• 2020-08-27 04:32:30
  • ព័ត៌មាន

ត្រៀម! ចេញភាគ១ យប់នេះ «លួចស្រលាញ់» មាន ៨ចំណុចត្រូវចិត្តអ្នកមើលខ្លាំង មិនគួររំលង

  • 2020-08-27 04:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ រឿង​ភាគ​ខ្លី ចំណង​ជើង «លួចស្រលាញ់» បាន​ប្រកាស​ថ្ងៃ​ចេញ​ផ្សាយ​ហើយ គឺ ភាគ១ នឹង​ចេញ​នា ម៉ោង ៧យប់ ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ​សីហា​នេះ និង​ ភាគ ២ ចេញ​ថ្ងៃទី ៣​ ខែកញ្ញា ២០២០ ។ រឿង​នេះ នឹង​មាន​ចាក់​ផ្សាយ​លើ​ហ្វេស​ប៊ុក​ផេក Sabay និង Smart Axiata នា​ម៉ោង ៧យប់ ។

គ្រាន់​តែ ឃើញ​ចំណង​ជើង ក៏​ដូចជា​ វីដេអូ Teaser ដែល​បាន​ចេញ​កាល​ពី​ដើម​ខែ​សីហា​នេះ គ្រប់គ្នា​អាច​ទាយ​បាន​ថា នេះ​ជា​ប្រភេទ​រឿង​ស្នេហា​ត្រីកោណ ដែល​មើល​ទៅ​ស្រស់​ស្រាយ​ត្រជាក់​ចិត្ត មិន​ឲ្យ​អ្នក​មើល​ស្រេ្តស​ឡើយ ឯ​តួ​អង្គ​ទាំង​បី​ថែម​ទាំង​​សម្ដែង​បែប​​ធម្មជាតិ ហើយ​​ស្អាត​ៗ​ទាក់​ភ្នែក​គួរ​ឲ្យ​ស្រលាញ់​ទៀត។

ក្រៅ​ពី​នេះ​អ្នក​និពន្ធ​ ក៏​បាន​បង្ហើប​ប្រាប់​ថា​នៅ​មាន​ចំណុច​ពិសេស ៨​ទៀត​ ដែល​អាច​ត្រូវ​ចិត្ត​អ្នក​មើល​​​ច្រើន ​ដូចជា ៖

១. ដូច​រឿង​ជីវិត​ពិត​អ្នក​ខ្លះ ៖ សាច់​រឿង​​​ស្រដៀង​រឿង​ស្នេហា​មនុស្ស​ភាគ​ច្រើន គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ធ្លាប់​លួច​ស្រលាញ់​គេ​នោះ​ទេ អ្វី​ដែល​សំខាន់​ ​គឺ​ជំហាន​បន្ទាប់​ពី​ការ​​លួច​ស្រលាញ់​​ហើយ គឺ​ត្រូវ​ធ្វើ​​​អ្វី​ទៀត​ដើម្បី​ទទួល​បាន​ទី​បញ្ចប់​ដ៏​ល្អ​។ ក្នុង​រឿង​នេះ​នឹង​បង្ហាញ​ពី​រឿង​រ៉ាវ​ទាំង​នេះ។

២. ប្រាប់​រតិចនិក​ស្ទង់​ចិត្ត​ក្រាស ៖ ក្នុង​រឿង នឹង​បង្ហាញ​ពី​របៀប​​ស្ទង់​មើល​ចិត្ត​មនុស្ស​ដែល​យើង​លួច​ស្រលាញ់​ថា​មាន​ចាប់​អារម្មណ៍​នឹង​យើង​វិញ​អត់ របៀប​ទាក់​ចិត្ត​ក្រាស និង របៀប​ស្វែង​យល់​ពី​អារម្មណ៍​ពិត​ខ្លួនឯង ព្រោះ​ការ​លួច​ស្រលាញ់​ខ្លះ អាច​គ្រាន់​តែ​ជា​អារម្មណ៍​រំភើប​មួយ​គ្រា ដែល​អ្នក​ពិបាក​នឹង​យល់​បែង​ចែក។

៣. តួ​ក្នុង​រឿង​គួរ​ឲ្យ​ស្រលាញ់ និង​ក្លាហាន ​៖ តួអង្គ​ទាំង​បី​នាក់​ ក្នុង​រឿង​សុទ្ធតែ​មាន​គំនិត​ជឿនលឿន ទាន់សម័យ ហ៊ាន​ស្រលាញ់ ហ៊ាន​បង្ហាញ ហ៊ាន​និយាយ​ ហ៊ាន​ធ្វើ ហ៊ាន​លះ​បង់ ដែល​ត្រូវ​នឹង​តថភាព​សង្គម​បច្ចុប្បន្ន។ ជាក់ស្តែង​តួ​អង្គ​ពិសី ដែល​បាន​លួច​ស្រលាញ់​បង​ នីត មិន​បាន​ធ្វើ​ឲ្យ​អ្នក​មើល​តឹង​ទ្រូង ស្ទើរ​ស្ទះ​ដង្ហើម​ដូច​តួ​អង្គ​លួច​ស្រលាញ់​គេ​ក្នុង​រឿង​ផ្សេង​ៗ​ទៀត​ឡើយ។

