា​ការ​សម្តែង​"។ កញ្ញា ទូច បុប្ផា​អ្នក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​ខាង​លើ ក៏​បាន​ឱ្យ​ដឹង​ថា នេះ​ជា​រឿង​ភាគ​ដែល​សរសេរ​ចេញ​ពី​ជីវិត​ពិត​ក្នុង​សង្គម​ជាក់ស្តែង​ ក៏​ជា​រឿង​ដំបូង​ដែល​វាយ​លុក​ចំ​ៗ​ទៅ​នឹង​ផ្នត់​គំនិត​របស់​យុវវ័យ​ភ្លើតភ្លើន​មួយ​ចំនួន​ឱ្យ​មើល​ឃើញ​ច្បាស់​អំពី លទ្ធផល​នៃ​ការ​ធ្វេស​ប្រហែស មាក់ងាយ​ស្ថានការណ៍​និង​ការ​ទុកចិត្ត​ខ្លួន​ជ្រុល​ពេក ជា​ហេតុ​បណ្តាល​ឱ្យ​អំពើ​អនាចារ​នានា​មក​រួម​រឹត​ជីវិត​បាន បង្ក​ជា​កំហុស​ពិបាក​បក​ក្រោយ​។

កញ្ញា​បន្ថែម​ថា ភាពយន្ត​ភាគ រឿង​ "អ្នក​ទីបី" ក្រៅ​តែ​ពី​លាត​ត្រដាង​អំពី​ ស្ថានភាព​ផុយ​ស្រួយ​នៃ​តួនាទី និង​កិត្តិនាម​ក្នុង​វិស័យ​សិល្បៈ​ទំនើប ថែម​ទាំង​បង្ហាញ​អំពី​ចរិត​លក្ខណៈ​នៃ​បុគ្គល​(តួអង្គ)ម្នាក់ៗ​ដែល​នឹង​ធ្វើ​ឱ្យ​ជីវិត​ខ្លួន​ត្រូវ​លិចលង់ ឬ​ថ្កុំថ្កើង​បាន ព្រោះ​តែ​ការ​ជ្រើសរើស​គោលដៅ​ជីវិត​រៀង​ៗ​ខ្លួន។

ងាក​មក​កញ្ញា ស៊ឹម ស្រីមុំ តារា​សម្តែង​ដ៏​មាន​រូបឆោម​លោម​ពណ៌​ត្រូវ​បាន​ជ្រើសរើស​មក​ជា​តួអង្គឯក​ក្នុង​ភាពយន្ត​ភាគ​ដែល​នឹង​ចាក់​ផ្សាយ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ នេះ​ជា​សេណារីយ៉ូ​ស្នាដៃ​របស់​អ្នកនិពន្ធ ឆាយ សុមាលី ដែល​មាន​ទឹក​ដៃ​ល្អ ​និង​ល្បី​ឈ្មោះ​ផ្នែក​ខ្សែ​រឿង​​ទូរទស្សន៍​ជា​ច្រើន​មក​ហើយ និង​ត្រូវ​បាន​ដឹកនាំ​ផលិត​ដោយ​លោក លៀក លីណា ដឹកនាំ​រឿង​ដោយ​លោក អៀ ស៊ីណា និង​លោក​មង្គល។

នេះ​ជា​សមិទ្ធផល​ថ្មី​ទៀត​របស់ ទូរទស្សន៍​ភីអិនអិន ខណៈ​កន្លង​មក​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​នេះ បាន​ផលិត​ភាពយន្ត​ខ្មែរ​បាន​ជា​ច្រើន​រឿង​ណាស់​មក​ហើយ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ រឿង​ខ្លះ​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រិយមិត្ត​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ Soyo កម្មវិធី​ទស្សនា​ភាពយន្ត​ចម្រុះ​លើ​ទូរស័ព្ទ​ដៃ​ដំបូង​គេ​នៅ​កម្ពុជា។ រឿង​ទាំង​នោះ​មាន​ដូច​ជា៖ រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" “ភរិយា​សម័យ​ថ្មី" "មន្ដ​ស្នេហ៍​ក្រមុំ​បាយ​ឆា" “អាថ៌កំបាំង​​ត្រីសូល៍" និង​រឿង "ពស់​កេង​កង" ជា​ដើម។

រឿង​ដែល​ផលិតដោយ​ភីអិនអិន មាន​នៅ​លើ Soyo

អត្ថបទ៖ ទារិកា

មតិយោបល់