• 2020-08-28 07:17:26
  • ព័ត៌មាន

បុរស​ចំណាស់​កម្ពុជា​រូប​នេះ ខំ​រក្សា​កាសែត​ចម្រៀង​អាយ៉ៃ ល្ខោន​បាសាក់​ជាង​៥០​ឆ្នាំ មាន​ទាំង​កប់​ទុក​ក្នុង​ដី​ទៀត

  • 2020-08-28 07:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​គួរ​ចាប់​អារម្មណ៍​បាន​កើត​ឡើង​លើ​បណ្ដាញ​សង្គម​រសៀល​នេះ នោះ​ក៏​ព្រោះ​តែ​មាន​បុរស​ចំណាស់​កម្ពុជា​ម្នាក់ ដែល​ជា​អ្នក​សិល្បៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​ងប់ងុល បាន​តស៊ូ​រក្សា​កាសែត​ចម្រៀង​អាយ៉ៃ ល្ខោនបាសាក់ អស់​រយៈ​ពេល ជាង​៥០​ឆ្នាំ ដោយ​មាន​ទាំង​ការ​កប់​ទុក​ក្នុង​ដី​ទៀត។

បុរស​រូប​នេះ ទើប​ទើប​តែ​យក​មក​ប្រគល់​ជូន​ដល់ "ក្រុម​ព្រះសុរិយា" ថ្មី​ៗដើម្បី​រក្សា​ទុក​បន្ត​។ ក្រុម​ព្រះសុរិយា ដែល​ជា​ក្រុម​ស្រាវជ្រាវ​រក​ឯកសារ​សិល្បៈ វប្បធម៌​ខ្មែរ​ពី​បុរាណ​កាល​មក​រក្សា​ទុក​នោះ បាន​បញ្ចេញ​ដំណឹង​នេះ ទុក​ជា​ការ​ដឹង​គុណ​ដល់​បុរស​ខ្មែរ​វ័យ​ចំណាស់​រូប​នោះ។ តាម​ក្រុម​នេះ​ដដែល​បាន​ឲ្យ​ដឹង​ថា បុរស​ខ្មែរ​វ័យ​ចំណាស់​រូប​នោះ​មាន​ឈ្មោះ​ថា យី សារ៉ាយ អាយុ ៨១​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក យី សារ៉ាយ បាន​យក​មក​ប្រគល់​ជូន​ថាស​ចម្រៀង​ អាយ៉ៃ​ ល្ខោន​បាសាក់​ រួម​ទាំង​កាសែត​ជាង​៤០ដុំ​ មក​កាន់​ក្រុម​ព្រះ​សុរិយា​ដើម្បី​រក្សា​ទុក​បន្ត ដែល​ឯកសារ​អំពី​សិល្បៈ​វប្បធម៌​ទាំង​នេះ លោក យី សារ៉ាយ បាន​រក្សា​ទុក តាំង​ពី​មុន​របប​អាវ​ខ្មៅ​ប្រល័យ​ពូជសាសន៍​ខ្លួន​ឯង មក​ដល់​នៅ​​ឆ្នាំ ១៩៧៥។ គិត​មក​ដល់ពេល​នេះ ឯកសារ​ដែល​មាន​ថាស និង​កាសែត​ចម្រៀង​អាយ៉ៃ និង​ល្ខោន​បាសាក់​ទាំង​នេះ មាន​អាយុ​កាល​ជាង ៥០​ឆ្នាំ​មក​ហើយ។

ក្រុម​ព្រះសុរិយា បាន​អះអាង​ថា ឯកសារ​នេះ​លោក យី សារ៉ាយ បាន​កប់​ឯកសារ​ទាំង​នោះ​លាក់​ទុក​នៅ​ក្នុង​ដី​ នៅ​កំឡុង​ពេល​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​។ ក្រោយថ្ងៃ៧​ មករា​ លោក​តា​ក៏​បាន​គាស់​ឯកសារ​នោះ​ឡើង​មក​វិញ​ហើយ​យក​មក​រក្សា​ទុក​យ៉ាង​ត្រឹម​ត្រូវ​រហូត​មក​បច្ចុប្បន្ន ដោយ​ទើប​តែ​ចុង​ក្រោយ​នេះ លោក​តា​បាន​សម្រេច​យក​មក​ប្រគល់​ជូន​ក្រុម​ព្រះសុរិយា​ថ្មី​ដើម្បី​ថែ​រក្សា​បន្ត។

រូបភាព៖ ទំព័រ​ហ្វេសប៊ុក​ក្រុម​ព្រះសុរិយា

ដោយ​ដាក់​ចំណង​ថា "ជាង​៥០​ឆ្នាំ​នៃ​ការ​រក្សា​ទុក​ ក្រោម​ភ្លើង​សង្គ្រាម" ក្រុម​ព្រះ​សុរិយា សរសេរ​ថា "ក្រុម​ព្រះសុរិយា​ទាំង​មូល​ មាន​ក្តី​រីករាយ​ឥតឧបមា និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកតា​ យី​ សារ៉ាយ​ អាយុ៨១​ឆ្នាំ​ សព្វ​ថ្ងៃ​រស់​នៅ​ទឹក​ដី​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​បាន​ប្រគល់​ថាស​ចម្រៀង​ អាយ៉ៃ​ ល្ខោន​បាសាក់​ រួម​ទាំង​កាសែត​ជាង​៤០​ដុំ​ មក​កាន់​ក្រុមព្រះ​សុរិយា​ដើម្បី​រក្សា​ទុក​បន្ត​...ក្រុម​ព្រះសុរិយា​ សូម​ជូនពរ​លោកតា​អោយ​មាន​សុខភាព​ល្អ​ អាយុ​យឺនយូរ"៕

អត្ថបទ៖ ទារិកា

មតិយោបល់