៤. បាញ់​អ្នក​ចូល​ចិត្ត​ដ្រា​ម៉ា​ ៖ សម័យ​នេះ​យុវវ័យ​ណា​ក៏​ចូលចិត្ត​ ដ្រាម៉ា និង​ញ៉ោះ​គ្នា​លេង​ដែរ មានរឿង​អី​តិច​តួច ធ្វើ​ដូច​មែន​ទែន ធ្វើ​ឯង​ស៊ី​អារម្មណ៍ ដូច​តួ​ក្នុង​រឿង ពិសី និង​ វីដ គឺ​លេង​សើច​ញ៉ោះ​គ្នា​រហូត​។

៥. យកចិត្តទុកដាក់​លើ​ចំណុច​តូចៗ តែ​បង្កប់​អត្ថន័យ​ធំធេង ៖ ក្នុង​រឿង​មាន​ឈុត​ជាច្រើន ដែល​តួ​ប្រុស និង​តួ​ស្រី បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​លើ​ចំណុច​តូចៗ សាមញ្ញៗ តែ​បង្កប់​អត្ថន័យ​ជ្រៅ មើល​ទៅ​រ៉ូមែន​ទិច​ម្យ៉ាង​ដែរ។ ចង់​ច្បាស់​ទាល់​តែ​ចាំ​មើល​រឿង​ជាក់ស្តែង នឹង​ឃើញ​ហើយ។

៦. តួ​ស្រី​ចូលចិត្ត​ធាក់កង់ ៖ យក​លេស​ហាត់​ប្រាណ​ដើម្បី​បាន​ជួប​ក្រាស​​ក៏​ត្រូវ​រឿង​មនុស្ស​ភាគ​ច្រើន​ដែរ។ ពិសេស​​អ្នក​ចូលចិត្ត​ធាក់កង់ មិន​គួរ​រំលង​រឿង​នេះ​ទេ ព្រោះ​ឈុត​ធាក់​កង់​ក្នុង​រឿង​ លួច​ស្រលាញ់ ​ស្អាត​ខ្លាំង​ណាស់ ។

៧. ស៊ែរ​ចម្រៀង​ឲ្យ​គ្នា​ស្តាប់​ ៖ ចំណុច​នេះ​គឺ​រ៉ូមែន​ទិច​បំផុត ព្រោះ​តួអង្គ​ក្នុង​រឿងនេះ តែង​ប្រើ​ចំរៀង​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ឯង​ដែល​មិន​អាច ឬ​ពិបាក ​និយាយ​ចេញ​មក​ត្រង់​ៗ។

៨. សប្បាយ​ទាយ​សាច់​រឿង​ណាស់​ ៖ ធម្មតា​រឿង​ស្នេហ៍​ត្រីកោណ​អីចឹង ដឹង​តែ​ធ្វើ​ឲ្យ​អ្នក​មើល​សប្បាយ​ទាយ​ថា​ចុងក្រោយ​តួ​ណា​បាន​ជួបគ្នា ឬ តួ​ណា​សម​គ្នា​ជាង​គេ ។​ អ្វី​ដែល​ពិសេស​នោះ អ្នកនិពន្ធ​បង្ហើប​ប្រាប់​ថា រឿង​នេះ​ចប់​ទៅ អេម​ខ្លាំង​ ពិសេស​នោះ​ពេល​តួ​រៀបរាប់​អារម្មណ៍​ខ្លួនឯង​នៅ​វគ្គ​ចុង​ក្រោយ​ ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ចេញ​ វីដេអូ​ឈុត​ខ្លី Teaser កាល​ពី​ពាក់​កណ្តាល​ខែសីហា​នេះ ឃើញថា​មាន​ហ្វេន​ជាច្រើន​បាន​ខំមិន និង​ ស៊ែរ​ព្រោង​ព្រាត​ជាមួយ​ការ​លេង​ហាស​ថេក #Friendzone #Crush និង #លួចស្រលាញ់​ និង​ប្រាប់​ពី​បទពិសោធន៍​លួច​ស្រលាញ់​គេ​ជាច្រើន​ឆ្នាំ​របស់​ខ្លួនឯង​​ជាដើម៕

កុំ​ភ្លេច​រង់​ចាំ​តាមដាន​ទាំងអស់​គ្នា បើ​ចង់​ដឹង​ច្បាស់​ថា​ដូច​រៀបរាប់​ខាង​លើ​នេះ​អត់។

តោះ​! មើល Tesaser លេង​ទម្រាំ​រឿងចេញ​ពេញ​ថ្ងៃ​នេះ ម៉ោង ៧​យប់៖

ណារីតា

មតិយោបល់