• 2020-10-16 07:39:45
  • ចម្រៀង

ទី​បំផុត​បទ​ទី​១​របស់​ប្អូន​ជីទួត​មួយ ខេមរៈ សិរីមន្ត បាន​ចេញ MV ផ្លូវ​ការ​ស្រេច!

  • 2020-10-16 07:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

កញ្ញា អ៊ិត ជូលីណា មាន​វ័យ ១៩​ឆ្នាំ ដែល​គេ​ស្គាល់​ថា​ជា​ប្អូន​ស្រី​ជីដូន​មួយ​របស់​លោក ខេមរៈ សិរីមន្ត បាន​ហក់​មក​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង​ដោយ​បាន​ទាំង​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ថែម​ទៀត​កាល​ពី​សប្ដាហ៍​មុន។ ឥឡូវ​នេះ​ទៀត កញ្ញា បាន​បញ្ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​ហើយ។

វីដេអូ​ចម្រៀង​ផ្លូវ​ការ​របស់​បទ "ចង់​ជួប​មនុស្ស​ស្មោះ" ជា​បទ​ទី​១​របស់ ជូលីណា ត្រូវ​បាន​គេ​ឃើញ​ចេញ​នៅ​លើ​យូធូប​កាល​ពី​ថ្មី​ៗ​នេះ ដោយ​នៅ​ក្នុង​នោះ ក្រៅ​ពី​ចម្រៀង យុវតី​វ័យ ១៩​ឆ្នាំ ក៏​បាន​ចូល​រួម​សម្ដែង​ខ្លួន​ឯង​តែ​ម្ដង​ដែរ។ ត្បិត​ថា មិន​បង្ហាញ​នូវ​ការ​ហក់​លោត​ខ្លាំង ប៉ុន្តែ​វីដេអូ​ចម្រៀង​មួយ​នេះ ទទួល​បាន​ការ​គាំទ្រ​គួរ​សម​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ដោយ​ពួក​គេ​លើក​ឡើង​ថា បទ​នេះ ពីរោះ​ៗ ដូច​ៗ​គ្នា។

កញ្ញា អ៊ិត ជូលីណា ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ ក្រោយ​ពី​នាង​​ឧស្សាហ៍​ឃើញ​ច្រៀង​ ​COVER បទ​ចម្រៀង​មួយ​ចំនួន បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក Khemarak Sereymun ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់ ថា​នាង​ជា​នរណា និង​ត្រូវ​ជា​អ្វី​នឹង​ជាមួយ​តារា​ប្រុស​ជួរ​មុខ​របស់​ហង្សមាស? ទើប​អាច​ប្រើ​ប្រាស់​ទំព័រ​ហ្វេសប៊ុក​របស់​លោក សិរីមន្ត បាន​តាម​ចិត្ត​បែប​នេះ?។

បន្ទាប់​ពី​នោះ ក៏​ស្រាប់​តែ​មាន​ការ​ទម្លាយ​ពី​អ្នក​ជិត​ស្និទ្ធ​នឹងកញ្ញា​ថា តាម​ពិត ជូលីណា គឺជា​បង​ប្អូន​ជីទួត​មួយ របស់​លោក ខេមរៈ សិរីមន្ត តារា​ចម្រៀង​ហង្សមាស ក្នុង​នោះ គឺ​ម្ដាយ​របស់ កញ្ញា អ៊ិត ជូលីណា និង​ឪពុក​​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ត្រូវ​ជា​ជីដូនមួយ​នឹងគ្នា។ ដូច្នេះ​នាំ​ឲ្យ​ពួក​គេ​ទាំង​ពីរ ត្រូវ​​ជា​បង​ប្អូន​ជីទួត​មួយ​នឹង​គ្នា។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ទាំង​ពីរ​រាប់​អាន​គ្នា​ណាស់ ដូច្នេះ​ហើយ ចំពោះ​ការ​ហក់​មក​ចូល​ប្រឡូក​សិល្បៈ​ដោយ​មិន​ចាំ​បាច់​ឆ្លង​ការ​ប្រឡង​ណា​មួយ​នេះ គឺ​ពិត​ជា​មាន​ការ​ជ្រោមជ្រែង ពី​តារា​ប្រុស អីចឹង​ហើយ ទើប​គេ​ឃើញ យុវតី អាច​ប្រើ​ប្រាស់​ទំព័រ​ហ្វេសប៊ុក​របស់​លោក សិរីមន្ត បាន និង​ថែម​ទាំង​អាច​ផលិត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ថែម​ទៀត​ដូច្នេះ។

យ៉ាង​ណា បញ្ហា​នេះ សាមី​ខ្លួន​ទាំង​ពីរ មិន​ទាន់​ឃើញ​ចេញ​ស្រាយ​បញ្ជាក់​នៅ​ឡើយ។ តោះ...ឥឡូវ​ទៅ​មើល MV បទ "ចង់​ជួប​មនុស្ស​ស្មោះ" ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម