• 2020-08-27 08:29:39
  • ចម្រៀង

ទើប​ដឹង​ថា តន់ ច័ន្ទសីម៉ា កំពុង​សម្ងំ​រៀន​ជំនាញ​មួយ​ទៀត​ស្ងាត់ៗ

  • 2020-08-27 08:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេសកកម្ម​ពិសេស​របស់​តារា​ចម្រៀង​ល្បីឈ្មោះ​វ័យក្មេង តន់ ច័ន្ទសីម៉ា លើ​ឆាក​ប្រគំតន្ត្រី​នៅ​ប្រទេស​ថៃ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ ពោល​គឺ​ការ​ប្រគំតន្ត្រី​គ្រប់​ទម្រង់​នឹង​ត្រូវ​ដំណើរការ​ឡើង​វិញ​នៅ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូវីដ-១៩ ធូរស្រាល​បន្តិច។ ទន្ទឹម​គ្នា​នេះ​នាង​ក៏​ប្រឹងប្រែង​ណាស់​ដែរ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​សិល្បៈ និង​ភាសា​បរទេស ជា​ពិសេស​ភាសា​ថៃ​ដែល​នាង​ចាំបាច់​ត្រូវ​ប្រើ​សម្រាប់​ទំនាក់​ទំនង​ក្នុង​ការងារ និង​ចម្រៀង​ជាមួយ​តារា​ថៃ។

កញ្ញា តន់ ច័ន្ទសីម៉ា ប្រាប់​ថា នាង​បាន​រៀន​ភាសា​ថៃ ហើយ​អាច​និយាយ​បាន​ជាមួយ​ជនជាតិ​ថៃ​ខ្លះ​ហើយ ប៉ុន្តែ​នាង​ត្រូវ​ពង្រឹង​វា​បន្ថែម​ទៀត៖"សម្រាប់​ខ្ញុំ​ពេល​នេះ​ខ្ញុំ​ចេះ​តិចៗ តែ​សូរស័ព្ទ​ជា​ភាសា​ថៃ​ខ្ញុំ​អាច​និយាយ​បាន​ត្រូវ​តុង​ច្រើន ហើយ​ពេល​នេះ​ដែរ​ខ្ញុំ​កំពុង​តែ​រៀន​ថៃ​ជា​បន្តបន្ទាប់​ទៀត"។

សីម៉ា ថា​នាង​ទើប​តែ​ទទួល​បាន​ដំណឹង​ថ្មី​បន្ថែម​ទៀត​ថា ក្រៅ​ពី​ច្រៀង​នៅ​ក្នុង​ស្ទូឌីយោ នាង​ក៏​នឹង​ត្រូវ​ឡើង​ច្រៀង​ជា​ភាសា​ថៃ​ជាមួយ​តារា​ចម្រៀង​ថៃ​នៅ​លើ​ឆាក​ប្រគំតន្ត្រី​ដែល​មាន​ការ​ផ្សាយបន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ថៃ​ទៀត​ផង។ វត្តមាន​បទ​ចម្រៀង​របស់​នាង​នៅ​លើ​ទឹកដី​ថៃ នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ពោល​គឺ​នៅ​ពេល​ដែល​ស្ថានភាព​កូវីដ-១៩ ធូរស្រាល​បន្តិច ហើយ​អាជ្ញាធរ​ប្រទេស​ថៃ និង​កម្ពុជា​បើក​ច្រក​ទ្វា​ព្រំដែន​ធម្មតា​ឡើង​វិញ។

កាល​ពី​ថ្ងៃទី១១ ខែ​សីហា ឆ្នាំ​២០២០ ផលិតកម្ម​Galaxy Navatra បាន​ប្រកាស​ថា តន់ ចន្ទសីម៉ា ជា​តារា​ចម្រៀង​ដំបូង​បង្អស់ បន្ទាប់​ពី​ទទួល​បាន​សន្ទុះ​គាំទ្រ​ខ្លាំង​នៅ​កម្ពុជា ខណៈ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​មក​វិយោគ​លើ​វិស័យ​ចម្រៀង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Galaxy Navatra ដោយ​ដាក់​ឈ្មោះ​ថា Galaxy Navatra Thailand ។

ក្នុង​នោះ​ក៏​មាន​វត្តមាន តន់ ច័ន្ទសីម៉ា ម្នាក់​ផង​ដែរ​ដែល​ច្រៀង​ជា​ភាសា​ថៃ​ក្នុង​ចំណោម​វត្តមាន​តារា​ចម្រៀង​ល្បីៗ​ថៃ​ផ្សេងទៀត​ដែល​រួម​នៅ​ក្នុង​ផលិតកម្ម ហើយ​អាច​នឹង​ឈាន​ទៅ​ដល់​កុងត្រា ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម