• 2020-07-01 04:16:49
  • ភាពយន្ត

នៅតែប្លែកភ្នែក...តារា​សម្ដែង​ក្នុងឆ្នាំ១៩៩១​ ​ក្នុង​រឿង​មួយរបស់លោក ហ្វៃ សំអាង

  • 2020-07-01 04:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត​ចាស់​វស្សា លោក ហ្វៃ សំអាង ដែល​ស្ងប់ស្ងាត់​ក្នុង​ការ​ផលិត​រឿង​ថ្មីៗ​ក្នុង​ឆ្នាំ​២០២០ នេះ បាន​គាស់រំលើង​តួ​អង្គ​សម្ដែង​ល្បីៗ​ក្នុង​រឿង​របស់​លោក​កាល​ពី​ជំនាន់​មុន​ជារឿយៗ។

មហាជន បាន​ចាប់​អារម្មណ៍​នឹង​រូប​ថត​តារា​សម្ដែង​ជើងចាស់​ដូច​ជា លោក ទេព រិនដារ៉ូ អ្នកនាង អម្ពរ ទេវី និង​លោក ខៃ ពិសិដ្ឋ​ជាដើម ដោយ​អ្នក​ខ្លះ​បាន​ឆ្លើយឆ្លង​ជាមួយ​ម្ចាស់​ស្នាដៃ​ភាពយន្ត​ដោយ​ផ្ទាល់​ទៀត​ផង។ រាល់​រូប​ថត​ចាស់​ៗ​ដែល​បាន​បង្ហោះដោយ លោក ហ្វៃ សំអាង មិន​ភ្លេច​ដាក់​សំណួរ​ដល់​មហាជ​ន​ទេ ដោយ​សំណួរ​ភាគ​ច្រើន​បាន​សួរ​ពី​ឈ្មោះ​របស់​តួ​អង្គ ហើយ​លោក​ក៏​ចូល​បកស្រាយ​តាម​ក្រោយ។

នៅ​ថ្ងៃទី១៧ និង​ថ្ងៃទី៣០ ក្នុងខែ​មិថុនា នេះ គឺ​ជា​ខួប​៤​ឆ្នាំ នៃ​ការ​រំលឹក​ស្នាដៃ និង​តួអង្គ​ល្បីៗ​ក្នុង​រឿង​របស់​លោក ហ្វៃ សំអាង ដែល​បាន​ផលិត​ក្នុង​ឆ្នាំ​១៩៩១ និង​ដើម​ឆ្នាំ​១៩៩២ គឺ​រឿង"ជីវិត​តារា​ភាពយន្ត"។ សារ និង​រូបភាព​ទាំង​នោះ​បាន​លេចឡើង​ជា​ថ្មីម្ដងទៀត ធ្វើ​ឲ្យ​មហាជន​នឹក​ស្រណោះ និង​ចាប់​អារម្មណ៍​តួអង្គ​ចាស់​ៗ​ជា​ថ្មី​ទៀត។

នៅ​ក្នុង​សារ​ដែល​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​នោះ មាន​រូប​តារា​សម្ដែង​ប្រុស-ស្រី​៤​ដួង គឺ​លោក ទេព រិនដារ៉ូ លោក សាយ ណារា អ្នកនាង អម្ពរ ទេវី និង​អ្នកនាង ឯក អមរ៉ា។

រូប​ថត​មួយ​សន្លឹក​នេះ បើ​គិត​ពី​អាយុ​កាល​វិញ មាន​រយៈ​ពេល​២៨​ឆ្នាំ​ហើយ ប៉ុន្ដែ​កាយវិកា និង​ភាព​ក្រមិចក្រមើម​នៅ​ក្នុង​រូប​ថត​នោះ នៅ​តែ​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍ មិន​ចាញ់​រូប​ថត ឬ​វីដេអូ​សម្ដែង​ក្នុង​សម័យ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​នេះ​ឡើយ។

នៅ​គ្រាហ៍​ដែល​ដំណើរការ​ផលិត និង​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​តាម​រោងកុន ត្រូវ​ជាប់​គាំង​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ លោក ហ្វៃ សំអាង ក៏​មិន​ភ្លេច​បង្ហាញ​រូប​ភាព​ស្ដីពី​សកម្មភាព​ថត​រឿង​ និងតារាៗ​ក្នុង​សម័យ​បច្ចុប្បន្ន​ខ្លះ​ដែរ ដោយ​គេ​មើល​ឃើញ​ថា​ចិត្ដ​អារម្មណ៍​របស់កវីនិពន្ធរូបនេះ​នៅតែ​ដក់​ជាប់​នឹង​វិស័យ​ភាពយន្ដ​ ហើយ​លោក​ក៏​អាច​ធុញទ្រាន់ខ្លាំងណាស់ដែរ ​នឹង​ស្ថានភាព​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​វិស័យ​ភាពយន្ដ​ដែលលោកស្រឡាញ់បំផុតនោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម